មន្ត្រី សម្ពន្ធចលនាកម្មករ ចោទប៉ូលិសក្រុងបាវិត ថា បិទសិទ្ធិសេរីភាព ដើរហើរ
មន្ត្រីសម្ពន្ធចលនាកម្មកររៀបរាប់បញ្ជាក់ ដោយចាត់ទុកសកម្មភាពតាមដានរបស់អាជ្ញាធរប៉ូលិសមកលើខ្លួន ថាជាសកម្មភាពបំភិតបំភ័យ និងបិទសិទ្ធិសេរីភាពក្នុងការធ្វើដំណើររបស់ពលរដ្ឋ។
មន្ត្រីសម្ពន្ធចលនាកម្មករប្រចាំនៅក្រុងបាវិត លោក ជា ឧត្ដម ថ្លែងបញ្ជាក់នៅថ្ងៃទី៧ មករា ថា អាជ្ញាធរប៉ូលិសស្លៀកពាក់ស៊ីវិលជាច្រើននាក់ បានដាក់ពង្រាយកម្លាំងតាមដានសកម្មភាពរបស់របស់ខ្លួន ជាពិសេសតាមដាននៅពេលដែលខ្លួនធ្វើដំណើរតាមផ្លូវតែម្ដង។ លោក ជា ឧត្ដម បញ្ជាក់បន្ថែមថា កន្លងមកអាជ្ញាធរប៉ូលិសពុំធ្លាប់មានសកម្មភាពតាមដានមន្ត្រីសម្ពន្ធចលនាកម្មករ ដូចពេលនេះឡើយ។ ប៉ុន្តែ បញ្ហាប៉ូលិសតាមឃ្លាំមើលសកម្មភាពរបស់ពួកគេ កើតមានក្រោយពីការបង្ក្រាបរបស់អាជ្ញាធរទៅលើក្រុមកម្មករនៅរាជធានីភ្នំពេញ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអធិការក្រុងបាវិត គឺលោក កែវ គង់ ដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៧ មករា ដោយបញ្ជាក់ថាជាប់រវល់ប្រជុំ។
ប៉ុន្តែ មន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិលដែលប្រចាំការក្បែរស្នាក់ការសម្ពន្ធចលនាកម្មករ នៅក្រុងបាវិត បានថ្លែងដោយមិនឲ្យបញ្ចេញឈ្មោះ បញ្ជាក់ថា អាជ្ញាធរប៉ូលិសពង្រាយកម្លាំងប្រចាំការដើម្បីការពារភូមិឃុំមានសុវត្ថិភាព គឺពុំមានចេតនាឃ្លាំមើលសកម្មភាពរបស់មន្ត្រីសម្ពន្ធចលនាកម្មករ ដូចការចោទប្រកាន់នោះឡើយ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិណារ័ត្ន ដែលបានចុះអង្កេតដល់ស្នាក់ការរបស់សម្ពន្ធចលនាកម្មករ និងកន្លែងកម្លាំងឈរជើងរបស់អាជ្ញាធរប៉ូលិស លោកបញ្ជាក់ថា សកម្មភាពរបស់អាជ្ញាធរប៉ូលិសអាចជាចេតនាមួយ ដើម្បីទប់ស្កាត់ការពារមិនឲ្យមន្ត្រីសហជីពញុះញង់កម្មករធ្វើបាតុកម្ម។ ដោយសារកន្លងមក ការធ្វើបាតុកម្មរបស់ក្រុមកម្មករ គឺមានមុខមន្ត្រីសហជីពចូលរួមជាប្រចាំ។ តែយ៉ាងណា លោក នុត ប៊ូពិណារ័ត្ន បានចាត់ទុកសកម្មភាពនៃការតាមដានរបស់អាជ្ញាធរប៉ូលិសលើមន្ត្រីសម្ពន្ធចលនាកម្មករ នៅក្រុងបាវិត នេះថា ជាការគំរាមកំហែងបិទសិទ្ធិសេរីភាពរបស់មនុស្ស។
លោក នុត ប៊ូពិណារ័ត្ន៖ «ការធ្វើបែបនេះ គឺហាក់បីដូចរំលោភទៅលើសិទ្ធិបុគ្គលរបស់គាត់ ដែលគាត់មានសិទ្ធិក្នុងការដើរហើរមានសិទ្ធិទៅណា។ ហើយច្បាប់មិនត្រូវមានការតាមដានពីម្នាក់ឡើយ គឺជាសិទ្ធិសេរីភាពរបស់គាត់។ ជួនកាលបើគាត់ធ្វើចរាចរទៅណាក៏ដោយ អ៊ីចឹងបើសមត្ថកិច្ចធ្វើការតាមដានគាត់បែបហ្នឹង ហើយគាត់ក្នុងនាមគាត់ជាតំណាងសហជីពមួយក្នុងក្រុងបាវិត ផង អ៊ីចឹងធ្វើឲ្យគាត់អ្នកដែលត្រូវគេតាមដានហ្នឹង មានការភិតភ័យ មានការបារម្ភពីសុវត្ថិភាព»។
មន្ត្រីសង្គមស៊ីវិលបញ្ជាក់បន្ថែមថា អាជ្ញាធរតាមដានបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលគ្មានកំហុសដោយគ្មានបង្គាប់បញ្ជាពីតុលាការដូចនេះ នឹងកាន់តែធ្វើឲ្យរបបប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះ៕
No comments:
Post a Comment