Paris Peace Accords 23 Oct. 1991

Wednesday, January 15, 2014

ពលរដ្ឋ​ នៅ​ព្រៃវែង​ ចោទ​ក្រុមហ៊ុន​ នាំ​ពលករ​ ទៅ​ធ្វើ​ការ​ នៅ​ថៃ​ ថា​, បោក​ប្រាស់​លុយ

Village life in Prey Veng (Photo: Internet)



ពលរដ្ឋ​ នៅ​ព្រៃវែង​ ចោទ​ក្រុមហ៊ុន​ នាំ​ពលករ​ ទៅ​ធ្វើ​ការ​ នៅ​ថៃ​ ថា​, បោក​ប្រាស់​លុយ

ប្រជាពលរដ្ឋ​ នៅ​ស្រុក​ ពាមជរ និង​​ស្វាយអន្ទរ នៃ​ខេត្ត​ព្រៃវែង ត្អូញត្អែរ​ ពី​ផល​លំបាក​ របស់​ ក្រុមហ៊ុន នាំ​ពលករ ​ទៅ​ធ្វើ​ការ​ នៅ​ប្រទេស​ថៃ ទូច ម៉ាណាក់ (Tauch Manak) ដែល​ក្រុមហ៊ុន​នេះ​ បាន​យក​ប្រាក់​ ពី​ប្រជាពលរដ្ឋ​ហើយ, ប៉ុន្តែ ​បែរ​ជា​មិន​បាន បញ្ជូន​ពលករ​ ទៅ​ធ្វើ​ នៅ​ប្រទេស​ថៃ ដូច​ការ​ ដែល​ក្រុមហ៊ុន​ បាន​សន្យា​ ជាមួយ​ប្រជាពលរដ្ឋ​ នោះ​ឡើយ។


RFA | 14 Jan. 2014


មន្ត្រី​ របស់ ​ក្រុមហ៊ុន ​អះអាង​ថា, ខ្លួន ​គ្មាន​ចេតនា ​បោក​ប្រជាពលរដ្ឋ ​នោះ​ទេ។  ប៉ុន្តែ ​ការ​យឺតយ៉ាវ​ មិន​បញ្ជូន​ពលករ​ ទៅ​ធ្វើ​ការ​ តាម​ពេល​កំណត់ ដោយសារ​ មាន​បញ្ហា​ មួយ​ចំនួន ​នៅ​ប្រទេស​ថៃ។


ក្រុម​ប្រជាពលរដ្ឋ​រៀប​រាប់​បញ្ជាក់​ថា ក្រុមហ៊ុន ទូច ម៉ាណាក់ បាន​សន្យា​ជាមួយ​ពួក​គាត់​នៅ​ពេល​បង់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​ការ ​នៅ​ប្រទេស​ថៃ ដោយ​ក្រុមហ៊ុន​បញ្ជាក់​ថា នឹង​នាំ​ប្រជា​ពលករ​ចេញ​ទៅ​ធ្វើ​ការ​យ៉ាង​យូរ​ពី ៣ ទៅ ៥​ខែ បន្ទាប់​ពី​បាន​បង់​ប្រាក់ និង​ធ្វើ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​រួច​រាល់។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ប្រជា​ពលករ​នៅ​តែ​មិន​ទាន់​បាន​ចេញ​ទៅ​នៅ​ឡើយ​ទេ។

