Paris Peace Accords 23 Oct. 1991

Sunday, January 26, 2014

លោក ម៉ម សូណង់ដូ នៅ​តែ​ធ្វើ​ បាតុកម្ម​ នៅ​ថ្ងៃ​ស្អែក​ ទោះបី​ សាលា​រាជធានី​ ហាម

ម៉ម​ សូណង់ដូ ៦១០
ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៤។  (រូបថត RFA / Sek Bandith)

លោក ម៉ម សូណង់ដូ នៅ​តែ​ធ្វើ​ បាតុកម្ម​ នៅ​ថ្ងៃ​ស្អែក​ ទោះបី​ សាលា​រាជធានី​ ហាម

សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ហាម​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៧ មករា ដែល​គ្រោង​ហែ​ក្បួន​ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅ​តវ៉ា​មុខ​ក្រសួង​ព័ត៌មាន ដើម្បី​ទាមទារ​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​តាម​ខេត្ត​នានា និង​សុំ​បើក​ប៉ុស្តិ៍​ទូរទស្សន៍​មួយ។
ដោយ វោហារ ជាតិ / អាស៊ីសេរី | ២៦ មករា ២០១៤
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៥ មករា បាន​ព្រមាន​ថា បើ​សិន​ជា​លោក ម៉ម សូណង់ដូ នៅ​តែ​ចចេស​ធ្វើ​បាតុកម្ម​តាម​ការ​គ្រោង​ទុក លោក​ត្រូវ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់៖ "បើ​មាន​ការ​ជួបជុំ​ដង្ហែ​ក្បួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​នូវ​សន្តិសុខ សុវត្ថិភាព និង​របៀប​រៀបរយ​សាធារណៈ និង​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​នោះ លោក​ប្រធាន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់"
ទោះ​យ៉ាង​ណា លោក ម៉ម សូណង់ដូ បាន​បញ្ជាក់​​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មករា ថា ជំហរ​ជា​ចុង​ក្រោយ​របស់​លោក​មិន​ផ្លាស់​ប្ដូរ​ទេ ទោះ​បី​ជា​មាន​ការ​រារាំង​នៅ​ថ្ងៃ​ស្អែក​នេះ​យ៉ាង​ណា​ក៏ដោយ។ លោក​បន្ត​បែប​អន់​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ថា ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​​ចែង​ក្នុង​​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​លោក​ធ្វើ​បាតុកម្ម​ដូច្នេះ ព្រោះ​លោក​បាន​ទាមទារ​សុំ​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត​តាម​ខេត្ត​និង​សុំ​បើក​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ជាង ១៥​ឆ្នាំ​ហើយ តែ​រដ្ឋាភិបាល​នៅ​តែ​មិន​ព្រម​ឲ្យ។
លោក​ថា​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​បែរ​​ឲ្យ​អ្នក​ផ្សេងៗ​ទៅ​វិញ៖ «ប្រកាស​អី​ប្រកាស​ទៅ! ស្អែក​ត្រូវ​តែ​ធ្វើ វា​ជា​កាតព្វកិច្ច​ក្នុង​ក្នុង​នាម​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដែល​ចង់​ស្ដាប់​វិទ្យុ​សំបុក​ឃ្មុំ»
ការ​ប្រកាស​ធ្វើ​បាតុកម្ម​របស់​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី​២៧ មករា ស្អែក​នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​ក្រុម​បាតុករ​​ជាង ១០​នាក់​រង​របួស​ដោយ​ប៉ះទង្គិច​គ្នា​ជាមួយ​កង​សន្តិសុខ​នៅ​ថ្ងៃ​ទី​២៦ មករា ដែល​កង​កម្លាំង​សន្តិសុខ​ព្យាយាម​បំបែក​ក្រុម​បាតុករ​មិន​ឲ្យ​ប្រមូល​ផ្ដុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។
រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​២៦ មករា កងកម្លាំង​សន្តិសុខ​នៅ​គ្រប់​គ្រង​ទីលាន​ប្រជាធិបតេយ្យ​ទាំង​ស្រុង​នៅ​ឡើយ ដែល​គេ​សង្ស័យ​ថា ក្រុម​បាតុករ​លោក ម៉ម សូណង់ដូ នឹង​មិន​អាច​ប្រមូល​ផ្ដុំ​គ្នា​បាន​​នៅ​ទីលាន​ប្រជាធិបតេយ្យ​​នៅ​ថ្ងៃ​ស្អែក ហើយ​នឹង​​បរាជ័យ​ដូច​ក្រុម​បាតុករ​ព្យាយាម​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​២៦ មករា នេះ ដោយ​កង​សន្តិសុខ​បំបែក​ដោយ​ប្រើ​ហិង្សា​ដូច​គ្នា៕


No comments:

Post a Comment