Paris Peace Accords 23 Oct. 1991

Friday, January 10, 2014

សង្គម​ស៊ីវិល​៖ ទីលាន​ប្រជាធិបតេយ្យ​ កំពុង​ បម្រើ​តួនាទី​ ផ្ទុយ​ពី​ ឈ្មោះ​​

សង្គម​ស៊ីវិល​៖ ទីលាន​ប្រជាធិបតេយ្យ​ កំពុង​ បម្រើ​តួនាទី​ ផ្ទុយ​ពី​ ឈ្មោះ​​


ដោយ៖​ ពៅ មេត្ដា​ / វិទ្យុ វីអូឌី | ថ្ងៃសុក្រ ទី10 ខែមករា ឆ្នាំ2014

បាតុករគណបក្សសង្រ្គោះជាតិ តវ៉ានៅទីលានប្រជាធិបតេយ្យ កាលពីកន្លងទៅ/ជន ស្រីណុច
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​សម្តែងការខកចិត្ត​ពេល​ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​សម្តែង​មតិ​នៅ​ទីលាន ប្រជា​ធិបតេយ្យ ហើយ​ថា​ទីលាន​នោះ​កំពុង​បម្រើ​តួនាទី​ផ្ទុយ​ពី​ឈ្មោះ​។​
​ក្រោយ​យោធា​បង្ក្រាប​លើ​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជា​ធិប​តេ​យ្យ​កាលពី​ថ្ងៃ​ទី​៤​ ខែ​មករា​មក នៅ​ទីនោះ​មិន​អនុ​ញ្ញាត​ឲ្យមាន​ការជួ​បប្រ​ជុំ​សម្តែង​មតិ​ដូច​រាល់​ដង​ទេ​។​
​ប្រធាន​លេខាធិការដ្ឋាន​ប្រតិបត្តិ​នៃ​គណៈ​​កម្មាធិការ​ប្រព្រឹត្ត​កម្ម​លោក សួន ប៊ុន​ស័ក្តិ លើកឡើងថា ការ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​​បញ្ហា​ទៅ​សម្តែងមតិ​កង្វល់​របស់​ខ្លួន នៅ​​ទីលាន​ប្រជាធិបតេយ្យ​នោះ បានន័យថា ទីលាន​ប្រជាធិបតេយ្យ​មិន​មានន័យ​សម្រាប់​ប្រជា​ពល​រដ្ឋ​ទន់ខ្សោយ ឬ​អ្នក​ដែល​រងគ្រោះ​ទៀត​ទេ​ ៖
ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ ​ដែល​ជួប​បញ្ហា​ក្នុង​ការរស់នៅ ឬ​ជួប​ភាពអយុត្តិធម៌​ផ្សេង​នៅក្នុង​សង្គម ហើយ​មិន​មាន​ដំណោះស្រាយ​អាច​ទៅសម្តែងពី​ទុក្ខ កង្វល់​របស់​ខ្លួន​ដើម្បី​សា្ថប័ន​ពាក់ព័ន្ធ​បាន​ដឹង​។ តែ​ក្រោយ​ការបង្ក្រាប​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​​រាប់ពាន់នាក់ ដែល​ទាមទារ​ឲ្យមាន​ការធ្វើ​កំណែទម្រង់​ការបោះឆ្នោត និង​រៀបចំ​ការបោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​៤ ​ខែ​មករា​មក នៅ​ទីនោះ​មាន​​តែ​វត្ត​មាន​កម្លាំង​សមត្ថកិច្ច ដាក់​ប្រចាំ​នៅ​ទាំង​ថ្ងៃ​ទាំងយប់​។​
​នៅ​ថ្ងៃ​ទី​០៩ ​ខែ​មករា​ កម្លាំង​នគ​បាល និង​កងរាជអាវុធហត្ថ​ប្រមាណ​២០០​នាក់ បំបែក​ក្រុម​យុវជន​៥​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​បំណង​ច្រៀង​បទ​ភ្លេងជាតិ និង​បង្ហាញ​​ពី​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព​បញ្ចេញមតិ និង​នយោបាយ​។
​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គឹមអេង ថ្លែងថា ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​ឲ្យ​ពលរដ្ឋ​បញ្ចេញ​មតិ​ដែល​ត្រូវ​ការពារ​ដោយ រដ្ឋា​ភិ​បា​ល​។ លោក​បន្តថា បើ​រដ្ឋាភិបាល​បិទ​ការសំដែង​មតិ​ក្នុង​ស្ថានភាព​នេះ គឺ​បង្ហាញ​ពី​អ​សមត្ថភាព​ក្នុង​ការគ្រប់គ្រង ៖
​ជុំវិញ​ការបង្ក្រាប​បាតុករ និង​ការបិទ​ទីលាន​ប្រជាធិបតេយ្យ​នេះ លោក កែម ឡី អ្នក ស្រាវជ្រាវ​ការអភិវឌ្ឍន៍ និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម​យល់​​ឃើញ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កំពុង​​ដើរ​ផ្ទុយ​គ្នា​ក្នុង​ដំណើរការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ ៖
​VOD ​មិនទាន់​អាច​សុំ​ការបកស្រាយ​ករណីនេះ​ពី​លោក ​ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី ភ្នំពេញ​បាន​ទេ​នៅថ្ងៃនេះ  ដោយ​លោក​ប្រាប់ថា ជាប់រវល់​។​
​កាលពី​ថ្ងៃ​ទី​០៤ ​ខែ​មករា នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាកា​រឯក​ភាព​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​នូវ​វិធាន​ការ​​មួយ ដោយ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​និមួយៗ ដើរល្បាត​ឃ្លាំមើល និង​ពង្រឹង​សន្តិសុខ​នៅ​មូលដ្ឋាន​របស់​ខ្លួន មិនឲ្យ​មាន​ការប្រមូល​ផ្តុំ​ណាមួយ​ឡើយ​។ លោក​ថា បើ​មាន​ការប្រមូលផ្តុំ​ណាមួយ​ចាប់ពី​១០​នាក់​ឡើងទៅ ដែល​សង្ស័យ​ថា ​ជា​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម ត្រូវ​បំបែក​ភ្លាម ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​៕


No comments:

Post a Comment