កម្លាំងសមត្ថកិច្ច បំបែក ក្រុមអ្នកហ៊ុមព័ទ្ធ សាលាដំបូង រាជធានីភ្នំពេញ នៅរសៀលនេះ
ដោយ៖ ញឹម សុខន / វិទ្យុវីអូឌី | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
ម៉ូតូកង់បី រងការបំផ្លាញនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងការបំបែកក្រុមអ្នកតវ៉ានៅថ្ងៃទី០៣មករានេះ (រូបថត ញឹម សុខន)
កម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ នៅម៉ោងជាង២រសៀលនេះ បានបំបែកទៅលើក្រុមប្រជាពលរដ្ឋ សហជីព និងព្រះសង្ឃ ដែលបានហ៊ុមព័ទ្ធសាលាដំបូងរាជធានីភ្នំពេញ ធ្វើឲ្យប្រជាពលរដ្ឋទាំងនោះរត់បែកខ្ញែកគ្នា។
សេចក្តីរាយការណ៍ពីមុខសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជា៣០០នាក់ ដែលបានហ៊ុមព័ទ្ធតុលាការរាជធានីភ្នំពេញនៅព្រឹកនេះ ដើម្បីឲ្យមានការដោះលែងសកម្មជនសង្គមស៊ីវិល និងសហជីព១០នាក់ ត្រូវបានកងកម្លាំងសមត្ថកិច្ចបានបំបែកនៅម៉ោងប្រហែលជាង២រសៀលថ្ងៃនេះ។ សេចក្តីរាយការណ៍បានបន្ថែមថា តំបន់នៅមុខសាលាដំបូងរាជធានីភ្នំពេញនេះ ពោរពេញទៅដោយកងសមត្ថកិច្ចរាប់រយនាក់ ខណៈដែលប្រជាពលរដ្ឋ ដែលមកហ៊ុមព័ទ្ធផ្លូវបានរត់បែកគ្នាជាដុំៗ។
គោលបំណងដែលប្រជាពលរដ្ឋទៅហ៊ុនព័ទ្ធសាលាដំបូងរាជធានីភ្នំពេញនេះ គឺទាមទារឲ្យដោះលែងជនទាំង១០នាក់ ដែលក្នុងនោះមាន លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ពុទ្ធិស័ក្កិ ប្រជាសហគមន៍បឹងកក់ និងសកម្មជនសហជីព មួយចំនួនទៀត។ ពួកគេទាំង១០នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈដែលពួកគេចូលរួមតវ៉ាជាមួយកម្មករនៅរោងចក្រក្នុងតំបន់ សេដ្ឋកិច្ចភ្នំពេញ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយបានប៉ះទង្គិចជាមួយកងកម្លាំងទ័ពឆត្រយោង៩១១ មុខរោងចក្រយ៉ាកជីន។ ក្នុងហេតុការណ៍នោះបានបណ្តាលឲ្យកម្មករ និងព្រះសង្ឃជាច្រើនអង្គ/នាក់រងរបួស ហើយព្រះសង្ឃចំនួន ៥អង្គត្រូវបានឃាត់ព្រះកាយជាង១០ម៉ោង ទើបមានការដោះលែង៕
No comments:
Post a Comment