Paris Peace Accords 23 Oct. 1991

Friday, January 24, 2014

ថ្នាក់​ដឹក​នាំ​ ពន្ធនាគារ​ ខេត្ត​តាកែវ​ រង​ ការ​ចោទ​ ថា​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម

ថ្នាក់​ដឹក​នាំ​ ពន្ធនាគារ​ ខេត្ត​តាកែវ​ រង​ ការ​ចោទ​ ថា​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម

មន្ត្រី​ បម្រើ​ការ​ នៅ​ស្ថាប័ន​ពន្ធនាគារ​ ខេត្ត​តាកែវ បាន​ចោទ​ថ្នាក់​ដឹក​នាំ​ ខ្លួន​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​​គំរាម​កំហែង​ មន្ត្រី​ក្រោម​ឱវាទ​ធ្ងន់ធ្ងរ។ ប៉ុន្តែ ការ​ចោទ​នេះ​ ត្រូវ​ ប្រធាន​ ពន្ធនាគារ​ខេត្ត​តាកែវ ច្រាន​ចោល។
ដោយ ដែន អយុធ្យា / អាស៊ីសេរី | ២៤ មករា​ ២០១៤
មន្ត្រី​បម្រើ​ការងារ​ជាច្រើន​នាក់​នៅ​ពន្ធនាគារ​ខេត្ត​តាកែវ មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​ថ្នាក់​ដឹក​នាំ​ខ្លួន និង​បាន​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​ស៊ើប​អង្កេត និង​ជួយ​កែលំអ​ពី​ភាព​មិន​ប្រក្រតី​កំពុង​កើត​មាន​ក្នុង​ពន្ធនាគារ​ខេត្ត​តាកែវ។
មន្ត្រី​ពន្ធនាគារ​ខេត្ត​តាកែវ ស្នើ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បាន​ចោទ លោក គង់ ស៊ីថា ប្រធាន​ពន្ធនាគារ​ខេត្ត​តាកែវ ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិបកេង​ថវិកា​សម្រាប់​ចំណាយ​ទៅ​លើ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទោស និង​យក​សាច់ញាតិ ឬ​ប្រពន្ធ​ខ្លួន​មក​ចាត់​ចែង​ការងារ​ខ្លះ​ក្នុង​ស្ថាប័ន​នេះ។ ជាង​នេះ ប្រភព​ក៏​បាន​ចោទ លោក គង់ ស៊ីថា ថា​បាន​គាប​សង្កត់​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ និង​មាន​បក្ខពួក​និយម​ធ្ងន់ធ្ងរ នាំ​ឲ្យ​មន្ត្រី​មាន​ឋានៈ​តូច​ទាប មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​លោក​ទេ។
ឆ្លើយ​តប​បញ្ហា​នេះ លោក គង់ ស៊ីថា ប្រធាន​ពន្ធនាគារ​ខេត្ត​តាកែវ បាន​បដិសេធ​ថា មិន​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ឬ​មាន​បក្ខពួក​និយម​ដូច​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ចោទ​ទេ។ លោក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក ថា​ជា​ការ​មួលបង្កាច់ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ៖ «ខ្ញុំ​អត់​ដែល​ធ្វើ​អ៊ីចឹង​ទេ បាន​រឿង​ហ្នឹង​ពី​ណា​មក។ និយាយ​ខុស​ពី​ការ​ពិត ខ្ញុំ​មិន​ដែល​កិបកេង​អី​ទេ។ និយាយ​បំផ្លើស​ការ​ពិត​សុទ្ធសាធ»
​ទោះ​ជា​បែប​ណា មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​គ្រួសារ​អ្នក​ទោស​មួយ​ចំនួន បាន​អះអាង​ថា លោក គង់ ស៊ីថា ពិត​ជា​បាន​បង្កើត​ឲ្យ​មាន​គ្រួសារ​និយម និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​មួយ​ចំនួន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​តាកែវ ដូច​មន្ត្រី​ក្រោម​ឱវាទ​ចោទ​ពិត​មែន។
ទាក់ទិន​បញ្ហា​នេះ លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) មាន​ប្រសាសន៍​ថា បាន​ទទួល​ស្គាល់​ថា ពន្ធនាគារ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ពិត​ជា​កើត​មាន​ករណី​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​គាប​យក​លុយ​ពី​គ្រួសារ​អ្នក​ទោស​មួយ​ចំនួន​ពិត​មែន៖ «កាល​ណា​បើ​មាន​ព័ត៌មាន​អ៊ីចឹង ស្ថាប័ន​ពាក់ព័ន្ធ ឬ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គួរ​តែ​បើក​ការ​ស៊ើប​អង្កេត ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​ផ្តល់​យុត្តិធម៌។ ហើយ​បើ​យើង​រក​ទៅ​ឃើញ​ថា វា​មាន​ពាក់ព័ន្ធ​មែន អា​ហ្នឹង​យើង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ។ ហើយ​បើ​រក​មិន​ឃើញ​ទេ យើង​ត្រូវ​ប្រកាស​ថា មិន​មាន​ភាព​មិន​ប្រក្រតី​ទាំង​នោះ​ទេ។ ខ្ញុំ​នៅ​តែ​ជឿ​ថា វា​អាច​មាន​បុគ្គល​ខ្លះ​ដែល​អាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ពន្ធនាគារ​មួយ​ចំនួន។ រឿង​នេះ បើ​សិន​ជា​យើង​មិន​បាន​ធ្វើ​ទេ វា​ចេះ​តែ​រីក​រាល​ដាល​ច្រើន​ទៅៗ»
យ៉ាង​ណា​ក៏ដោយ បុគ្គលិក​ពន្ធនាគារ​ខេត្ត​តាកែវ ជាច្រើន​រូប​បាន​ទទូច​ដល់​ថ្នាក់​នាំ​ក្រសួង​មហាផ្ទៃ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​មាន​វិធាន​ការ​កែលំអ​ពី​ភាព​មិន​ប្រក្រតី​របស់ លោក គង់ ស៊ីថា ប្រធាន​ពន្ធនាគារ​ខេត្ត​តាកែវ ជា​បន្ទាន់។
មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​តាកែវ សរុប​មាន​ចំនួន ៧៥​នាក់ ហើយ​អ្នក​ទោស​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នេះ​មាន​ជិត ៣០០​នាក់៕


No comments:

Post a Comment