Paris Peace Accords 23 Oct. 1991

Tuesday, January 7, 2014

​ជនជាតិ​គួ​យ នៅ​ខេត្ត​ព្រះវិហារ ទាមទារ ឲ្យ​ក្រុមហ៊ុន​ចិន ដកចេញ​ ពី​ដី​សហគមន៍​

​ជនជាតិ​គួ​យ នៅ​ខេត្ត​ព្រះវិហារ ទាមទារ ឲ្យ​ក្រុមហ៊ុន​ចិន ដកចេញ​ ពី​ដី​សហគមន៍​


ដោយ៖​ បូ សា​វី​ / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014 

អាជ្ញាធរ មកសម្របសម្រួល ដល់ទីតាំងដែលបងប្អូនជនជាតិគួយ ធ្វើការបោះជំរុំតវ៉ានឹងក្រុមហ៊ុនចិនដែលឈូសឆាយដីរបស់ពួកគាត់
ប្រជា​សហគមន៍​ជនជាតិ​គួ​យ ប្រមាណ​ជាង​២០០​នាក់ នៅ​ស្រុក​ត្បែងមានជ័យ ខេត្ដ​ព្រះវិហារ ទាមទារ​ឲ្យអាជ្ញាធរដក​អាជ្ញា​ប័នរបស់​ក្រុម ហ៊ុន​ចិន​ឈ្មោះ ឡានហ្វេ​ង ចេញពី​តំបន់​ដែល​ពួកគេ​រស់នៅ ដោយសារតែ ក្រុមហ៊ុន​នេះ យក​គ្រឿងចក្រ​ឈូសឆាយ ប៉ះពាល់​ដី​សហ គមន៍​ដែល​ច្បាប់​ការពារ​។​
​សមាជិក​សហគមន៍​ដីធ្លី ឃុំ​ប្រមេរ អ្នកស្រី ទេព ពឹម ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រជា​សហគមន៍​ជាង​២០០​នាក់ បាន​បោះជំរុំ​ជាច្រើន​ថ្ងៃ​ហើយ ដើម្បី​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន​ឈ្មោះ ឡានហ្វេ​ង ដែល​បាន​យក​គ្រឿងចក្រ​ឈូសឆាយ ប៉ះពាល់​ដី​សហគមន៍​ជនជាតិ​គួ​យ និង​ដើម្បី​ឲ្យ​អាជ្ញាធ​រដក​ក្រុមហ៊ុន​នោះ​ចេញពី​តំបន់​នោះ។ អ្នកស្រី​បន្ដ​ថា អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្ដែ​ពួកគាត់​មិន​ព្រម ដោយ​អាជ្ញាធរ​សន្យា​រក​ដំណោះស្រាយ​មិនមាន​ភាពច្បាស់លាស់​ <<​ពួក​ខ្ញុំ​ទាមទារ​តែ​ដី ដើម្បី​បាន​ចុះបញ្ជី​ដី​ពី​សមូហភាព គេ​ទទួល​។ ចង់​ឲ្យ​ក្រុមហ៊ុន​ដក​ចេញ ឲ្យ​ដី​សហគមន៍​នេះ​បាន​ប្រើប្រាស់ ជា​លក្ខណៈ​ប្រពៃណី​ដូច​មុន មាន​ដីស្រែ ដីចម្ការ​យើងខ្ញុំ ដី​ឃ្វាលគោ​ក្របី តាម​ប្រពៃណី​ជនជាតិ​តំបន់​របស់​ខេត្ត​>>​។​
ប្រជា​សហគមន៍ មួយ​រូប​ទៀត អ្នកស្រី សឹង សាំ ឲ្យដឹងថា អាជ្ញាធរ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច តាម​ឃ្លាំ​មើល​ពី​សកម្មភាព​ពួកគេ​ដែល​បោះជំរុំ​តវ៉ា​នោះ ហើយ​បាន​តាម​ចាប់​ពលរដ្ឋ​ពីរ​នាក់​ផងដែរ​។ អ្នកស្រី​បន្ដ​ថា ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេ​ង បាន​បន្ដ​ឈូសឆាយ​ដី​ព្រៃ ប៉ះពាល់​ដល់​ប្រាសាទ​បុរាណ ដើម​ជ័រ​ច្បោះ និង​ប្រឡាយ​បឹងបួរ​ជាច្រើន​ទៀត