សកម្មជន សហគមន៍ បឹងកក់ ចេញតវ៉ា ទាមទារ ឱ្យដោះលែង ជនរងគ្រោះ ២៣នាក់
VOA | ថ្ងៃអាទិត្យ, ១៩ មករា ២០១៤
ភ្នំពេញ — ជនរងគ្រោះ ដោយការរំលោភ យកដីធ្លី នៅតំបន់ បឹងកក់ នៅថ្ងៃសុក្រនេះ បានដើរដង្ហែរ ញត្តិ ទៅស្ថានទូតនានា និងស្ថាប័នអន្តរជាតិដើម្បីស្វែងរក អន្តរាគមន៍ឱ្យមានការដោះលែងសកម្មជនសិទ្ធិដីធ្លីនិងកម្មករដែលត្រូវ បានឃុំខ្លួនចំនួន២៣នាក់ក្នុងពេលអាជ្ញាធរបង្ក្រាបបាតុកម្មរបស់ ក្រុមកម្មករកាលពីដើមខែនេះ។
ក្រុមបាតុករ បានស្រែកថា៖
«សហគមន៍បឹងកក់មកថ្ងៃនេះគឺគ្រាន់តែចង់ឱ្យមានអន្តរាគមន៍ពី ស្ថានទូតនានាដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យដែលគោរពសិទ្ធិមនុស្សឱ្យ ដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងកម្មករទាំង២៣នាក់»។
បាតុករដែលភាគច្រើនជាអ្នកភូមិមកពីសហគមន៍បឹងកក់ប្រហែល៧០នាក់ដែល ភាគច្រើនជាស្ត្រីបានបិទរូបថតអ្នកជាប់ឃុំទាំង២៣នាក់នៅលើក្បាល និងពាក់អាវធ្វើពីក្រដាសដែលសរសេរសារទាមទារឱ្យដោះលែងអ្នកទាំង នោះជាបន្ទាន់។ ពួកគេបានកាន់ទង់ជាតិប្រទេសកម្ពុជា ទង់ជាតិអង្គការសហប្រជាជាតិ និងទង់ជាតិប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនានាដែលមានស្ថានទូតនៅ កម្ពុជា ហើយដង្ហែរយកញ្ញត្តិរបស់ខ្លួនទៅដាក់នៅស្ថានទូតសហរដ្ឋអាមេរិក ជប៉ុន បារាំង អង់គ្លេស អាល្លឺម៉ង់ ស្ថានទូតកូរ៉េខាងត្បូង សហគមន៍អឺរ៉ុប និងធនាគារពិភពលោក។
អ្នកស្រីទេព វន្នី អ្នកដឹកនាំការតវ៉ានិងជាជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំរបស់ អង្គការVital Voices រំពឹងថាអន្តរាគមន៍របស់ស្ថានទូតបរទេសនិងស្ថាប័នអន្តរជាតិជាការ ដាក់សម្ពាធដ៏មានប្រសិទ្ធភាពមួយឱ្យមានការដោះលែងអ្នកជាប់ឃុំទាំង នោះ។
«ខ្ញុំ សង្ឃឹម និងជឿជាក់ ១០០ភាគរយ តែម្តង ថា ពួកគាត់ នឹងដាក់សម្ពាធ លើរដ្ឋាភិបាល មិនទាន់ គ្រប់លក្ខណៈហ្នឹង ឱ្យមានការដោះលែង មនុស្ស ទាំង២៣នាក់ ព្រោះ ស្ថានទូត ទាំងអស់ហ្នឹង សុទ្ធសឹងតែ ជាស្ថានទូត ដែលគោរព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ដូច្នេះ ដើម្បី ធ្វើគំរូដល់ប្រទេសកម្ពុជាដែលកំពុងដើរផ្លូវខុសពី មាគ៌ាច្បាប់និងសិទ្ធមនុស្សនោះដាច់ខាតត្រូវតែដាក់សម្ពាធឱ្យមាន ការដោះលែងជាបន្ទាន់។»
