លោកស្រី មូរ សុខហួរ (ខាងឆ្វេង) លោក កឹម សុខា (ខាងស្តាំ); រូបថត ឡាយ សាមាន
លោក កឹម សុខា៖ គណបក្សប្រជាជនកម្ពុជា ប្រើនយោបាយ គំរាម អ្នកគាំទ្រ និងអាយុជីវិត របស់ លោក
ដោយ៖ តាំង វីដា និងឡាយ សាមាន / វីអូឌី | ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រកាសថ្កោលទោសគណបក្សប្រជាជនកម្ពុជា ថាបានប្រើប្រាស់នយោបាយរំខាន និងបំភិតបំភ័យអ្នកគាំទ្រគណបក្សនេះ ជាពិសេសទង្វើគំរាមកំហែងអាយុជីវិតមេដឹកនាំបក្សនេះ។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីវេទិកាសំណេះសំណាលបក្សនេះ ជាមួយអ្នកគាំទ្រ នៅទីក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានប្រកាសរំសាយ ខណៈដែលសមត្ថកិច្ចក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានចល័តកងកម្លាំងប្រដាប់អាវុធ និងកៀងគរប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ បញ្ជូនមកដាក់នៅខាងមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងក្រុងកំពង់ចាម ដើម្បីបង្កចលាចល និងបំភិតបំភ័យប្រជាពលរដ្ឋផ្សេងទៀត។
លោក កឹម សុខា ឲ្យដឹងទៀតថា ក្រោយការប្រកាសលុបចោលវេទិកានៅព្រឹកនេះ រថយន្តរបស់កងទ័ពនៅខេត្តកំពង់ចាម បានបរយ៉ាងលឿន ដេញពីក្រោយ និងមកពីខាងមុខ ប្រុងនឹងបុករថយន្តរបស់ លោក ដែលករណីនេះ លោកសង្ស័យថា ជាការប៉ុនប៉ងគំរាមរូបលោកផ្ទាល់។
VOD មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីគណបក្សប្រជាជនកម្ពុជា បាននៅឡើយទេ។
គួរបញ្ជាក់ថា កាលថ្ងៃទី២១ ខែមករានេះ គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសលុបចោលភ្លាមៗផងដែរ ចំពោះគម្រោងជួបសំណេះសំណាលជាមួយអ្នកគាំទ្រខ្លួន នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ខណៈសមត្ថកិច្ចរាប់រយនាក់ ត្រូវបានត្រៀមដាក់រារាំងការជួបសំណេះសំណាលនោះ៕
No comments:
Post a Comment