ប្រជា​ពលករ​ម្នាក់​ឈ្មោះ លោក សោម យ៉ាន រស់​នៅ​ភូមិ​ប្រហ៊ា នៃ​ឃុំ​ជ្រៃ ស្រុក​ស្វាយអន្ទរ ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ទី​១៤ មករា ថា ទាំង​រូប​លោក និង​ប្រជា​ពលករ​ផ្សេង​ទៀត ដែល​បាន​បង់​ប្រាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​រាប់​រយ​នាក់ កំពុង​រង​ទុក្ខ​លំបាក​ជំពាក់​បំណុល​ធនាគារ ដោយសារ​ខ្ចី​បុល​ប្រាក់​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន ដើម្បី​នាំ​ពួក​គាត់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា នៅ​ពេល​ដែល​ប្រជា​ពលករ​បាន​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​អស់​ទៅ​ហើយ បែរ​ជា​ក្រុមហ៊ុន​ធ្វើ​ព្រងើយ​ឆ្លើយ​ដោះ​សារ​យក​រួច​ខ្លួន ដោយ​ពុំ​បាន​គិតគូរ​នាំ​ប្រជា​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទៅ​វិញ៖ «ខ្លះ ​ក៏​បង់​មួយ​លាន ខ្លះ​ក៏​បង់ ១៥០​ដុល្លារ ហើយ​ថ្លៃ​បង់​លុយ​ទៅ​បាត់​ហើយ សង​ជំពាក់​គេ​ឲ្យ​រង់ចាំ​រហូត។ ខែ​ហ្នឹង​គេ​ថា​ឲ្យ​រង់ចាំ​ខែ​ក្រោយៗ ដូច្នេះ ការ​រង់ចាំ​ដូច​ថា វា​អស់​សង្ឃឹម​មិន​ដឹង ដូច​ថា​មិន​ដឹង​ទៅ​ឯណា​មក​ណី​ទេ ដល់​អ៊ីចឹង។ រង់ចាំៗ ដល់​ឥឡូវ​មិន​ដឹង​គិត​ថា​ម៉េច ឥឡូវ​ថា​អស់​សង្ឃឹម​មិន​ដឹង​ថា​យ៉ាង​ម៉េច​ទៀត។»

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ក្រាំងតាយ៉ង នៃ​ស្រុក​ពាមជរ ម្នាក់​ទៀត អ្នកស្រី ភន ស្រីយ៉េន ថ្លែង​បញ្ជាក់​ថា អ្នកស្រី​បាន​ទៅ​ខ្ចី​ប្រាក់​ពី​អ្នក​ភូមិ​រៀង​រាល់​ខែ ដើម្បី​យក​ទៅ​បង់​ថ្លៃ​ការ​ប្រាក់​ដែល​ជំពាក់​បំណុល ខណៈ​ខ្ចី​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ អ្នកស្រី​ថ្លែង​បន្ត​ដោយ​ក្ដី​កង្វល់​មិន​ដឹង​ជា​ទៅ​រក​ប្រាក់​ពី​ណា ដើម្បី​យក​សង​បំណុល​គេ​បាន ហើយ​ប្រាក់​ដែល​ជំពាក់​គេ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រាក់​ក៏​កាន់​តែ​ដុះ​កន្ទុយ​កើន​ឡើង​ជា​បន្តបន្ទាប់៖ «អា​សា​ទេ សួរ​ក្រុមហ៊ុន​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​គេ​នៅ​តែ​គិត​ថា​បញ្ជូន​ឈ្មោះ​ឡើង​ទៅ​ស្រាវជ្រាវ​ឈ្មោះ​ អី​អ៊ីចឹង ស្រាវជ្រាវ​ពួក​ខ្ញុំ​ធ្វើ​ហ្នឹង​ឡើង​ទៅ។ ប៉ុន្តែ​វា​មិន​ចេះ​នឹង​ឃើញ​ទេ ហៅ​ឡើង​ទៅ​សោះ​ចាំ​មើលៗ​អត់​ហ៊ាន​ទៅ​ណា​ទេ​បង។ នៅ​តែ​ផ្ទះ ចាំ​មើល​តែ​ឈ្មោះ​ឡើង​ទៅ​ហ្នឹង ការងារ​អី​ក៏​មិន​បាន​ឡើង​ទៅ​ធ្វើ​ចាំ​តែ​ឈ្មោះ​ហ្នឹង ហើយ​ទៅ​ធ្វើ​នៅ​ឯណា​ក៏​ហ៊ាន​ទៅ​ដែរ ខ្លាច​គេ​ហៅ​ឈ្មោះ តែ​ឥឡូវ​ចាំៗ​ឡើង​មួយ​ឆ្នាំ​ហើយ។»

