តំណាង សហគមន៍អឺរ៉ុប គ្រោងចុះ មើល អ្នកគេបណ្ដេញចេញ នៅឧត្តរមានជ័យ
ប្រភពពីសហគមន៍ព្រៃឈើនៅក្រុងសំរោង បានឱ្យដឹងថា តំណាងសហគមន៍អឺរ៉ុប ១ក្រុមមានគម្រោងនឹងចុះទៅពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋដែលទទួលរងការបណ្ដេញពីលំនៅឋាននៅក្នុងខេត្តឧត្តរមានជ័យ ដោយសារតែរដ្ឋាភិបាលដកហូតយកដីដើម្បីផ្ដល់ទៅឱ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។
គណៈកម្មការសហគមន៍ការពារព្រៃឈើ រតនៈរុក្ខា គឺលោក សួន សន។ លោកបានមានប្រសាសន៍ កាលពីរសៀលថ្ងៃអាទិត្យ ទី២៦ ខែមករា ថា តាមបណ្ដាញអង្គការក្រៅរដ្ឋាភិបាលដែលផ្ដល់ដំណឹងប្រាប់លោក គឺតំណាងសហគមន៍អឺរ៉ុប មានគម្រោងនឹងចុះទៅពិនិត្យស្ថានភាពប្រជាពលរដ្ឋនៅភូមិបាក់នឹម និងភូមិកូនគ្រៀល ក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង នៅថ្ងៃទី២៨ ខែមករា ខាងមុខ។ ភូមិទាំងពីរនោះ បច្ចុប្បន្នគឺមានអតីតគ្រួសារដែលគេបណ្ដេញចេញពីលំនៅឋានដោយសារយកដី ទៅឱ្យក្រុមហ៊ុន អង្គរ ស៊ូហ្គើរ៍ ជាច្រើនកំពុងរស់នៅ។
កាលពីអំឡុងឆ្នាំ២០១០ កន្លងទៅ អាជ្ញាធរខេត្តឧត្តរមានជ័យ បានបណ្ដេញប្រជាពលរដ្ឋនៅភូមិអូរបាត់មាន់ សង្កាត់កូនក្រៀល ចំនួនប្រមាណ ២០០គ្រួសារចេញ ពីលំនៅឋានដើម្បីយកដីឱ្យក្រុមហ៊ុន អង្គរ ស៊ូហ្គើរ៍ ដាំអំពៅផលិតជាស្ករ។ ការបណ្ដេញចេញកាលណោះ អាជ្ញាធរបានចាប់ខ្លួនតំណាងអ្នកភូមិ ៣នាក់ដាក់ពន្ធនាគារ។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលទទួលរងការបណ្ដេញចេញពីលំនៅឋាន គឺមិនទាន់បានទទួលដីថ្មី ដើម្បីសង់ផ្ទះសម្បែង និងធ្វើស្រែចំការនៅឡើយទេ។
បុរសម្នាក់ក្នុងចំណោមអ្នកភូមិដែលទទួលរងការបណ្ដេញចេញ គឺលោក សឹង វណ្ណា បានមានប្រសាសន៍ថា រូបគាត់ក៏ដូចជាអ្នកភូមិជាច្រើនទៀត កំពុងរស់នៅដោយសុំដីអ្នកជិតខាងសង់ទីជម្រកបណ្ដោះអាសន្ន ពីព្រោះតែអាជ្ញាធរមិនបានដោះស្រាយដីធ្លីឱ្យវិញ បន្ទាប់ពីការបណ្ដេញចេញ ជាច្រើនឆ្នាំមកហើយនោះទេ។
លោក សឹង វណ្ណា៖ «ដីក្បាល ៥០ម៉ែត្រ គុណនឹងបណ្ដោយ ២០០ម៉ែត្រ ពីរនាក់បងខ្ញុំ ហើយនិងប្រជាពលរដ្ឋនៅទីនោះជាច្រើនគ្រួសារទៀត។ គេថា គេនឹងដោះដូរឱ្យយើងរស់នៅកន្លែងជិតហ្នឹង ពេលដែលគេរៀបចំដីហើយ ចាំគេហៅយើងយកទៅដាក់ គេធ្វើប្លង់ធ្វើអីឱ្យ។ ប៉ុន្តែដល់ពេលហើយគឺអត់មានបានអ្វីផង គេកប់ចោលតែម្ដង។ ឥឡូវរាល់ថ្ងៃអត់មានអីទេ តែដីផ្ទះក៏អត់ ដីស្រែក៏អត់។ ខ្ញុំរស់នៅលើដីគេ គឺសុំគេរស់នៅបណ្ដោះអាសន្ន»។
អតីតអ្នកភូមិជាច្រើនគ្រួសារដែលទទួលរងការបណ្ដេញចេញទាំងនោះមានគំរោងនឹងទៅជួបតំណាងសហគមន៍អឺរ៉ុប ដើម្បីបង្ហាញពីប្លង់កម្មសិទ្ធិដីទាំងឡាយរបស់ពួកគេ។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលខ្លះក៏មានគម្រោងស្កាត់ជួបតំណាងសហគមន៍អឺរ៉ុបនៅពេលចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋដែលគេបណ្ដេញចេញពីលំនៅឋាននៅខេត្តឧត្តរមានជ័យ នោះដែរ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា លោកនឹងចុះឃ្លាំមើលនៅពេលដែលតំណាងសហគមន៍អឺរ៉ុបចុះទៅតំបន់មួយចំនួន ព្រមទាំងនឹងផ្ដល់ព័ត៌មានខ្លះ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលគេបណ្ដេញចេញពីលំនៅឋាន ហើយមិនទាន់មានការដោះស្រាយដីធ្លីថ្មីនៅឡើយនោះ៕
No comments:
Post a Comment