ដែល​ពួកគាត់​បាន​កាន់កាប់​តាំងពី​ដូនតា​មក​នោះ​ <<​ដី​នេះ​ជា​ដី​ខ្ញុំ​កេរ​មរតក​ពី​ដូនតា​ពួក​ខ្ញុំ ដែល​បន្សល់​ទុកឲ្យ យូរលង់​ណាស់​មកហើយ​។ ស្រាប់តែ​ពេល​នេះ គេ​ឲ្យ​ក្រុមហ៊ុន​មក​ឈូស​ឆាង ប៉ះពាល់​ដល់​ដីស្រែ​របស់​ប្រជាពលរដ្ឋ ពួក​ខ្ញុំ​ដែល​ជា​ជនជាតិដើម​ភាគតិច​។ ប៉ះពាល់​ដើម​ច្បោះ ប្រាសាទ​បុរាណ​ដែល​ពួក​ខ្ញុំ​ធ្លាប់​បូជា ដល់​ឥឡូវ​គេ​បំផ្លាញ​អស់ហើយ សូម្បី​តែ​ប្រឡាយ​បឹងបួរ​ក៏​គេ​លុប​ចោល​អស់​ដែរ​>>​។​
​ករណីនេះ តំណាងក្រុមហ៊ុន អ៊ីហេង ដែល​ជា​សាខា​របស់​ក្រុមហ៊ុន ឡានហ្វេ​ង និង​រ៉ូយ​ហ្វេង លោក អ៊ី ហេង ឲ្យដឹងថា នៅពេល​អាជ្ញាធរ មូលដ្ឋាន និង​ថ្នាក់​ខេត្ដ បាន​វាស់វែង​ឲ្យ​ក្រុមហ៊ុន​ចិន​ឈូសឆាយ​នោះ ពលរដ្ឋ​មិន​បាន​ហាមឃាត់​ឡើយ ប៉ុន្ដែ​នៅពេលដែល​ក្រុមហ៊ុន​រៀបចំ​ដាំ​អំពៅ​ហើយ​ទើប​មក​រារាំង​។ លោក​ថា ការទាមទារ​ចង់ឲ្យ​ក្រុមហ៊ុន​ដក​ចេញ​នោះ លោក​បាន​បង្វែ​សំណួរ​ទៅ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ លោក ពឹង ទ្រី​ដា។​
អាជ្ញាធរឃុំ ចុះមកសម្រុះសម្រួលជាមួយប្រជាពលរដ្ឋជនជាតិគួយ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឡានហ្វេង (រូបភាពដោយ បូសាវី)
VOD មិនអាច​ទាក់ទង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​ព្រះវិហារ លោក ពឹង ទ្រី​ដា និង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ លោក ​សេង សារី  ដែល​ចុះ​ដោះស្រាយ​ជាមួយ​ប្រជា​សហគមន៍ នៅ​ឃុំ​ប្រមេរ​ នោះបានទេ ដោយ​លោក​បិទ​ទូរស័ព្ទ​ទៅវិញ បន្ទាប់​ពី​អ្នកសារព័ត៌មាន​ប្រាប់​ស្ថាប័ន​។​
​អ្នកសម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ អំពាវនាវ​ឲ្យ​អាជ្ញាធរ បញ្ឈប់​គ្រឿងចក្រ​ក្រុមហ៊ុន និង​ដោះស្រាយ​ជូន​ពួកគាត់ ជាបន្ទាន់ ដើម្បី​ជៀសវាង​មាន​អំពើ​ហិង្សា​កើតឡើង​។​
​គួរបញ្ជាក់​ថា ការប្រមូលផ្ដុំ​គ្នា​បោះជំរុំ ប្រឆាំង​ក្រុមហ៊ុន​ចិន​ឈូសឆាយ​ដី​ព្រៃ របស់​សហគមន៍​ជនជាតិ​គួ​យ​នោះ  មាន​រយៈ​៧​ថ្ងៃ​ហើយ រហូត​​​ដល់​ថ្ងៃ​ទី​៧​ខែ​មករា​នេះ ហើយក៏​បាន​ឃាត់ខ្លួន​អ្នកចូលរួម​បោះជំរុំ​ចំនួន​៥​នាក់ មាន​ព្រះសង្ឃ​ពីរ​អង្គ និង​សកម្មជន​សិទ្ធិមនុស្ស បី​នាក់ និង​តាម​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​នៅ​តំបន់​នោះ​ពីរ​នាក់​បន្ដទៀត៕

No comments:

Post a Comment