គ្រូបង្រៀន តាមសាលា មួយចំនួន នឹងបន្តធ្វើ កូដកម្ម ទារប្រាក់ខែ ១លានរៀល

សមាជសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នារាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣។
RFA/Den Ayuthyea
គ្រូបង្រៀនមួយចំនួន បានអះអាងថា ដើម្បីឲ្យគុណភាពអប់រំ និងជីវភាពគ្រូបង្រៀន អាចរស់នៅមានសេចក្តីថ្លៃថ្នូរ គឺទាមទារឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដំឡើងប្រាក់ខែយ៉ាងតិច ១លានរៀលក្នុង១ខែ សម្រាប់គ្រូបង្រៀនម្នាក់ៗ។
គ្រូបង្រៀននៅវិទ្យាល័យជ័យវរ្ម័នទី៧ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល គឺអ្នកគ្រូ អ៊ុក ឆាយ៉ាវី បានឲ្យដឹងថា រូបគាត់ និងគ្រូបង្រៀនផ្សេងទៀតនៅក្នុងសាលានេះ បានធ្វើកូដកម្មមិនបង្រៀនសិស្ស កាលពីថ្ងៃច័ន្ទ មក។ អ្នកគ្រូបន្តថា នៅថ្ងៃពុធ ទី៨ ខែមករា គ្រូបង្រៀននៅវិទ្យាល័យនេះនឹងបន្តធ្វើកូដកម្មមិនបង្រៀនសិស្សតទៅទៀត ដើម្បីស្នើឲ្យរដ្ឋាភិបាលពិចារណាក្នុងការដំឡើងប្រាក់ខែឲ្យបាន ១លានរៀល៖ «ជំហររបស់ខ្ញុំការទាមទារប្រាក់ខែ ១លានរៀល ខ្ញុំនៅតែទាមទារ។ លុះត្រាតែរដ្ឋាភិបាលដោះស្រាយឲ្យពួកខ្ញុំមានប្រាក់ខែ ១លានរៀល ទើបខ្ញុំចូលធ្វើការវិញ»។
លោក ហ៊ី សម្បត្តិ គ្រូបង្រៀនសាលាគរុកោសល្យ និងវិក្រិតការ ខេត្តសៀមរាប ស្ថិតក្នុងចំណោមគ្រូបង្រៀននៅតាមសាលាមួយចំនួនទៀតក្នុងខេត្តនេះ បានអះអាងថា មានគ្រូបង្រៀនរាប់សិបនាក់បានធ្វើកូដកម្មមិនចូលបង្រៀនសិស្ស ឬមានគ្រូបង្រៀនខ្លះទៀតបានសុំច្បាប់សម្រាក កាលពីថ្ងៃច័ន្ទ ដើម្បីគេចមិនចូលបង្រៀន។
លោក ហ៊ី សម្បត្តិ បានឲ្យដឹងថា ក្នុងចំណោមគ្រូបង្រៀនជាង ៤០នាក់ នៅសាលាគរុកោសល្យ មានគ្រូបង្រៀនជាង ២០នាក់ បានធ្វើកូដកម្មទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែយ៉ាងតិចឲ្យបាន ១លានរៀលក្នុង១ខែសម្រាប់គ្រូបង្រៀនម្នាក់៖ «គ្រូបង្រៀនអត់ចូលបង្រៀនច្រើន។ ហើយស្អែកនេះ អត់ចូលបង្រៀនទេ»។
លោក ហ៊ី សម្បត្តិ បានបញ្ជាក់ថា សកម្មភាពតវ៉ាទាមទារដំឡើងប្រាក់ខែរបស់គ្រូបង្រៀនមួយចំនួន នៅខេត្តសៀមរាប គឺតាមរយៈគ្រូបង្រៀនមិនចូលបង្រៀនសិស្ស និងមានលើកបដានៅមុខសាលា។ លោកឲ្យដឹងថា សកម្មភាពតវ៉ារបស់ក្រុមគ្រូបង្រៀននៅខេត្តសៀមរាប រងការគំរាមកំហែងពីសមត្ថកិច្ចនគរបាល នាយកសាលា និងប្រធានមន្ទីរអប់រំជាដើម។
ទាក់ទិនបញ្ហានេះ លោក លីវ ឱរ៉ា នាយកសាលាគរុកោសល្យ និងវិក្រិតការ ខេត្តសៀមរាប បានប្រកែកមិនធ្វើអត្ថាធិប្បាយទេជុំវិញការទាមទារដំឡើងប្រាក់ខែ ១លានរៀលនេះ តាមទូរស័ព្ទនៅថ្ងៃអង្គារ ទី៧ ខែមករា ដោយឆ្លើយគ្មានពេលទំនេរ៖ «អត់មានលើកបដាអីទេ។ គេលើកតែក្រដាសតូចៗ»។
