លោក កឹម សុខា ក្នុងសន្និសីទសារព័ត៌មានកន្លងមក (រូបថត តាំង វីដា)
លោក កឹម សុខា ប្រធាន ស្ដីទី គណបក្សសង្គ្រោះជាតិ រងនូវ ការគំរាមកំហែង
ដោយ៖ ណុល ដារ៉ា | ថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2014
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំងធំនេះ កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែឡានរបស់កងកម្លាំងប្រដាប់អាវុធ តាមពីក្រោយឡានរបស់លោកជាប់ជានិច្ច ក្នុងរូបភាពបំភិតបំភ័យ។
លោក ញ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រាប់VOD ឲ្យដឹងនៅម៉ោ១២ និង៣០នាទីនេះថា តាមព័ត៌មានដែលគាត់ទទួល គឺមានរថយន្តរបស់កងទ័ពនៅខេត្តកំពង់ចាមនោះ បានបរយ៉ាងលឿន ដេញពីក្រោយរថយន្តរបស់ លោក កឹម សុខា ដែលលោកសង្ស័យថា មានការប៉ុនប៉ងក្នុងរូបភាពអាក្រក់ណាមួយ ទៅលើអនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ដែលអាចធ្វើឲ្យមានបញ្ហាគ្រោះថ្នាក់ ប្រសិនបើមិនមានវិធានការទប់ស្កាត់ជាមុននោះ។
លោក ញ៉ែម បុញ្ញឫទ្ធិ ក៏បានទទូចសុំឲ្យអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បណ្ដាទូតនានាដែលប្រចាំនៅកម្ពុជា និងអង្គការក្នុងស្រុក ជួយទៅរំដោះ លោក កឹម សុខា ដែលកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈលោកចេញដំណើរពីខេត្តកំពង់ចាម មករាជធានីភ្នំពេញ ដើម្បីធ្វើសន្និសីទកាសែតនៅម៉ោង៤ រសៀលនេះ។
សូមជម្រាបថា លោក កឹម សុខា បានដឹកនាំតំណាងរាស្ត្ររបស់លោកមួយចំនួន ទៅធ្វើវេទិកានៅខេត្តកំពង់ចាម ដើម្បីថ្លែងសារនយោបាយអំពីការវិវត្តន៍នយោបាយចុងក្រោយ នៅដំណាក់កាលនេះ ប៉ុន្តែ វេទិការបស់គណបក្សសង្គ្រោះជាតិ ដែលបម្រុងធ្វើឡើងដោយមានអ្នកគាំទ្រគណបក្សជាច្រើនពាន់នាក់ចូលរួម មិនអាចប្រព្រឹត្តទៅតាមការគ្រោងទុក ដោយសារតែអ្នកគាំទ្រគណបក្សប្រជាជន ដែលមានដងទង់ជាតិ ដែលមើលទៅដូចជាដំបងរាប់រយនាក់ ត្រៀមអុកឡុក ដើម្បីបង្កភាពភ័យខ្លាច។ ហើយខណៈនេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលមិនបានចូលរួមក្នុងព្រឹត្តិការណ៍នេះ នៅខេត្តកំពង់ចាមជាមួយលោកកឹម សុខា គឺលោកកំពុងស្ថិតនៅឯប្រទេសស្វីស ដើម្បីចូលរួមស្ដាប់របាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនិយាយអំពីប្រទេសកម្ពុជា។ ប៉ុន្តែមានព័ត៌មានថា លោកនឹងថ្លែងពីបរិបទនយោបាយនៅកម្ពុជា នៅដំណាក់កាលចុងក្រោយនេះ។
No comments:
Post a Comment