ប្រជាពលរដ្ឋ​បង់​ប្រាក់​ទៅ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ពី ១៥០ ទៅ ២៥០​ដុល្លារ​ក្នុង​ម្នាក់។ ដោយ​កំណត់​នាំ​ពលករ​ចេញ​ទៅ​ធ្វើ​ការ​ក្នុង​រយៈពេល​ពី ៣ ទៅ ៥​ខែ។ រហូត​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​បាន​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ជាង​មួយ​ឆ្នាំ​ទៅ​ហើយ។ ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​ប្រជា​ពលករ​ណា​ម្នាក់​បាន​ចេញ​ទៅ​ធ្វើ​ការ​តាម​រយៈ ​ក្រុមហ៊ុន​មួយ​នេះ តាម​កំណត់​នៃ​កិច្ច​សន្យា​នៅ​ឡើយ​ទេ។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុ​ប្រធាន​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ លោក ស្វាយ ចិនារ៉ូ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​គ្មាន​ចេតនា​បោក​ប្រាស់​ប្រជា​ពលករ​នោះ​ទេ។ ប៉ុន្តែ​ការ​យឺតយ៉ាវ​ពេល​វេលា មិន​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​កាល​កំណត់​ដែល​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​នោះ ដោយសារ​មាន​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​ការ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​ទៅ​ ប្រទេស​ថៃ ដែល​នាំ​ឲ្យ​មាន​ការ​កកស្ទះ​ដល់​ការ​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ ថៃ៖ «ដល់​អ៊ីចឹង​ទៅ វា​ស្ទះ​រោងចក្រ​មួយៗ​វា​ធ្វើ​ក៏​មាន​ការ​កកស្ទះ​ដល់​ក្រុមហ៊ុន​យើង​ដែរ។ ណា​មួយ​បញ្ហា​ខាង​ហ្នឹង​ដែរ គាត់​មាន​បញ្ហា​ចុះ​ឡើងៗ ខាង​ក្រសួង​គាត់​នៅ​ខាង​ណោះ​ហ្នឹង គាត់​អត់​ស៊ីញេ​ឯកសារ​ផ្សេងៗ។ ជួន​កាល​ពេល​ខ្លះ​គេ​រៀប​ចំ​រោងចក្រ​ហើយៗ ប៉ុន្តែ​គេ​អត់​ទាន់​ឲ្យ​យើង​ចូល​រោងចក្រ​មួយៗ ព្រោះ​គាត់​និយាយ​ថា រឿង​ឆបោក​អត់​មាន​ទេ​ថត​ប៉ាសស្ព័រ​មាន​ប៉ាសស្ព័រ​ទាំងអស់ ចាំ​តែ​ថ្ងៃ​រៀប​ចំ​រោងចក្រ​ឲ្យ​ពួក​គាត់ ឲ្យ​ពួក​គាត់​ចូល​ទេ មិន​មែន​យក​លុយ​ពួក​គាត់​មក​ហើយ​យក​មក​ទុក​ទាំងអស់​ទេ។»

តែ​យ៉ាង​ណា ក្រុម​ប្រជា​ពលករ​បង្ហើប​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ព្យាយាម​ទាក់ទង​ទៅ​ខាង​ភាគី​ក្រុមហ៊ុន ដើម្បី​សាកសួរ​ពី​បញ្ហា​យឺតយ៉ាវ​នេះ​ជាច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​បែរ​ជា​បិទ​ទូរស័ព្ទ​មិន​បាន​ពន្យល់​ណែនាំ​អំពី​បញ្ហា​ របស់​ខ្លួន​ដែល​យឺតយ៉ាវ​ដល់​ប្រជាពលរដ្ឋ​ឡើយ៕



No comments:

Post a Comment