អង្គការសង្គមស៊ីវិលចំនួន៩២ អំពាវនាវឲ្យ រដ្ឋាភិបាល ដោះលែងជនជាប់ឃុំទាំង២៣នាក់
ដោយ៖ ពេជ្រ សុធារី | ថ្ងៃសុក្រ ទី17 ខែមករា ឆ្នាំ2014
ការចាប់ខ្លួនកម្មករបាតុករនៅពេលបង្ក្រាបរបស់សមត្ថកិច្ចនៅផ្លូវវ៉េងស្រេង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤(រូបភាពដោយ តាត ឧត្ដម)
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន ៩២ អំពាវនាវដោយទទូចឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជនជាប់ឃុំទាំង២៣នាក់ និងបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេត និងផ្តល់សំណងដល់ជនរងគ្រោះ និងគ្រួសារសពដែលបានស្លាប់ក្នុងអំពើហិង្សាកាលពីថ្ងៃទី០២និងទី០៣ខែមករា។
នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន ៩២ ចេញផ្សាយនៅថ្ងៃទី១៧ខែមករានេះ បានថ្កោលទោសចំពោះការប្រើកម្លាំងប្រដាប់អាវុធដ៏លើសលុបទៅលើកម្មកររោងចក្រ ដែលតវ៉ាទាមទារដំឡើងប្រាក់ខែអប្បបរមា ១៦០ដុល្លារក្នុងមួយខែ នៅមុខរោងចក្រយ៉ាកជីង និងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រង បណ្តាលឲ្យមានមនុស្សស្លាប់ របួស និងត្រូវបានចាប់ខ្លួន ២៣នាក់។ សេចក្តីថ្លែងការណ៍រួមដដែលបន្តថា ការប្រើប្រាស់អាវុធបាញ់គ្រាប់ពិត ចម្ពាម ឧស្ម័នបង្ហូរទឹកភ្នែក ដំបងឆក់អគ្គិសនី ដំបងដែក និងការបង្ហាញកម្លាំងលើសលុប ពីសំណាក់អាជ្ញាធរ ទៅលើក្រុមអ្នកតវ៉ា ដែលប្រើដុំថ្មដើម្បីតបតនោះ មានភាពមិនសមាមាត្រគ្នា ហើយអាជ្ញាធរមិនត្រូវប្រើជាដាច់ខាតប្រឆាំងនឹងជនស៊ីវិល ដែលតវ៉ាស្របតាមច្បាប់ និងសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។
ក្នុងន័យនេះ អង្គការសង្គមស៊ីវិល និងអន្តរជាតិទាំង ៩២ បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដោះលែងជនជាប់ឃុំទាំង ២៣នាក់ ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ បង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតវែកមុខរកជនដែលទទួលខុសត្រូវលើអំពើហិង្សានេះ ផ្តល់សំណងជូនអ្នករងរបួសនិងគ្រួសារនៃអ្នកដែលត្រូវគេសម្លាប់ បញ្ឈប់ការប្រើអំពើហិង្សា និងកម្លាំងហួសហេតុ ក៏ដូចជាការចាប់ខ្លួនជនស៊ីវិលដោយបំពាន ហើយរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែធានាឲ្យបាននូវការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងគ្រប់សកម្មភាពរបស់ខ្លួន។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមិនគួរចាប់ខ្លួនអ្នកទាំង២៣នាក់នោះ ដើម្បីដាក់សម្ពាធនោះទេ ព្រោះពួកគេបានចូលរួមធ្វើបាតុកម្មតវ៉ាទាមទារប្រាក់ខែដោយសន្តិវិធី ក្នុងក្របខណ្ឌមួយដែលពួកគាត់ជាកម្មករ ដើម្បីទទួលបានប្រាក់ខែសមរម្យ។ លោកបន្តថា អ្នកដែលបង្កឲ្យកើតមានអំពើហិង្សា កាលពីដើមឆ្នាំ២០១៤នោះ ត្រូវបានគេរកឃើញថា ជាភ្នាក់ងាររដ្ឋាភិបាល ដែលករណីនេះលោកស្នើឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតករណីនេះ និងត្រូវដោះលែងអ្នកទាំង២៣នាក់នោះ <<អ្នកទទួលរងនូវការបាញ់បោះ បង្ករបួសស្នាមរហូតដល់ថ្ងៃនេះ ក៏មិនទាន់ឃើញមានស្អីដែលកើតឡើង សម្រាប់ក្នុងការផ្តល់យុត្តិធម៌ ថាតើរដ្ឋាភិបាលនៅព្យាយាមដើម្បីឃុំខ្លួនអ្នកទាំងអស់នោះតទៅទៀត ឬយ៉ាងម៉េច?។ នេះជាហេតុផលមួយ ដែលសង្គមស៊ីវិលទាំងអស់នោះ យល់ឃើញថា សកម្មភាពដើម្បីបន្ថូរបន្ថយ ដើម្បីបើកឱកាសឲ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតស្រាវជ្រាវពិតប្រាដកស្វែងរកការពិតនោះ វាត្រូវតែមានការដោះលែងអ្នកទាំងអស់នោះឲ្យបានត្រឡប់មកវិញ បើមិនអញ្ចឹងទេវាធ្វើឲ្យសកម្មភាពនៃការទាមទារតវ៉ានៅតែបន្តកើតមានដដែល>>។
វីអូឌី បានព្យាយាមទាក់ទងទៅមន្ត្រីរដ្ឋាភិបាល លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែលោកបិទទូរស័ព្ទ។
ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មករ កាលពីថ្ងៃទី២ ខែមករា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខាងមុខរោងចក្រយ៉ាកជីង មនុស្ស១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេទនាមានស្ថានទម្ងន់ទោស។ ចំណែកថ្ងៃទី៣ ខែមករា ការប៉ះទង្គិចដូចគ្នា នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា បានបណ្តាលឲ្យកម្មករ៥នាក់ស្លាប់ ១៣នាក់ទៀត ត្រូវបានចាប់ខ្លួនទៅឃុំនៅមណ្ឌលអប់រំកែប្រែម៣ ក្នុងខេត្តកំពង់ចាម៕
No comments:
Post a Comment