លោក ង្វៀន តាន់យុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រីប្រទេសវៀតណាម និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រ៊ុយណេ ខែមសា ឆ្នាំ២០១៣។ |
នាយករដ្ឋមន្ត្រី វៀតណាម គ្រោងទស្សនកិច្ច នៅកម្ពុជា ខណៈនយោបាយ តានតឹង
VOA Khmer | ១៤ មករា ២០១៤
វ៉ាស៊ីនតោន — ក្រុមអ្នកវិភាគខ្លះ បាននិយាយ ថា, ទស្សនកិច្ច របស់ នាយករដ្ឋមន្ត្រី វៀតណាម ក្នុង ប្រទេសកម្ពុជា នៅចុងសប្តាហ៍នេះ អាចធ្វើ ឲ្យស្ថានការណ៍ នយោបាយ កាន់តែ ឡើងកម្តៅ។ ការរិះគន់នានា ជាពិសេស ទៅលើគណបក្ស គ្រប់គ្រងប្រទេស ដែលមាន ទំនាក់ទំនងល្អ ជាមួយ វៀតណាម នឹងអាចកម្រើកឡើង។
លោក ង្វៀន តាន់យុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រីប្រទេសវៀតណាម គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា៣ថ្ងៃចាប់ពីថ្ងៃទី១២ខែមករា ចំពេលដែល ប្រទេសកម្ពុជាកំពុងមានការជាប់គាំងនយោបាយក្រោយការបោះឆ្នោត និងភាព វឹកវរនយោបាយផ្ទៃក្នុង។ ក្រុមអ្នកវិភាគខ្លះបាននិយាយថា ទស្សនកិច្ចនេះអាច ធ្វើឲ្យមានកំដៅនយោបាយកាន់តែខ្លាំងដោយសារអ្នកនយោបាយកម្ពុជាមិន ទាន់អាចរកការសម្របសម្រួលណាមួយបានដើម្បីបញ្ចប់ការជាប់គាំង ដំណើរ នយោបាយចាប់តាំងពីក្រោយការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣មក។
ប្រទេសវៀតណាមត្រូវពលរដ្ឋជាច្រើនចោទប្រកាន់ថា មានទំនាក់ទំនងស្និទ្ធ ស្នាលជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវក្រុមមេដឹកនាំគណបក្ស ជំទាស់ចាត់ទុកថា ជាអ្នករំលោភបំពាន និងឈ្លានពានទឹកដីកម្ពុជាទៀតផង ទោះបីរឿងនេះវៀតណាមធ្លាប់បដិសេធក្តី។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យម្នាក់ បានអះអាងថា ទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីវៀតណាមទំនងជាមិនអាចជួយដោះស្រាយបញ្ហា កម្ពុជាសព្វថ្ងៃទេ ហើយក៏មិនមានការស្វាគមន៍ទូលំទូលាយពីប្រជាពលរដ្ឋកម្ពុជាដែរ។
«ទស្សនកិច្ចនេះជាបញ្ហារស៊ើបមួយនៅប្រទេសកម្ពុជា មិនមែនសម្រាប់រដ្ឋាភិបាលទេគឺសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅទាំងអស់ ដែរ ជាពិសេសគឺអ្នកដែលកំពុងតែធ្វើការតវ៉ាសព្វថ្ងៃ។»
លោកថ្លែងបន្តថា ទស្សនកិច្ចនេះជាការបង្ហាញឲ្យឃើញថា ទោះជាកម្ពុជាមានវិបត្តិនយោបាយរវាងគណបក្សគ្រប់គ្រងប្រទេសនិងគណបក្ស ជំទាស់យ៉ាងណាក្តី តែកម្ពុជានៅតែមានប្រក្រតីភាពក្នុងការទំនាក់ទំនងក្នុងនិងក្រៅ ប្រទេសដដែល។
