Paris Peace Accords 23 Oct. 1991

Tuesday, January 7, 2014

ប្រជាពលរដ្ឋ​៖ ការ​តាម​ ឃ្លាំមើល និង​ហាម​ ប្រមូលផ្តុំ ជាការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ និង​ជួបជុំ​​

ប្រជាពលរដ្ឋ​៖ ការ​តាម​ ឃ្លាំមើល និង​ហាម​ ប្រមូលផ្តុំ ជាការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ និង​ជួបជុំ​​

ដោយ៖​ សុទ្ធ គឹម​សឿន​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014


ប្រជាសហគមន៍បឹងកក់៥នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ក្រោមហេតុផលថាប្រមូលផ្តុំតវ៉ា ប្រឆាំងនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាល/តាត ឧត្តម
ប្រជាពលរដ្ឋ​មួយចំនួន នៅ​រាជធានី​ភ្នំពេញ បាន​សម្តែង​ការ​មិន​ពេញចិត្ត ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ដែល​តាមឃ្លាំមើល និង​បំបែក​នូវ​រាល់​ការ​ការប្រមូលផ្តុំ​គ្រប់​រូបភាព ចាប់ពី​១០​នាក់​ឡើងទៅ ដោយ​ចាត់ទុកថា​ជាការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ជួបជុំ​របស់​ពលរដ្ឋ​។
​កាលពី​ថ្ងៃ​ទី​០៤​ខែ​មករា នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯក ភាព​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​នូវ​វិធានការ​មួយ ដោយ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​និមួយៗ ដើរល្បាត​ឃ្លាំមើល និង​ពង្រឹង​សន្តិសុខ​នៅ​មូលដ្ឋាន​របស់​ខ្លួន មិនឲ្យ​មាន​ការប្រមូល​ផ្តុំ​ណាមួយ​ឡើយ​។ លោក​ថា បើ​មាន​ការប្រមូលផ្តុំ​ណាមួយ ចាប់ពី​១០​នាក់​ឡើងទៅ ដែល​សង្ស័យ​ថា​ជា​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម ត្រូវ​បំបែក​ភ្លាម ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។
​វិធានការ​នេះ ត្រូវបាន​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​សប៊ុក និង​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ មួយចំនួន សម្តែង​ការ​មិន​ពេញចិត្ត និង​រអ៊ូរទាំ​ថា នៅ​រយៈ​ប៉ុន្មាន​ថ្ងៃនេះ គ្រាន់តែ​ពួកគេ​ជួបជុំ​គ្នា​លើសពី​៥​នាក់ នៅក្បែរ​ទីផ្សារ និង​ទីសាធារណៈ​មួយចំនួន ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​សួរនាំ និង​ប្រាប់​ឲ្យ​បំបែក​ភ្លាម​។ ប្រជាពលរដ្ឋ​ទាំងនោះ បានចាត់ទុក​ការ​រឹតបន្តឹង​សន្តិសុខ​ពី​សំណាក់​អាជ្ញាធរ​នេះ​ថា​ជា​ការរំលោភ​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​សិទ្ធិ​ជួបជុំ​របស់​ពួកគេ​ <<​ដល់​ពេល​ចង់​ទីណា ជួនកាល​ជួបជុំគ្នា មិត្តភក្តិ​ពួកម៉ាក វា​ត្រូវ​តែមាន​ហើយ ជុំ​គ្នា​លើសពី​បួនដប់​នាក់ ផឹកស៊ី​រឿង​ការងារ រឿង​រកស៊ី ធ្វើ​អញ្ចឹង​ដូច​ជំនាន់​ប៉ុលពត វា​មិន​ខុស​គ្នា​ទេ​។ វា​ដូចជា​ការហាម​ឃាត​មួយ សិទ្ធិ​ក្នុង​ការជួបជុំ សិទ្ធិ​ក្នុង​ការនិយាយស្តី​អ្វីមួយ​អញ្ចឹង​ដែរ វា​ប៉ះពាល់​ដែរ​បើ​តាម​គំនិត​របស់​ខ្ញុំ ព្រោះ​ធម្មតា​ពេលខ្លះ​ករណី យើង​ជួបជុំគ្នា យើង​ចង់​ពិភាក្សា​រឿង​អ្វីមួយ ដូចជា ការងារ​ដោះស្រាយ បញ្ហា​ផ្សេងៗ ធម្មតា​យើង​គ្រប់​គ្នា​ត្រូវការ​សិទ្ធិ​នេះ​ប្រើប្រាស់ ដើម្បី​ដោះស្រាយ​។ ប្រសិន​ជា​ករណី​គេ​ហាមឃាត់​អញ្ចឹង យើង​ពិបាក​ដែរ​។ ជា​ប្រជាពលរដ្ឋ​ខ្មែរ ខ្ញុំ​យល់ឃើញថា បើ​សាលាក្រុង​ចេញ​បទបញ្ជា អញ្ចឹង​បិទ​សិទ្ធិសេរីភាព នៅក្នុង​ប្រទេស​កម្ពុជា​ទាំងស្រុង​តែម្តង ប្រទេស​លទ្ធិប្រជាធិបតេយ្យ គេ​មិន​អាច​ធ្វើ​អញ្ចឹង​បានទេ​>>​។​
​ទាក់ទង​នឹង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នេះ លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បដិសេធ​អត្ថាធិប្បាយ ដោយ​អះអាង​ថា សាលា​រាជធានី​ភ្នំពេញ មិន​បាន​ចេញ​សេចក្ដីណែនាំ​ជា​លាយលក្ខណ៍អក្សរ​ណាមួយ​ឡើយ​។
ការ​រឹតបន្តឹង​សន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា កាលពី​ថ្ងៃ​ទី​៣​ខែ​មករា នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង រវាង​កងកម្លាំងប្រដាប់អាវុធ និង​កម្មករ បណ្តាលឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ជាច្រើន​នាក់​។ បន្ទាប់ពី​ហេតុការណ៍​នោះ មួយថ្ងៃ កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ក៏បាន​បំបែក​ក្រុម​បាតុកម្ម​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​មិន​អនុញ្ញាត​ឲ្យមាន​បាតុកម្ម​ណាមួយ​ទៀត​ទេ រហូតដល់ បញ្ហា​សន្តិសុខ សុវត្ថិភាព ត្រូវបាន​ធានា​ថា​ត្រឡប់​ទៅ​រក​ភាពប្រក្រតី​វិញ​៕

No comments:

Post a Comment