Paris Peace Accords 23 Oct. 1991

Friday, January 24, 2014

ក្រសួង​មហាផ្ទៃ​ មិន​អនុញ្ញាត​ ឲ្យ​ សហជីព​ធំៗ​ ទាំង​៩​ ធ្វើ​បាតុកម្ម​ នៅ​ទីលាន​ប្រជាធិបតេយ្យទេ​​



ក្រសួង​មហាផ្ទៃ​ មិន​អនុញ្ញាត​ ឲ្យ​ សហជីព​ធំៗ​ ទាំង​៩​ ធ្វើ​បាតុកម្ម​ នៅ​ទីលាន​ប្រជាធិបតេយ្យទេ​​


ដោយ៖​ ថុល ស្រីលក្ខណ៍​ / វីអូឌី​ | ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014

ក្រសួង​មហាផ្ទៃ​ មិន​អនុញ្ញាត​ឲ្យ​សហជីព​ធំៗ​ទាំង​៩​នៅ​កម្ពុជា ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីលានប្រជាធិប​តេយ្យ នា​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​​​ទេ ដើម្បី​បញ្ចៀស​ពី​ភាពអសន្តិសុខ​​ណាមួយ​ ដែល​កើតឡើង​ដោយ​យថាហេតុ​នៅ​រាជធានី​ភ្នំពេញ​។​
​ការបញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​ នៅ​ពេល​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មិន​អនុញ្ញាត​ឲ្យ​ក្រុម​សហជីព​ទាំង​៩ ប្រមូលផ្តុំ​មនុស្ស​មួយ​ម៉ឺន​នាក់ ​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ទាមទារ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ យ៉ាងតិច ១៦០​ដុល្លារអាមេរិក នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​ទេ ដោយ​សំអាង​ថា រង់ចាំ​មើល​ស្ថាន​ភាព​​ប្រទេសជាតិ​ស្ងប់ស្ងាត់ ឬ​វិល​ទៅរក​សភាព​ដើម​វិញ​។​
អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួង​យល់​ស្រប​តាម​ការសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ម្សិលមិញ គឺ​មិន​អនុញ្ញាត​ឲ្យ​សហជីព​ប្រមូល​ផ្តុំ​គ្នា​នៅលើ​ទីលាន​ប្រជាធិប​តេយ្យ តែ​អនុញ្ញាត​ឲ្យ​ចាត់​តំណាង​យក​ញត្តិ​ដាក់​តាម​ស្ថាប័ន្ធ​ពាក់ព័ន្ធ​។ លោក​ថា ក្រសួង​មហាផ្ទៃ​នៅ​តែ​ប្រកាន់​គោលការណ៍​តាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៤​ ខែ​មករា​ «​ប្រជាពលរដ្ឋ​មួយចំនួន និង​អង្គការ​មួយចំនួន សូម​យោគយល់​ផង យោគយល់​ចំពោះ​សភាពការណ៍​បច្ចុប្បន្ន​។ ការ​ដង្ហែ​ក្បួន​សូម​ផ្អាក​មួយរយៈ​សិន រងចាំ​សភាពការណ៍​វិល​រក​ភាពប្រក្រតី​ឡើងវិញ​។ នេះ​ជា​ប្រសាសន៍​ព័ត៌មាន​ក្រសួងមហាផ្ទៃ​កន្លងមកនេះ​»​។​​
ស្របពេល​ដែល​កម្លាំង​សមត្ថកិច្ច បណ្តេញ​ក្រុមបាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​បង្ខំ ឲ្យចេញ​ពី​ទីលាន​ប្រជាធិតេយ្យ ដោយ​ចោទ​ថា ការ​ប្រមូល​ផ្តុំ និង​ការ​ស្នាក់នៅ​ទីនោះ​ជា​ការខុសច្បាប់​កាលពី​ថ្ងៃ​ទី​០៤ ​ខែ​មករា​ ឆ្នាំ​២០១៤​។ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ផ្អាក​ជា​បណ្តោះ​អាសន្ន រាល់​ការ​ធ្វើ​បាតុកម្ម ការជួប​ប្រជុំ​ជា​សារ​ធា​រណៈ ឬ​ការ​ដង្ហែរ​ក្បួន​នានា រហូត​ដល់​សភាពការណ៍​សន្តិសុខ ត្រូវបាន​ត្រលប់​ទៅរ​កស​ភាពប្រក្រតី​ឡើងវិញ ដើម្បី​ធានា សន្តិសុខ សណ្តាប់ធ្នាប់​សារ​ធា​រណៈ និង​របៀបរៀបរយ​សង្គម​។ ទោះជា​យ៉ាងណា សង្គម​ស៊ីវិល និង​អ្នកវិភាគនៅ​កម្ពុជា យល់ឃើញថា បម្រាម​នេះ​មិន​អាច​ធ្វើឲ្យ​ស្ថានភាព​នៅ​កម្ពុជា បាន​ប្រសើរ​ឡើង​វិញ​នោះទេ ផ្ទុះ​ទៅវិញ​​រិត​តែ​ធ្វើឲ្យ​មាន​ភាពអសន្តិសុ​ខ​សង្គម​ទៅ​វិញ​​ទេ​។​
​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការធ្វើ​បាតុកម្ម ដោយ​ជួបប្រជុំគ្នា​នៅលើ​ទីលាន​ប្រជាធិតេយ្យ គឺ​មិន​ខុស​ច្បាប់​នោះ​ទេ ព្រោះ​ក្រុម​សហជីព​បាន​ជូនដំណឹង​រួចហើយ​។ លោក​ថា ក្រុម​សហជីព​មិន​ខ្លាច​ការបង្ក្រាប​របស់​ក្រុម​សមត្ថកិច្ច​នោះទេ​ «​ជូនដំណឹង​ចប់សព្វគ្រប់​អស់ហើយ ប៉ុន្តែ​ពួកនេះ​អត់​គោរព​ច្បាប់ ពួក​អស់ហ្នឹង​។ អញ្ចឹង​ជំហ​អត់​មាន​អ្វី​ប្រែប្រួល​ទេ សូម​ផ្តាំផ្ញើ​ទៅ​លោក ខៀវ សុភ័ក វិញ​ផង​។ ហើយ​បើ​ចង់​ធ្វើឲ្យ​ហ៊ុន សែន ធ្លាក់​ទឹក​កាន់តែ​ឆាប់ យក​កម្លាំង​ទៅ​វ៉ៃ​បង្ក្រាប​ទៅ បាញ់សម្លាប់​ឲ្យបាន​ច្រើន​ជាង​ហ្នឹង​បន្តិច​ទៀត​ទៅ​»​។​​
ក្នុង​អំ​ទ្បុង​បេសកកម្ម​លើក​ទី​១០​របស់ខ្លួន ក្នុង​ខែ​មករា​នេះ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា ដកចេញ​បម្រាម​ការធ្វើ​បាតុកម្ម ឬ​ជួបប្រជុំ ដែល​ត្រូវបាន​ដាក់ចេញ ក្រោយពី​មាន​ហិង្សា​រវាង​អ្នក​តវ៉ា​ជាមួយ​សមត្ថកិច្ច នៅតាម​ផ្លូវ​វ៉េងស្រេង​។ លោក​បញ្ជាក់ថា បម្រាម​នេះ គឺ​ផ្ទុយ​នឹង​មាត្រា​៤​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​៕



No comments:

Post a Comment