Paris Peace Accords 23 Oct. 1991

Tuesday, January 7, 2014

អង្គការ សិទ្ធិមនុស្ស​ ស្នើឲ្យ​ អាជ្ញាធរ​ ប្រាប់​ពី​ទីតាំង​ ដែល​ឃុំខ្លួន​ សកម្មជន​សិទ្ធិមនុស្ស​​

អង្គការ សិទ្ធិមនុស្ស​ ស្នើឲ្យ​ អាជ្ញាធរ​ ប្រាប់​ពី​ទីតាំង​ ដែល​ឃុំខ្លួន​ សកម្មជន​សិទ្ធិមនុស្ស​​


ដោយ៖​ ជន ស្រី​ណុ​ច និង ​អ៊ឹង ប៊ុនថន​​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014

អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្តោតលើ​សិទ្ធិមនុស្ស​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​អាជ្ញាធរ ប្រាប់​ពី​ទីកន្លែង​ដែល​ឃុំ​ខ្លួន​តំណាង​កម្មករ និង​សកម្មជន​សិទ្ធិមនុស្ស ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​អំឡុង​ពេល​បង្ក្រាប​នៅ​រាជធានី​ភ្នំពេញ កាលពី​សប្តាហ៍​មុន។​
​សេចក្តីថ្លែងការណ៍​រួម របស់​អង្គការ​សង្គម​ស៊ីវិល ចុះ​ថ្ងៃ​ទី៦ ខែ​មករា រួមមាន​អង្គការ​លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ឲ្យដឹងថា សមាជិកគ្រួសារ មេធាវី និង​ក្រុមគ្រូពេទ្យ​ឯករាជ្យ​ជំនាញ​មួយចំនួន ត្រូវបាន​គេ​បដិសេធ​ផ្តល់ព័ត៌មាន​អំពី​ទីកន្លែង​ ដែល​បាន​ឃុំខ្លួន​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​២៣​នាក់ នៅក្នុង​ក្នុងអំឡុងពេល​នៃ​ការបង្ក្រាប​យ៉ាង​ខ្លាំងក្លា​នៅ​រាជធានី​ភ្នំពេញ។ អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​រួមមាន​ អ្នកការពារ​សិទ្ធិ​មនុស្ស​ចំនួន​៣​នាក់ គឺ​លោក វ​ន់ ពៅ លោក ថេង សាវឿន និង​លោក​ ច័ន្ទ ពុទ្ធិ​ស័ក ​ជាដើម ។ សេចក្តីថ្លែងការណ៍​បន្ត​ថា ចាប់​តាំងពី​អ្នក​ទាំង​២៣​នាក់​បាន​ចូល​ក្នុង​តុលាការ និង​ត្រូវបាន​ចោទប្រកាន់ កាលពី​ថ្ងៃ​សុក្រ និង​សៅរ៍ មិន​មាន​ព័ត៌មាន​ថ្មី​ណាមួយ អំពី​ទីកន្លែង​ឃុំខ្លួន​អ្នក​ទាំងនោះ ឬ​ស្ថានភាព​សុខភាព​របស់​អ្នក​ទាំងនោះ​ឡើយ ហើយ​មនុស្ស​មួយចំនួន​ដែល​ឃុំខ្លួន​នោះ​ត្រូវបាន​សមត្ថកិច្ច​វាយដំ​យ៉ាងដំណំ​។​
​ប្រធាន​កម្មវិធី​ផ្នែក​កម្មវិធី​សិទ្ធិ​ការងារ​ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ការដែល​អាជ្ញាធរ​យក​មនុស្ស​ទៅ​ឃុំ​ដោយ​មិន​បាន​ប្រាប់​ពី​កន្លែង​ឃុំ​នោះ គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​បង្ខាំង​មនុស្ស​ខុសច្បាប់​។ លោក​បន្តថា អ្វី​ដែល​សង្គម​ស៊ីវិល​បារម្ភ​នោះ គឺ​អ្នក​ដែល​ជាប់​ឃុំ​មាន​របួស មិនដឹងថា​ពួកគេ​ទទួលបាន​ការព្យាបាល​ឬ​អត់ ដូច​ច្នេះ​លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ប្រាប់​ពី​ទីតាំង​ឃុំខ្លួន​នោះ <<​នៅក្នុង​សង្គ្រាម បើទោះជា​ការបាញ់​គ្នា​យ៉ាងណាក៏ដោយ កាលណា​មាន​របួស​គេ​យក​ទៅ​ព្យាបាល ដូច្នេះ​បើ​យក​គាត់​ទៅ​លាក់​អញ្ជឹង ហើយ​អត់​ប្រាប់ ដូច​យកទៅ​លាក់​អញ្ជឹង ហើយ​បើ​យក​ទៅ​លាក់​គឺ យើង​ព្រួយបារម្ភ​ពី​សុខទុក្ខ​របស់​ពួកគាត់ របួស​របស់​ពួកគាត់ តើ​បាន​ព្យាបាល​ដែរឬទេ​? ដូច្នេះ​នេះ​ជា​ចំនុច​ដែល​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​អាជ្ញាធរ​គិ​ត​ឡើងវិញ ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​គោរព​ច្បាប់​ទាំងអស់​គ្នា​នោះ​។ យើង​និយាយ​ពេញៗ​មាត់​ថា យើង​ចង់ឲ្យ​មាន​ការគោរព​ច្បាប់ ប៉ុន្តែ​អាជ្ញាធរ​ខ្លួន​ឯង​អត់​គោរព​ច្បាប់​ផង តើ​ឲ្យ​អ្នកណា​គោរព​ច្បាប់​ឥឡូវ​>>​។​
