Paris Peace Accords 23 Oct. 1991

Friday, January 10, 2014

សហជីព​ តំណាង​កម្មករ​ អះអាង​ ថា​ នៅ​តែ​បន្ត​ ទាមទារ​ ដំឡើង​ប្រាក់​ខែ​ ១៦០​ដុល្លារ

សហជីព​ តំណាង​កម្មករ​ អះអាង​ ថា​ នៅ​តែ​បន្ត​ ទាមទារ​ ដំឡើង​ប្រាក់​ខែ​ ១៦០​ដុល្លារ

តំណាង​ សហជីព​កម្មករ​ មួយ​ចំនួន បាន​ប្រកាស​ថា ពួក​គេ​មិន​បាន​ ទទួល​ដីកា​កោះ​ របស់​ តុលាការ​ ទាក់ទង​ការ​ចោទ​ថា ​ញុះញង់​ កម្មករ​ ឲ្យ​ធ្វើ​កូដកម្ម​ទេ ហើយ​ពួក​គេ​ បាន​អះអាង​ថា ការ​ទាមទារ​ប្រាក់​ខែ​អប្បបរមា ១៦០​ដុល្លារ​ ក្នុង​មួយ​ខែ​ សម្រាប់​ កម្មករ​កាត់​ដេរ នៅ​តែ​បន្ត​ទៅ​ទៀត។
ដោយ កែវ និមល / វិទ្យុអាស៊ីសេរី | ១០ មករា ២០១៤ 
កម្មករ បាតុកម្ម ៦១០
កម្មករ​បើក​បដា​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon
តំណាង​សហជីព​កម្មករ​មួយ​ចំនួន​ដែល​ថៅកែ​រោងចក្រ​ចោទ​ថា ជា​អ្នក​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ បាន​ឲ្យ​ដឹង​ថា ការ​តស៊ូ​ទាមទារ​ប្រាក់​ខែ​នៅ​តែ​បន្ត​ធ្វើ មិន​មែន​ចប់​ត្រឹម​ការ​បាញ់​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​នោះ​ទេ។ តំណាង​សហជីព​កម្មករ​ទាំង​នោះ បាន​ទាមទារ​ឲ្យ​ដោះ​លែង​កម្មករ​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ទៀត​ផង។
លោកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ មករា ថា លោកស្រី​មិន​បាន​ទទួល​ដីកា​កោះ​ហៅ​ពី​តុលាការ​ក្រុង ទាក់ទង​រឿង​បាតុកម្ម និង​កូដកម្ម​របស់​កម្មករ​កាត់​ដេរ​ទេ។ ប៉ុន្តែ លោកស្រី​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពេល​មាន​អាជ្ញាធរ​ដែល​មាន​ទាហាន​ចូល​រួម​ផង បាន​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​កម្មករ​តាម​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា កន្លង​មក៖ «ខ្ញុំ​អត់​បាន​ទទួល​លិខិត​ពី​តុលាការ​ទេ តែ​ខ្ញុំ​បាន​ឃើញ​តាម​ទូរទស្សន៍​ថា ខាង​សមាគម​កាត់​ដេរ​គេ​ដាក់​ពាក្យ​ប្ដឹង។ បើ​និយាយ​ពី​ផ្លូវ​ច្បាប់ យើង​អត់​បារម្ភ​ទេ។ ប៉ុន្តែ​យើង​ឃើញ​ថា ខាង​រដ្ឋាភិបាល​នោះ​ប្រើ​មនុស្ស​ពាល​សាហាវ​នេះ យើង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ដែរ»
លោកស្រី ម៉ម ញឹម និង​អ្នក​ដឹក​នាំ​សហជីព​កម្មករ​ផ្សេង​ទៀត បាន​ឲ្យ​ដឹង​ថា ការ​តស៊ូ​ទាមទារ​ប្រាក់​ខែ​នៅ​តែ​បន្ត​ទៀត បើ​សិន​ជា​កម្មករ​មិន​ទាន់​បាន​ទទួល​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ ដូច​ការ​ចង់​បាន ដើម្បី​ទប់ទល់​ជាមួយ​ថ្លៃ​ទំនិញ​ដែល​ឡើង​ជានិច្ច​នោះ៖ «យើង​នៅ​តែ​ទាមទារ​ដដែល។ ឥឡូវ​នេះ យើង​ឲ្យ​កម្មករ​គាត់​ផ្អាក​ចូល​ធ្វើ​ការ​សិន ដើម្បី​គាត់​បើក​លុយ​សិន។ ហើយ​យ៉ាង​ណា​នោះ យើង​នឹង​ប្រជុំ​ជាមួយ​សហព័ន្ធ​ទាំង​៩ ដើម្បី​ជជែក​គ្នា​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៀត»
