វិភាគ៖ លោក សម រង្ស៊ី និងលោក កឹម សុខា អាចប្រឈម នឹងការឃុំខ្លួន អំទ្បុង ការបំភ្លឺ នៅតុលាការទេ?
ដោយ៖ ដួង សុខា / វិទ្យុ វីអូឌី | ថ្ងៃសុក្រ ទី10 ខែមករា ឆ្នាំ2014
លោកសម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ (រូបភាពដោយ តាត ឧត្តម)
នៅព្រឹកថ្ងៃទី១៤ ខែមករា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា នឹងត្រូវទៅបំភ្លឺនៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌស្តីពីការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ដីកាកោះចំនួនពីរ ចុះហត្ថលេខានៅថ្ងៃទី៣ ខែមករា ដោយព្រះរាជអាជ្ញារង លោក ហៀង សុភក្ត្រ ដែលមានអត្ថន័យដូចគ្នា ក៏ណែនាំឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា យកលិខិត ឬឯកសារផ្សេងៗ ដែលទាក់ទិននឹងរឿងនេះមកជាមួយ ប្រសិនបើសាមីខ្លួនមាន។
ការកោះហៅមេដឹកនាំគណបក្សប្រឆាំងទាំងពីរមកសាកសួរ ធ្វើទ្បើងនៅថ្ងៃតែមួយ ក្រោយពីកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងកម្លាំងសមត្ថកិច្ច បានផ្ទុះហិង្សាដាក់គ្នា នៅលើដងផ្លូវវ៉េងស្រេង អំទ្បុងបាតុកម្មរបស់កម្មករទាមទារដំទ្បើងប្រាក់ឈ្នួលអប្បបរមាពី៨០ដុល្លារអាមេរិកដល់១៦០ដុល្លារអាមេរិក ក្នុងមួយខែ។ សមត្ថកិច្ចបានបង្ក្រាបការតវ៉ានេះ ដោយធ្វើឲ្យបាតុករយ៉ាងតិច៥នាក់បាត់បង់ជីវិត ប្រមាណ៤០នាក់រងរបួស និងមួយចំនួនទៀតត្រូវបានចាប់ខ្លួន។
មុនមួយថ្ងៃនៃព្រឹត្តិការណ៍នេះ កងទ័ពពិសេសឆ័ត្រយោង៩១១ បានបង្ក្រាបទៅលើបាតុកម្មកម្មករ នៅខាងមុខរោងចក្រយ៉ាកជីន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងធ្វើឲ្យបាតុកររងរបួស និងចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស២៣នាក់។
(កម្លាំងសមត្ថកិច្ច ការពារកាលពីការប៉ះទង្គិច និងចាប់ខ្លួនមនុស្ស១៣នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស/ញឹម សុខន)
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍន៍សង្គម លោក កែម ទ្បី គិតថា លោក សម រង្ស៊ី និងលោក កឹម សុខា អាចប្រឈមនឹងការឃុំខ្លួន ពីព្រោះដំណើររឿងនេះគឺជារឿងនយោបាយនៅពីក្រោយ ដើម្បីដាក់សម្ពាធឲ្យគណបក្សសង្គ្រោះជាតិ ទទួលយកអាសនៈរដ្ឋសភា <<តុលាការគេឃាត់ខ្លួន ឃុំខ្លួនវាជាការជោគជ័យបំផុតសម្រាប់គណបក្សសង្គ្រោះជាតិ ហើយវាជាការបរាជ័យទាំងស្រុងសម្រាប់គណបក្សប្រជាជន។ ដោយសារតែជារឿងមួយដែលមិនអាច លាក់កម្បាំង អ្នកណាខុស អ្នកណាត្រូវ។ លើកលែងតែយើងប្រើប្រាស់អំណាច លើកលែងតែយើងយករឿងនេះធ្វើការនយោបាយ>>។