នាយិការ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ អ្នកនាង ណា​លី ពី​ឡូ​ក មានប្រសាសន៍ថា អង្គការ​មាន​ការព្រួយបារម្ភ​អំពី​សុខភាព និង​សុ​វត្ថិភាព​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​ទាំងនោះ ព្រោះ​ពួកគេ​មិនបាន​ជួប​ជាមួយ​ក្រុម​គ្រួសារ ឬ​មេធាវី ជាពិសេស​ពួកគេ​មាន​របួស​ទៀត។​
​ប្រធាន​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន មានប្រសាសន៍ថា ការ​ដែល​ឃុំខ្លួន​មនុស្ស​ដោយ​មិន​អនុញ្ញាត​ឲ្យ​ជួប​ក្រុម​គ្រួសារ ឬ​គ្រូពេទ្យ​ព្យាបាល​បែបនេះ គឺ​ខុសច្បាប់​អន្តរជាតិ​ដែល​ត្រូវបាន​ការពារ​សិទ្ធិមនុស្ស និង​រំលោភ​សិទ្ធិ​ជនជាប់ចោទ​។ លោក​បន្តថា បើ​ទោះបី​ច្បាប់​ខ្មែរ​មិន​បាន​ចែង​ច្បាស់​ពី​ចំណុច​ទាំង​នេះ​មែន តែ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​បញ្ជាក់ថា ក្រុម​គ្រួសារ​មិន​អាច​ជួប​ជាមួយ​អ្នក​ជាប់​ឃុំ​២៤​ម៉ោង តែ​ក្រោយ​ពី​នោះ​គឺ​ត្រូវតែ​អនុញ្ញាតិ​ឲ្យ​ជួប​ហើយ <<​ប្រសិន​ជា​ដូច្នេះ មានន័យ​ថា យើង​រំលោភសិទ្ធិ​ស​ម៉ី​ខ្លួន ព្រោះ​ជនជាប់ចោទ​គាត់​មាន​សិទ្ធិ ដើម្បី​ទំនាក់ទំនង​ជាមួយ​គ្រួសារ ការព្យាបាល​ហើយ ប្រសិនជា ឧបមា​ថា​ឥឡូវ​គាត់​មាន​របួស ហើយ​អ្នក​ដែល​ឃុំ​ខ្លួន​គេ​នោះ អត់​ព្រម​ព្យាបាល​។ តែ​ប្រសិន​ជា​គេ​ឲ្យ​វេជ្ជបណ្ឌិ​តទៅ​មើល វា​មិន​អី​ទេ​។ ប្រសិនបើ​យើង​ទុកចោល ឲ្យ​គ្នា​របួស​កាន់តែខ្លាំង​ឡើង ដូច​យើង​ធ្វើ​ទារុណកម្ម​មនុស្ស​អញ្ជឹង ដូច​សម័យ​ពី​ដើម ចាប់​វះ​សាច់ ឬក៏​ដុត ហើយ​ដាក់​អំបិល ឧទាហរណ៍​អញ្ជឹង យើង​ប្រៀបធៀប​ដូចគ្នា មានន័យថា​យើង​ធ្វើ​ទារុណកម្ម​គេ​ហើយ​>>​។​
លោក សុក សំអឿន រិះគន់ថា ភាគច្រើន​ច្បាប់​នៅ​កម្ពុជា​ចែង​មក​ការពារ​តែ​អាជ្ញាធរ ហើយ​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួល​រងគ្រោះ​ដោយសារ​ច្បាប់​នេះ។​
VOD មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោ ខៀវ សុភ័គ បានទេ។​
កាលពី​សប្តាហ៍​មុន សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស យ៉ាងតិច២៣​នាក់  ក្នុងនោះ​មាន លោក វ​ន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន លោក ពុទ្ធិ​ស័ក្កិ ជា​សកម្មជន​ដីធ្លី​និង​កម្មករ​២០​នាក់​ទៀត  នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​ទ័ព​ឆ័ត្រយោង​៩១១ នៅ​មុខ​រោងចក្រ​យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​កម្មករ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​៕


No comments:

Post a Comment