កម្ពុជា បដិសេធ ថា មិនពាក់ព័ន្ធ ការបាញ់សម្លាប់ មេបាតុករ ថៃ
មន្ត្រីនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក កុយ គួង បានហៅការចោទប្រកាន់របស់លោក ស៊ូថេប ថងស៊ូបាន ថាជាការមិនពិត ហើយជាការចោទប្រកាន់ដោយងងើល៖ «ខ្ញុំសុំធ្វើការបដិសេធយ៉ាងដាច់អហង្ការនូវព័ត៌មានដែលលើកឡើងពីសម្ដីដ៏ឆ្កួតលីលារបស់លោក ស៊ូថេប ថងស៊ូបាន ដែលជាមេបាតុករប្រឆាំងរដ្ឋាភិបាលថៃបច្ចុប្បន្ន ដែលលើកឡើងថា ការបាញ់សម្លាប់បាតុករប្រឆាំងរដ្ឋាភិបាលថៃ កាលពីម្សិលមិញហ្នឹង ខ្មាន់កាំភ្លើងអាចពលរដ្ឋខ្មែរនោះ។ ខ្ញុំសុំធ្វើការបដិសេធយ៉ាងដាច់អហង្ការ»។
ប្រតិកម្មរបស់មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា គឺបន្ទាប់ពីកាសែតអនឡាញថៃ ឈ្មោះ អឹមខូត (MCOT) ស្រង់សម្ដីរបស់មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ គឺលោក ស៊ូថេប ថងស៊ូបាន នៅថ្ងៃទី២៧ មករា ដែលប្រាប់ក្រុមបាតុកររបស់លោកនៅតំបន់ប៉ាធុមវ៉ាន់ (Pathumwan) ថា ខ្មាន់កាំភ្លើងបាញ់សម្លាប់មេដឹកនាំបាតុកម្មថៃមួយរូប អាចគេជួលពីអង្គភាពយោធាពិសេសកម្ពុជា។
លោក កុយ គួង ថ្លែងថា ការចោទប្រកាន់កម្ពុជាពេលនេះ គឺជាលើកទីពីរហើយ ដែលលើកទីមួយ នៅថ្ងៃទី ២២ មករា មេទាហានជើងទឹកថៃមួយរូប បានចោទប្រកាន់ថា មានការដឹកពលរដ្ឋខ្មែរទៅចូលរួមធ្វើបាតុកម្មមួយ ប្រឆាំងនឹងបាតុករ ដែលកំពុងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នៅក្រុងបាងកក ប្រទេសថៃបច្ចុប្បន្ន។ ការចោទប្រកាន់នោះត្រូវបានបដិសេធវិញ។
លោក កុយ គួង ថ្លែងថា៖ «នៅថ្ងៃទី ២២ (មករា) នោះ ក្រសួងការបរទេសខ្លួនឯង ក៏បានចេញមកបកស្រាយបដិសេធជាផ្លូវការថា ព័ត៌មានដែលថា គេដឹកពលរដ្ឋខ្មែរចូលទៅធ្វើបាតុកម្មនៅទីក្រុងបាងកកនោះ ជាព័ត៌មានមិនពិត»។
លោកថ្លែងបញ្ជាក់ថា ពលរដ្ឋកម្ពុជា មិនបានពាក់ព័ន្ធនឹងការបាញ់សម្លាប់បាតុករដែលកំពុងប្រឆាំងរដ្ឋាភិបាលអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ទេ ហើយក៏មិនបានចូលរួមធ្វើបាតុកម្ម នៅប្រទេសថៃដែរ។
លោកឱ្យដឹងថា ស្ថានទូត កម្ពុជាប្រចាំក្រុងបាងកក និងស្ថានកុងស៊ុល ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានណែនាំដល់ពលករកម្ពុជាជាប្រចាំ ឱ្យចេញឆ្ងាយពីបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃនោះ។ ក្រៅពីនេះ ក៏មានក្រុមហ៊ុននាំពលករទៅធ្វើការនៅប្រទេសថៃមួយចំនួន បានណែនាំដល់ពលករកម្ពុជាដូចគ្នា។ លោកអំពាវនាវដល់ពលករឱ្យប្រកាន់ខ្ជាប់ការណែនាំទាំងនេះ៕
No comments:
Post a Comment