លោក វិភាគថា ប្រសិនបើមេដឹកនាំទាំងពីរត្រូវបានចាប់ខ្លួន ប្រជាពលរដ្ឋទូទាំងប្រទេសនឹងមិនតវ៉ាទេ ប៉ុន្តែពួកគាត់កាន់តែឃើញភាពសាហាវរបស់រាជរដ្ឋាភិបាល ហើយសហគមន៍អន្តរជាតិ ក៏ប្រតិកម្មផងដែរ <<សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងសម្ព័ន្ធសហរដ្ឋអាមេរិក និងអង្គការសហប្រជាតិ មិនមែនប្រតិកម្មតែសេចក្តីថ្លែងការណ៍ មិនមែនប្រតិកម្មតែព្រមានពាក្យសម្តីទេ នឹងមានជាបន្តបន្ទាប់ទៀតសម្រាប់ស្ថានការណ៍បែបនេះ>>។
លោកគិតថា តុលាការគួរតែកោះហៅកម្លាំងសមត្ថកិច្ច រួមមាននគរបាល កងរាជអាវុធហត្ថ និងយោធា កម្មករ សាក្សី មកសាកសួរវិញ។ តុលាការមិនត្រូវកោះហៅមេដឹកនាំទាំងពីរមកសាកសួរទេ។
លោក យល់ថា ការបង្ក្រាបទៅលើបាតុករកន្លងមក គ្រាន់តែជាលេសមួយដើម្បីយកពេលវេលារៀបចំអបអរទិវាជ័យជម្នះ៧មករា លើរបបប៉ុលពតឲ្យគគ្រឹកគគ្រេង និងទទួលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី១២ ខែមករានេះ ប៉ុណ្ណោះ។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានចេញសេចក្តីថ្លែងការណ៍ ចោទគណបក្សសង្គ្រោះជាតិថា ជាអ្នកញុះញង់ឲ្យមានអំពើហិង្សាទាំងនេះ។
មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ចែងថា អ្នកប្រព្រឹត្តអំពើញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១០០០០០០រៀល ទៅ៤០០០០០០រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។
អ្នកវិភាគនយោបាយ លោក សុខ ទូច យល់ថា តាមផ្លូវច្បាប់ ដោយសារតែថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីររូប មិនទាន់មានអភ័យឯកសិទ្ធិសភា ដូច្នេះតុលាការអាចចេញដីកាឃុំខ្លួន។ ប៉ុន្តែ ទាក់ទងបញ្ហានយោបាយវិញ លោកថា ប្រសិនបើគណបក្សសង្គ្រោះជាតិព្រមទទួលយកអាសនៈសភា៥៥ និងចូលប្រជុំរដ្ឋសភា តុលាការមិនអាចធ្វើបានទ្បើយ ដោយសារតែការព្យួរអភ័យឯកសិទ្ធិតំណាងរាស្ត្រត្រូវការសំទ្បេង៨២លើ១២៣ ខណៈគណបក្សកាន់អំណាចមានតែ៦៨អាសនៈ <<សភាបច្ចុប្បន្ន នៅពេលកម្ពុជា[នយោបាយ]កំពុងតែជាប់គាំង គណបក្សប្រជាជន ឬតុលាការនៅកម្ពុជា មិនត្រូវប្រើប្រាស់ប្រព័ន្ធតុលាការជាដំណោះស្រាយទេ ទី១។ ទី២ គណបក្សសង្គ្រោះជាតិ ក៏មិនត្រូវប្រើប្រាស់ប្រព័ន្ធតុលាការ ICC សម្រាប់ស៊ើបអង្កេតនេះដែរ។ យើងបញ្ចប់ដោយឆន្ទៈនយោបាយ ហើយយើងដោះស្រាយនយោបាយឲ្យចប់សិន ទើបយើងឈានទៅរកតុលាការ ដូចរឿងខ្មែរក្រហមអញ្ចឹង>>។