យ៉ាងណាក៏ដោយការធ្វើបាតុកម្មនិងដើរហែរក្បួននេះពុំមានការ រារាំងពីកងកម្លាំងមានសមត្ថកិច្ចទេ ទោះបីជានាពេលថ្មីៗនេះរដ្ឋាភិបាលបានដាក់កំហិតមិនឱ្យមានការ ជួបជុំជាសាធារណៈលើសពី១០នាក់ក៏ដោយ។
បាតុករទាំង២៣នាក់ដែលត្រូវបានចាប់ខ្លួននិងកំពុងឃុំខ្លួនបណ្តោះ អាសន្ននៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តកំពង់ចាម រួមមានលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកចាន់ ពុទ្ធិស័ក្ក សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជាផងដែរ។ ពួកគេត្រូវបានចាប់ខ្លួនក្នុងការបង្ក្រាបបាតុកម្មទាមទារដំឡើង ប្រាក់បៀវត្សរ៍របស់កម្មកររោងចក្រនៅថ្ងៃទី២និងទី៣ខែមករានេះ។ ការបង្ក្រាបដ៏ហិង្សានេះក៏នាំឱ្យមានមនុស្សស្លាប់ចំនួន៥នាក់និង របួសជាច្រើននាក់ផ្សេងទៀត។
អ្នកស្រី ទេព វន្នី បានអះអាងថាអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ។
«ពួកគាត់ទាំងនោះមិនបានខុសនិងមានទោសដូចការចោទប្រកាន់របស់ទ័ព ឆ័ត្រយោងពិសេស៩១១ដែលបានប្រើអំពើហិង្សាលើពួកគាត់ហើយ ហើយចាប់ពួកគាត់ទៀត។ ដូច្នេះពួកយើងទាំងអស់គ្នានៅតែមានសង្ឃឹមនិងទាមទារឱ្យដោះលែង ពួកគាត់ឱ្យបានឆាប់ៗក្នុងថ្ងៃខាងមុខនេះ។»
តំណាងស្ថានទូតនីមួយៗបានចេញមកទទួលញ្ញត្តិនិងសន្យាឆ្លើយតបនឹងសំណើនេះនៅថ្ងៃខាងមុខ។
លោក ខេង ទីតូ អ្នកនាំពាក្យនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថាក្រុមកម្លាំងមានសមត្ថកិច្ចគ្រាន់តែបំពេញភារកិច្ចអនុវត្ត ច្បាប់តែប៉ុណ្ណោះចំពោះការចាប់ខ្លួនមនុស្សទាំង២៣នាក់នោះ។
«ខ្ញុំជាមន្ត្រីកងរាជអាវុធហត្ថជាមន្ត្រីអនុវត្តច្បាប់ យើងបានត្រឹមតែបញ្ជូនជនសង្ស័យទៅតុលាការដើម្បីឱ្យតុលាការ ស្រាវជ្រាវថាតើគាត់មានកំហុសបែបណា។ ការចាត់ការបែបណានោះជាសមត្ថកិច្ចរបស់តុលាការ។»
ប៉ុន្តែលោកស្រីសែម ស័ក្តកូឡា ចៅក្រមស៊ើបសួរដែលកាន់សំណុំរឿងនេះមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
ការបន្តឃុំខ្លួនជនរងគ្រោះទាំង២៣នាក់នោះនៅទីដាច់ស្រយ៉ាលក្រៅ រាជធានីភ្នំពេញក៏ទទួលរងការរិះគន់យ៉ាងខ្លាំងផងដែរពីលោកសូរិយ៉ា ស៊ូប៊ែឌីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិក្នុងពេលដែលគាត់បាន បញ្ចប់បេសកកម្មស្វែងយល់ការពិតនៅកម្ពុជា៕
No comments:
Post a Comment