លោកអ៊ូ គីមហួត អ្នកវិភាគម្នាក់ក្នុងរដ្ឋភេស៊ីលវីនៀ (Pennsylvania) ស.រ.អា.បានថ្លែងថា ទស្សនកិច្ចរបស់វៀតណាមអាចធ្វើឲ្យមានបញ្ហាកាន់តែធំទៅ បើផ្អែកទៅលើប្រវត្តិសាស្ត្រ។
«មិនមែនជារឿងល្អទេ ព្រោះច្រើនតែពួកអ្នកធំយួនហ្នឹងមកទស្សនកិច្ចនៅស្រុកខ្មែរក្នុង ពេលដែលមានវិបត្តិផ្សេងៗហ្នឹង ច្រើនតែធ្វើឲ្យវិបត្តិហ្នឹងរិតតែធ្ងន់ធ្ងរទៅ»។
ក៏ប៉ុន្តែលោកថ្លែងថា គេគួររង់ចាំមើលដែរ ថាតើប្រវត្តិសាស្ត្រនឹងវិលត្រឡប់មកវិញឬយ៉ាងណា។ លោកពុំបានបញ្ជាក់ថា បញ្ហាពីអតីតកាលនោះជារឿងអ្វីខ្លះទេ។ តែលោកបានបន្ថែមថា ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនេះមិនអាចទប់ស្កាត់ការ រិះគន់ពីពលរដ្ឋកម្ពុជាដែលខឹងសម្បារនោះបានទេ។
«វៀតណាមហ្នឹងបានធ្វើអ្វីខ្លះគួរជាទីស្រឡាញ់ដល់ខ្មែរនោះគឺថា វៀតណាមបាន ពង្រីកយកទឹកដីខ្មែរកម្ពុជាក្រោម ហើយមកយកកោះត្រល់គេហ្នឹង រួចយើង បញ្ជូនមនុស្សមកឲ្យនៅក្នុងប្រទេសកម្ពុជាហ្នឹង ធ្វើចំការកៅស៊ូ (ដីសម្បទាន) ដល់ទៅ៩៩ឆ្នាំដែលគួរជាទីភិតភ័យដល់គេហ្នឹងគឺថា អាហ្នឹងវាជាធម្មតាចំពោះ ការទិតៀនរបស់ពលរដ្ឋខ្មែរ។ វាមិនមានអ្វីប្លែកទេ។ ដូច្នេះចំពោះខ្ញុំ ដែលទៅទប់ ស្កាត់គេមិនឲ្យទិតៀនអំពើអាក្រក់របស់យើង ខ្ញុំថា វាជាការមិនសមរម្យ ជាការ មួយខ្វះយុត្តិធម៌។ ដូច្នេះនេះជាការមួយដែលមនុស្សមិនអាចទទួលបានទេ។»
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ពុំបានធ្វើអត្ថាធិប្បាយចំពោះទស្សនកិច្ចនេះទេ តែបានបញ្ចេញប្រតិកម្មតិចតួចរបស់លោកថា៖ «យើងដឹងហើយថា សម្រាប់គណបក្សប្រជាជនកម្ពុជា និងវៀតណាមហ្នឹង គេទំនាក់ទំនងគ្នារហូត។ គេគាំទ្រគ្នាទៅវិញទៅមក។»។
ប្រតិកម្មទៅនឹងការរិះគន់អំពីទស្សនកិច្ចរបស់លោកនាយករដ្ឋន្ត្រី វៀតណាមនេះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានអះអាងថា ទស្សនកិច្ចនេះ ជារឿងដាច់ដោយឡែកពីនយោបាយផ្ទៃក្នុងរបស់កម្ពុជា ហើយជាប្រក្រតីភាព របស់កម្ពុជាជាប្រជាជាតិមួយរបស់សមាគមអាស៊ាន។
«ប្រជាជាតិអាស៊ានហ្នឹងយើងមិនយកអ្នកណាជាសត្រូវទេ ដែលនយោបាយ អាស៊ានហ្នឹងខុសដាច់ចេញពីនយោបាយរបស់គណបក្សសង្គ្រោះជាតិដែល មើលយួនជាសត្រូវ។ រឿងនេះវាប្រឆាំងនឹងរបត់នៃនយោបាយរបស់អាស៊ាន។»
ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីង្វៀន តាន់យុងនេះគឺតាមការអញ្ជើញ របស់លោកនាយករដ្ឋន្ត្រីហ៊ុន សែនដែលបានបំពេញទស្សនកិច្ចក្នុងប្រទេស វៀតណាមកាលពីសប្តាហ៍ថ្មីៗនេះ។ លោកតាន់យុងគ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំសន្និសីទស្តីពីបញ្ហា វិនិយោគនៅកម្ពុជា៕
No comments:
Post a Comment