លោក វិភាគថា ប្រសិនបើមេដឹកនាំគណបក្សប្រឆាំងត្រូវបានចាប់ខ្លួននោះ គណបក្សប្រជាជនកម្ពុជាកំពុងធ្វើនយោបាយអត្តឃាត ហើយប្រទេសកម្ពុជានឹងវិលត្រទ្បប់ទៅរករបបកុម្មុយនីស្ត <<មូលហេតុព្រោះមានបក្សតែមួយ ហើយបែកបាក់បក្សអស់ហើយ ខ្ញុំជឿជាក់ថា មិនបាច់ប្រជាជនកម្ពុជាបះបោរ ក៏វាស្លាប់ខ្លួនឯងដោយសារសេដ្ឋកិច្ច ពីព្រោះយើងដឹងហើយសហគមន៍អឺរ៉ុប មិនអាចបើកទីផ្សារកាត់ដេរ ៧០០០០០នាក់ នឹងអត់មានការងារ សហរដ្ឋអារិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ញូហ្សឺឡែន។ គ្រាន់តែអឺរ៉ុបនោះ មិនគាំទ្រ យើងមិនអាចយកប្រទេសវៀតណាម ប្រទេសចិន មកចិញ្ចឹមខ្លួនបានទេ>>។
ទោះយ៉ាងណា លោក គិតថា តុលាការមិនអាចចេញដីកាឃុំខ្លួនមេដឹកនាំទាំងពីរទេ ពីព្រោះអ្នកនយោបាយទាំងពីរមានប្រជាពលរដ្ឋជាង២០០០០០០នាក់គាំទ្រ ហើយគណបក្សកាន់អំណាច ក៏មិនធ្វើនយោបាយអត្តឃាតដែរ។
ចំណែក នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់និកហ្វិច(Nicfec) លោក ហង្ស ពុទ្ធា មានប្រសាន៍ថា ប្រព័ន្ធតុលាការមិនឯករាជ្យ ដោយបម្រើឲ្យគណបក្សនយោបាយ ដូច្នេះ ការកោះហៅនេះមិនត្រឹមត្រូវនោះទេ។ លោកថា តុលាការដាក់បន្ទុកតែទៅលើជនរងគ្រោះ ដោយមិនបានដាក់បន្ទុកទៅលើជនដៃដល់ប្រើហិង្សា និងបាញ់ទៅលើបាតុករ។
កាលពីថ្ងៃទី៩ ខែមករា គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី នឹងចូលរួមសង្កេតការណ៍ ករណីចោទប្រកាន់លើលោក សម រង្ស៊ី និងលោក កឹម សុខា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រាប់VOD ថា លោកមិនព្រួយបារម្ភថានឹងមានការឃុំខ្លួនលោកទ្បើយ ពីព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ និងមិនដែលប្រកាសឲ្យបាតុករប្រើអំពើហិង្សាម្តងណាទ្បើយ <<តុលាការ គឺមិនឯករាជ្យ មិនត្រឹមត្រូវ។ រឿងអ្វី អ្នកដែលបាញ់ ម្ត៉េចមិនកោះហៅ? ទាំងអស់គ្នាដឹងថាអាជ្ញាធរ សមត្ថកិច្ចរដ្ឋាភិបាល អ្នកបាញ់កម្មករ អ្នកណាក៏ដឹងដែរ។ ម្ត៉េចមិនហៅអ្នកដែលបាញ់ប្រហារនោះទេ? ឲ្យព្រះរាជអាជ្ញា ឆ្លើយមកខ្ញុំវិញ។ ហើយបើព្រះរាជអាជ្ញាចង់ដឹងខ្ញុំឆ្លើយវិញ ខ្ញុំនឹងបង្ហាញភស្តុតាងទៅព្រះរាជអាជ្ញាថា ពួកសមត្ថកិច្ចអ្នកបាញ់ មាននៅក្នុងហ្វេសប៊ុក មាននៅក្នុងរូបថត គ្រប់កន្លែងទាំងអស់>>។
លោក ចាត់ទុកថា ការកោះហៅរបស់តុលាការជារឿងនយោបាយ ដើម្បីដាក់សម្ពាធឲ្យគណបក្សសង្គ្រោះជាតិ វិលមកតុចរចាវិញ។ លោកថា ប្រជាពលរដ្ឋនឹងឈឺចាប់ ហើយមិនសុខចិត្តឲ្យមានការចាប់ខ្លួនមេដឹកនាំដែលគាំទ្រផលប្រយោជន៍ខ្លួនទ្បើយ៕
លោក សម រង្ស៊ី និងលោក កឹម សុខា អាចប្រឈម នឹងការឃុំខ្លួន អំទ្បុង ការបំភ្លឺ នៅតុលាការទេ?
ReplyDeleteHun Sen will not detain either Sam Rainsy or Kem Sokha, If Hun Sen and his thugs do this , they do long ago, they been doing to so many Cambodian activist like Vorn Pov, Morm Soanando but not to Sam Rainsy and Kem Soka if they do it difference impact on CPP.