ចំណែក​លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា មាន​ប្រសាសន៍​ថា បើ​ពិនិត្យ​តាម​ផ្លូវ​ច្បាប់ លោកស្រី​បំពេញ​ការងារ​ក្នុង​នាម​សហជីព​ការពារ​ប្រយោជន៍​កម្មករ គឺ​ពុំ​មាន​ខុស​ច្បាប់​ឡើយ។ លោកស្រី​បាន​ឲ្យ​ដឹង​ថា លោកស្រី​ត្រៀម​ខ្លួន​ចូល​ទៅ​ឆ្លើយ​នៅ​តុលាការ បើ​សិន​ជា​មាន​ការ​កោះ​ហៅ​ទៅ​បំភ្លឺ៖ «ខ្ញុំ​រីករាយ និង​ស្វាគមន៍​ទៅ។ ខ្ញុំ​គិត​ថា អត់​បាន​ធ្វើ​អី​ខុស​ទេ។ ខ្ញុំ​គិត​ថា គ្រាន់​តែ​គាំពារ​កម្មករ​ឲ្យ​ចេះ​ប្រើ​សិទ្ធិ​របស់​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​រស់​នៅ​សមរម្យ ហើយ​ចោទ​ប្រកាន់​សហជីព ចំណុច​នេះ​ខ្ញុំ​មិន​ខុស​ឆ្គង​ទេ»
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា លោក​មិន​មាន​ការ​បារម្ភ​ឡើយ​ចំពោះ​ការ​ប៉ុនប៉ង​ធ្វើ​ការ​ចោទ​ប្រកាន់​ចំពោះ​អ្នក​ដឹក​នាំ​សហជីព​កម្មករ ពីព្រោះ​ការងារ​សហជីព​តែងតែ​ប្រឈម​ជាមួយ​ថៅកែ​ជា​ធម្មតា។ លោក​ថ្លែង​ថា បើ​ថៅកែ​ឲ្យ​ប្រាក់​ខែ​កម្មករ​ទាប ចាយ​មិន​គ្រប់​នោះ វា​បណ្ដាល​ឲ្យ​កម្មករ​គ្មាន​កម្លាំង​ចិត្ត​ធ្វើ​ការ ហើយ​ផលិតផល​បាន​តិច​ទៅ​តាម​នោះ​ដែរ។ លោក ជា មុនី បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះ​លែង​កម្មករ​ដែល​កំពុង​ជាប់​ឃុំ និង​រងគ្រោះ​ដោយសារ​ការ​បង្ក្រាប​ដោយ​ហិង្សា៖ «អ្នក​ទាំងអស់​នោះ មិន​មាន​ពាក់ព័ន្ធ​ជាមួយ​អំពើ​ហិង្សា​ទេ។ ការ​ចាប់ គឺ​ជា​ការ​ព្រមាន។ តែ​យើង​នៅ​តែ​ទទូច​ថា សន្តិភាព យុត្តិធម៌ ត្រូវ​តែ​ផ្តល់​ឲ្យ​ពួក​គាត់។ អ៊ីចឹង ត្រូវ​តែ​មាន​ការ​ដោះ​លែង​ដោយ​មិន​មាន​បទ​ចោទ ហើយ​ការ​ចាប់​មក​លើ​អ្នក​ដឹក​នាំ​សហជីព និង​សមាគម​នានា មិន​មែន​ជា​ដំណោះស្រាយ​ទេ»
ចំណែក លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា មាន​ប្រសាសន៍​ថា ការងារ​សហជីព គឺ​ជួយ​កម្មករ។ ដូច្នេះ លោក​យល់​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ។ លោក អាត់ ធន់ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៦ មករា សហជីព​ទាំងអស់​បាន​អំពាវនាវ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ ដើម្បី​បញ្ចប់​ការ​ប្រឈម​មុខ​នឹង​ការ​បង្ក្រាប​ដោយ​ប្រើ​អំពើ​ហិង្សា ហើយ​ការ​ទាមទារ​ឡើង​ប្រាក់​ខែ​នៅ​តែ​បន្ត ដើម្បី​លើក​ស្ទួយ​ជីវភាព​កម្មករ។
លោក អាត់ ធន់ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ ដើម្បី​រក​ឲ្យ​ឃើញ​ជន​ដៃ​ដល់​ដែល​បាន​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ និង​ដោះ​លែង​កម្មករ ដែល​ត្រូវ​ចាប់​ខ្លួន​ដោយសារ​តវ៉ា​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ៖ «ជាទូទៅ​ពេល​នោះ យើង​អំពាវនាវ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​សិន ពីព្រោះ​ពេល​នោះ សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​មិន​ឲ្យ​ធ្វើ​ត​ទៅ​ទៀត​ទេ។ អ៊ីចឹង យើង​មិន​ចង់​ប្រឈម។ ទី​២ អំពើ​ហិង្សា​កើត​ឡើង​ថ្ងៃ​ទី​២ ទី​៣ នេះ គឺ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស និង​មាន​ការ​ចាប់​ខ្លួន។ អ៊ីចឹង យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​រឿង​នេះ ដើម្បី​រក​អ្នក​ដៃ​ដល់ និង​នៅ​ពី​ក្រោយ​នោះ យក​ទៅ​ដាក់​ទោស​តាម​ច្បាប់។ ហើយ​ពួក​អ្នក​ជាប់​ឃុំ​នោះ ត្រូវ​តែ​ដោះ​លែង​ដោយ​គ្មាន​លក្ខខណ្ឌ»
ប៉ុន្តែ លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​មាន​ប្រសាសន៍​ថា តំណាង​សហជីព​កម្មករ​ទាំងអស់​នោះ​មិន​អាច​និយាយ​យក​រួច​ខ្លួន​បាន​ឡើយ។ លោក​បាន​ទាមទារ​ឲ្យ​សហជីព​ចំនួន​៥ និង​សមាគម​មួយ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​រោងចក្រ​នានា និង​ការ​ខាត​បង់​ផលិតកម្ម​ទំនិញ ដោយសារ​មាន​កូដកម្ម​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​កន្លង​មក។ លោក​ចោទ​ថា កូដកម្ម​បាតុកម្ម​របស់​កម្មករ​នោះ គឺ​ហិង្សា។ តាម​ការ​ប្រកាស​របស់​សមាគម​រោងចក្រ​កាត់​ដេរ ការ​ខូច​ខាត​កន្លង​មក​គិត​ជា​ប្រាក់​អស់​ប្រមាណ ២០០​លាន​ដុល្លារ។ លោក វ៉ាន់ ស៊ូអៀង បាន​បន្ថែម​ឲ្យ​ដឹង​ថា សហជីព​ដែល​ដឹក​នាំ​ឲ្យ​មាន​បាតុកម្ម​តវ៉ា​នោះ គឺ​សហជីព​ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​ការ​សម្រេច​ឡើង​ប្រាក់​ខែ៖ «ពួក​គេ​មិន​មែន​ធ្វើ​បាតុកម្ម​គោរព​ច្បាប់​ទេ។ គាត់​ធ្វើ​ហិង្សា​វាយ​គេ បាន​គេ​ចេញ​កម្លាំង​មក​ការពារ។ បើ​អត់​ការពារ​រោងចក្រ​គេ​បិទ»
កាល​ពី​ថ្ងៃ​ទី​៣១ ធ្នូ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​មួយ ឲ្យ​ដឹង​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ និយោជិត ផ្នែក​វាយនភណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែក​ជើង​ត្រូវ​ដំឡើង​ពី ៨០​ដុល្លារ​សហរដ្ឋ​អាមេរិក ទៅ ១០០​ដុល្លារ​ក្នុង​១​ខែ សម្រាប់​ឆ្នាំ​២០១៤ បន្ថែម​លើ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​មាន​ស្រាប់។ ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ កុម្ភៈ ត​ទៅ។
ប្រភព​អង្គការ​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ប៉ះ​ទង្គិច និង​បង្ក្រាប​កូដកម្ម​បាតុកម្ម​កម្មករ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា កន្លង​មក រវាង​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​កម្មករ បាន​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ របួស​កម្មករ​ជិត ៤០​នាក់ របួស​កម្លាំង​ប្រដាប់​អាវុធ​ជាង ២០​នាក់ និង​មាន​មនុស្ស​ចំនួន ២៣​នាក់​បាន​ត្រូវ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន៕


No comments:

Post a Comment