រូបថត Khmerload
មនុស្ស ១១នាក់ ស្លាប់ និង២៧នាក់ របួស ក្នុងហេតុការណ៍ គប់គ្រាប់បែក នៅកំពង់ធំ
ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ២៦ មករា ២០១៤
អាជ្ញាធរខេត្តកំពង់ធំ បានឃាត់ខ្លួនបុរសម្នាក់ដែលមានមុខរបរជាយោធានៅតាមព្រំដែន បន្ទាប់ពីសង្ស័យថា បានគប់គ្រាប់បែកចូលក្នុងហ្វូងមនុស្សដែលកំពុងរាំរែកក្នុងពិធីមង្គលការមួយ កាលពីយប់ថ្ងៃសៅរ៍ នៅភូមិជាំ ក្នុងស្រុកប្រាសាទសំបូរ បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និងរបួស ២៧នាក់។
អធិការស្រុកប្រាសាទសំបូរ លោក យ៉េង សារ៉េន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែមករា ថា ការបោះគ្រាប់បែកចូលក្នុងរោងការនោះ មានមនុស្ស ៩នាក់ស្លាប់ ហើយរបួស ២៩នាក់។ តែគិតត្រឹមរសៀលថ្ងៃទី២៦ ខែមករា អ្នករបួស ២នាក់ដែលមានអាកាៈធ្ងន់ធ្ងរ បានស្លាប់ក្នុងមន្ទីរពេទ្យបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកនោះឡើងដល់ ១១នាក់ ហើយអ្នករបួសបានធ្លាក់មកនៅចំនួន ២៧នាក់វិញ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានបានឃាត់ខ្លួនបុរសម្នាក់ដែលសង្ស័យថា ជាជនដៃដល់បោះគ្រាប់បែកនោះ។
តាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិឲ្យដឹងថា ជនដែលឃាត់ខ្លួនក្នុងការគប់គ្រាប់បែកនោះ មានមុខរបរជាយោធានៅព្រំដែន និងបានសម្រាកមកលេងផ្ទះបងប្អូននៅក្នុងភូមិជាំ មុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ។ ជនសង្ស័យនោះធ្លាប់បានផឹកស៊ីនៅផ្ទះកូនកំលោះរហូតមានទំនាស់គ្នា ដោយសារតែជនសង្ស័យបានឡកឡឺយលែបខាយដាក់កូនក្រមុំ ប៉ុន្តែជម្លោះនោះត្រូវបានដោះស្រាយបញ្ចប់រឿងដោយឲ្យខាងកូនកំលោះសងប្រាក់ទៅជនសង្ស័យ ២០ម៉ឺនរៀល។ សមត្ថកិច្ចសង្ស័យថា ជនសង្ស័យទំនងជាមិនស្ងប់ចិត្ត ទើបបោកបំផ្ទុះគ្រាប់បែកសងសឹក និងមានចេតនារំខានដល់កម្មវិធីមង្គលការរបស់គូជម្លោះតែម្ដង៕
No comments:
Post a Comment