ប្អូនសកម្មជនសិទ្ធិមនុស្សនៅវៀតណាមត្រូវបានវាយដំ
VOA Khmer | 6 Jan. 2014វ៉ាស៊ីនតោន — មិនខុសពីប្រទេសកម្មុយនីស្តនានានៅក្នុងពិភពលោក សិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមត្រូវបានរិតត្បិត ហើយការបំពារបំពានលើសកម្មជនសិទ្ធិមនុស្សកើតមានជាញឹកញាប់។ ថ្មីៗប្អូនរបស់សកម្មជនសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ ត្រូវបានវាយដំដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម។
ប្អូនប្រុសសកម្មជនសិទ្ធិមនុស្ស ឡេ កុក ក្វ័ន (Le Quoc Quan) ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានវាយដំយ៉ាងធ្ងន់ធ្ងរនៅប្រទេសវៀតណាមដោយជនមិនស្គាល់ អត្តសញ្ញាណមួយក្រុម។ លោក ឡេ កុក ក្វៀត (Le Quoc Quyet) បានប្រាប់វីអូអេផ្នែកភាសាវៀតណាមថា ពេលគាត់កំពុងដើរចូលបរិវេណផ្ទះ apartment របស់គាត់ក្នុងទីក្រុងហូជីមិញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បុរសបួននាក់ដែលលោកពិពណ៌នាថា ជាជនឧក្រិដ្ឋដែលជួលដោយរដ្ឋាភិបាល បានលោតចេញមកហើយវាយគាត់។
គាត់បានចោទបុរសទាំងនោះថា បានតាមគាត់រាប់ឆ្នាំមកហើយចាប់តាំងពីបងប្រុសគាត់ ឡេ កុក ក្វ័ន បានប្រឆាំងនឹងរដ្ឋាភិបាលដើម្បីផ្សព្វផ្សាយ លទ្ធិប្រជាធិបតេយ្យ និងពហុបក្សនៅប្រទេសវៀតណាម។
គាត់ថ្លែងថា គាត់មិនបានរាយការណ៍អំពីការវាយប្រហារនេះទៅនគរបាលទេ ពីព្រោះអាជ្ញាធរមិនបានស៊ើបអង្កេតការវាយប្រហារទាំងឡាយមកលើរូប គាត់កាលពីខែសីហានិងកញ្ញាកន្លងទៅ ទោះបីជាគាត់មានភស្តុតាងជាវីដេអូដែលបង្ហាញមុខអ្នកវាយប្រហារគាត់ ក៏ដោយ។
គាត់បានបញ្ចូលវីដេអូនោះក្នុងទំព័រ YouTube ដែលគាត់និយាយថា វីដេអូនោះបានបង្ហាញការវាយប្រហារមកលើគាត់ ប៉ុន្តែវីដេអូនោះមិនត្រូវបានបញ្ជាក់ពីប្រភពឯករាជ្យណាមួយទេ។
No comments:
Post a Comment