ពលរដ្ឋឈរកាន់បដានៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៥ខែមករានេះ (រូបថត ឡាយ សាមាន)
ប្រជាពលរដ្ឋ ប្រមាណ៣០០នាក់ ប្រមូល នៅចំណុចស្ពាននាគ នៅព្រឹកនេះ
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014
ប្រជាពលដ្ឋនៅរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្តប្រមាណ៣០០នាក់ ចាប់ផ្តើមប្រមូលនៅចំណុចស្ពាននាគក្បែរទីលានប្រជាធិបតេយ្យនៅព្រឹកនេះ ដើម្បីចូលរួមធ្វើបាតុកម្មជាមួយលោក ម៉ម សូណង់ដូ។
នៅម៉ោងប្រមាណ៨ និង៣០នាទីព្រឹកនេះ ប្រជាពលរដ្ឋដែលភាគច្រើនមកពីតាមបណ្តាលខេត្តបានជួបជុំនៅទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមធ្វើបាតុកម្មជាមួយ លោក ម៉ម សូណង់ដូ ដែលទាមទារពង្រីការផ្សាយវិទ្យុសំបុកឃ្មុំ និងទាមទារសិទ្ធិបង្កើតទូរទស្សន៍។ គោលបំណងរបស់ប្រជាពលរដ្ឋ គឺពួកគេសំដៅទៅជួបជុំនៅទីលានប្រជាធិបតេយ្យ តែសមត្ថកិច្ចដាក់របាំងបិទមិនឲ្យចូល។
ខណៈចំនួនប្រជាពលរដ្ឋប្រមូលផ្តុំចេះតែកើនឡើងនោះ ចំនួនសមត្ថកិច្ចដែលដាក់ពង្រាយនៅតំបន់ក្បែរៗនោះ ប្រមាណពី៥០ទៅ១០០នាក់ ក៏ត្រៀមលក្ខណៈ និងដាក់របាំងបិទបរិវេណទីលានប្រជាធិបតេយ្យដែរ។
នៅថ្ងៃអាទិត្យម្សិលមិញសហជីព និងកម្មករ ដែលធ្វើបាតុកម្មទាមទារឲ្យមានការដោះលែងកម្មករ និងសកម្មជនការពារសិទ្ធិចំនួន២៣នាក់នោះក៏ត្រូវសមត្ថកិច្ចមិនអនុញ្ញាតឲ្យចូលក្នុងបរិវេណទីលានប្រជាធិបតេយ្យដែរ។ ពេលនោះ មានការប៉ះទង្គិចរវាងសមត្ថកិច្ច និងបាតុករដែលបណ្តាលឲ្យមនុស្សជាង១០នាក់រងរបួស ក្នុងចំណោមអ្នករងរបួសក៏មានលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និង មន្ត្រីសន្តិសុខផងដែរ៕
No comments:
Post a Comment