បញ្ហានេះដែរ គ្រូបង្រៀននៅខេត្តកោះកុង ក៏បានឲ្យដឹងថា គ្រូបង្រៀននៅសាលានានាក្នុងខេត្តនេះ ត្រូវនាយកសាលា និងថ្នាក់ដឹកនាំមន្ទីរអប់រំខេត្ត គំរាមបញ្ឈប់ពីបុគ្គលិកអប់រំ ឬពិន័យជាប្រាក់ បើសិនគ្រូបង្រៀនណាម្នាក់ហ៊ានតវ៉ាធ្វើកូដកម្មទាមទារប្រាក់ខែ ១លានរៀលនោះ។
អ្នកគ្រូបង្រៀនមិនបង្ហាញឈ្មោះម្នាក់ បានរៀបរាប់ថា គ្រូបង្រៀនខេត្តកោះកុង មិនហ៊ានចេញមុខទាមទារដំឡើងប្រាក់ខែទេ ព្រោះត្រូវនាយកសាលា និងប្រធានមន្ទីរអប់រំខេត្តនេះព្រមាន និងគំរាមបញ្ឈប់ពីការងារ៖ «ម្សិលមិញហ្នឹងគេហៅប្រជុំបន្ទាន់។ ប្រជុំគ្រូទាំងអស់ថា អត់ឲ្យនិយាយអីនាំឲ្យប៉ះពាល់ដល់រឿងនយោបាយទេ ឬញុះញង់អីទេ។ បើសិនជាលេចឮការនិយាយញុះញង់ ឬក៏ទៅចូលរួមធ្វើបាតុកម្មជាដើមនោះ គេផាកជាលុយ ឬបើសិនជាករណីធ្ងន់ធ្ងរ គេបញ្ឈប់ពីការងារជាដើម»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងអប់រំ ដើម្បីបំភ្លឺជុំវិញការទាមទារដំឡើងប្រាក់ខែ ១លានរៀលរបស់ក្រុមគ្រូបង្រៀនបានទេ តាមទូរស័ព្ទ នៅថ្ងៃអង្គារ ទី៧ ខែមករា។ ប៉ុន្តែសម្រាប់មន្ត្រីរដ្ឋាភិបាល បានចាត់ទុកការទាមទារដំឡើងប្រាក់ខែរបស់គ្រូបង្រៀនខ្លះ ថាបានធ្វើឡើងតាមការញុះញង់របស់បុគ្គលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល។
ត្រង់ចំណុចនេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍នៅថ្ងៃអង្គារ ទី៧ ខែមករា ថា គ្មានការញុះញង់ឲ្យគ្រូបង្រៀនក្រោកតវ៉ាទាមទារដំឡើងប្រាក់ខែ ១លានរៀលទេ។ ប៉ុន្តែ ដើម្បីក្រពះ ទើបក្រុមគ្រូបង្រៀន និងសមាគមគ្រូបង្រៀន បានទាមទារឲ្យរដ្ឋាភិបាលពិចារណាក្នុងការដំឡើងប្រាក់ខែយ៉ាងតិច ១លានរៀលក្នុង១ខែ ជូនពួកគាត់៖ «សូមលើកទឹកចិត្តឲ្យគ្រូបង្រៀនបន្តប្រើប្រាស់សិទ្ធិសេរីភាពរបស់យើងបន្តទៅទៀត នៅក្នុងការទាមទារនូវប្រាក់ខែមួយសមរម្យ ពីព្រោះការទាមទារនេះវាមិនផ្ទុយទៅនឹងច្បាប់ទេ វាស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញដែលមានចែង ក៏ដូចជាច្បាប់ស្ដីពីអប់រំ ឲ្យមានការធានានូវប្រាក់ខែមួយសមរម្យសម្រាប់គ្រូបង្រៀន»។
សមាគមគ្រូបង្រៀន បានឲ្យដឹងថា នៅទូទាំងប្រទេស គ្រូបង្រៀនសរុបមានចំនួនប្រមាណ ១១ម៉ឺននាក់។ ហើយការធ្វើកូដកម្មមិនចូលបង្រៀនសិស្ស ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឲ្យបាន ១លានរៀល បានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទ ទី៦ ខែមករា មកម្ល៉េះ។ ប៉ុន្តែមានគ្រូបង្រៀនតិចតួចទេដែលហ៊ានចេញមុខតវ៉ាទាមទារដំឡើងប្រាក់ខែ ១លានរៀលក្នុង១ខែ ដោយសារខ្លាចការគំរាមកំហែងពីថ្នាក់ដឹកនាំស្ថាប័នអប់រំ។
សមាគមគ្រូបានឲ្យដឹងទៀតថា គ្រូបង្រៀនកម្រិតបឋម ទទួលបានប្រាក់ខែជាមធ្យមជាង ៣០ម៉ឺនរៀលក្នុង១ខែ។ គ្រូអនុវិទ្យាល័យជាមធ្យមទទួលបានជាង ៤០ម៉ឺនរៀល និងគ្រូវិទ្យាល័យទទួលបានជាង ៥០ម៉ឺនរៀលក្នុង១ខែ៕
No comments:
Post a Comment