Paris Peace Accords 23 Oct. 1991

Wednesday, January 15, 2014

លោក ខៀវ កាញារីទ្ធ៖ បក្ស​ប្រជាជន​ កំពុង​ពិចារណា​ សំណើ​ បក្ស​សង្គ្រោះ​ជាតិ

ខៀវ កាញារីទ្ធ ៦១០
មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០១៤។ 
RFA/Tin Zakariya

លោក ខៀវ កាញារីទ្ធ៖ បក្ស​ប្រជាជន​ កំពុង​ពិចារណា​ សំណើ​ បក្ស​សង្គ្រោះ​ជាតិ

មន្ត្រី​ជាន់​ខ្ពស់​ នៃ​គណបក្ស​ ប្រជាជន​កម្ពុជា បាន​បង្ហើប​ ឲ្យ​ដឹង​ថា, គណបក្ស​ សង្គ្រោះ​ជាតិ​ បាន​ដាក់​លក្ខខណ្ឌ​ មួយ​ចំនួន​ ទៅ​គណបក្ស​ ប្រជាជន​ កម្ពុជា ដើម្បី​ ឈាន​ដល់​ការ​ចរចា​ បញ្ចប់​ជម្លោះ​ នយោបាយ​ នៅ​ពេល​ខាង​មុខ។  ក៏​ប៉ុន្តែ​ ការ​លើក​ឡើង​នេះ ត្រូវ​ បាន​ថ្នាក់ដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ បដិសេធ។

RFA | 15 Jan. 2014

មន្ត្រី​នាំ​ពាក្យ រដ្ឋាភិបាល​ និង​ជា​រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន បាន​ផ្ដល់​ បទសម្ភាសន៍ ​​​ឲ្យ​​វិទ្យុ​ អាស៊ីសេរី នៅ​ថ្ងៃ​ ទី​១៥ ខែ​មករា ថា, គណបក្ស ​ប្រជាជន​កម្ពុជា កំពុង​ពិចារណា​ លើ​លក្ខខណ្ឌ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ជូន ដើម្បី ​សម្រេច​ មុន​នឹង​ធ្វើ​ការ​ចរចា។


លោក ខៀវ កាញារីទ្ធ ជា​អ្នក​នាំ​ពាក្យ រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ថា បើ​សិន​ជា​លក្ខខណ្ឌ​នោះ មិន​លំបាក​ពេក​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​គណបក្ស​ទាំង​ពីរ​នឹង​ជួប​ចរចា​គ្នា​ក្នុង​ពេល​ឆាប់ៗ។ ក៏ប៉ុន្តែ​លោក ខៀវ កាញារីទ្ធ មិន​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​លក្ខខណ្ឌ​នោះ​មាន​អ្វី​ខ្លះ​ទេ?

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បដិសេធ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ផ្ញើ​លិខិត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ការ​ដាក់​លក្ខខណ្ឌ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ​ទេ។

ប៉ុន្តែ ​លោក កឹម សុខា បាន​បញ្ជាក់​ថា លក្ខខណ្ឌ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នៅ​តែ​រក្សា​ជំហរ​ដដែល ដូច​ដែល​គណបក្ស​នេះ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កន្លង​មក​គឺ​ គណបក្ស​សង្គ្រោះ​ជាតិ អាច​ចរចា​ទៅ​បាន​ទេ លុះ​ត្រា​ណា​រដ្ឋាភិបាល​ដោះ​លែង​មនុស្ស​ទាំង ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​បាញ់​កម្មករ និង​ប្រជាពលរដ្ឋ​ស្លាប់ ៤​នាក់ កាល​ពី​ថ្ងៃ​ទី​៣ មករា និង​បើ​ស្ថានភាព​ដូច​ដើម​វិញ ពោល​គឺ​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ដើម្បី​បញ្ចេញ​មតិ និង​បាតុកម្ម​ដូច​ដើម។

ទោះ​បី​ជា​នេះ​ក្ដី អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ចរចា​នេះ​គឺ​មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​រូប បាន​ដើរ​តួ​សម្របសម្រួល និង​យក​លក្ខខណ្ឌ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ​មុន​នឹង​ឈាន​ដល់​ការ​ចរចា។ លោក កែម ឡី បាន​ឲ្យ​ដឹង​អំពី​លក្ខខណ្ឌ​ទាំង​នោះ​ដូច្នេះ៖ «សំឡេង»។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បរាជ័យ​ក្នុង​ការ​ចរចា និង​អូស​បន្លាយ​ពេល​មក​ទល់​ពេល​នេះ បន្ទាប់​ពី​ការ​ជួប​ចរចា​គ្នា​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា។ គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​៥ វិច្ឆិកា បន្ទាប់​ពី​ការ​ចរចា​ភ្លាមៗ​ថា ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បរាជ័យ ដោយសារ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បដិសេធ​មិន​ទទួល​យក​នូវ​ការ​ស្រាវជ្រាវ​ស្វែង​រក​ការ​ពិត​ពី​ភាព​មិន​ ប្រក្រតី​ដែល​កើត​មាន​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។

ក្រោយ​ពី​បាន​បរាជ័យ​លើ​ការ​ចរចា​ចុង​ក្រោយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​បាតុកម្ម​ជា​រៀងរាល់​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ធ្នូ ដល់​ថ្ងៃ​ទី​៤ មករា ដែល​ជា​ថ្ងៃ​កងកម្លាំង​រដ្ឋាភិបាល​បាន​ចុះ​ទៅ​បង្ក្រាប​បណ្ដេញ​បាតុករ​ចេញ​ ពី​ទីលាន​ប្រជាធិបតេយ្យ​តាម​បញ្ជា​របស់​សាលា​រាជធានី​ភ្នំពេញ៕








No comments:

Post a Comment