បទយកការណ៍៖ ការបន្ត ខ្វែងគំនិតគ្នា លើអត្ថន័យ ថ្ងៃ៧មករា
ដោយ៖ ញឹម សុខន និងអ៊ឹង ប៊ុនថន / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
ទិវារំលឹកខួបទី៣៥ ជ័យជម្នះថ្ងៃ៧មករា (រូបថតដោយ តាត ឧត្តម)
តាំងពីព្រលឹមស្រាងៗ កម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់ ប្រដាប់ដោយអាវុធ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រាប់រយនាក់ ធ្វើ ដំណើរបណ្តាក់គ្នា ទៅកាន់មជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទីនោះជាកន្លែងដែលគណបក្សនេះ យកជាកន្លែងប្រារព្ធទិវាជ័យជម្នះ៧មករា ដែលមានអ្នកដឹកនាំកំពូលរបស់បក្សចូលរួម ដូចជា លោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន។ ប៉ុន្តែការប្រារព្ធពិធីដែលមន្ត្រីគណបក្សប្រជាជនកម្ពុជា អះអាងថា មានអ្នកចូលរួមប្រហែលប្រាំម៉ឺននាក់នោះ គឺចំពេលដែលអាជ្ញាធរាជធានី ដាក់បម្រាមការជួបជុំមនុស្សត្រឹមក្រោម១០នាក់ ព្រោះសម្អាងលើស្ថានការណ៍កំពុងជ្រួលច្របល់។
អ្នកចូលរួមម្នាក់ ក្នុងចំណោមអ្នកចូលរួចជាច្រើនទៀត គឹលោក អ៊ូ សុផល អាយុ៤២ឆ្នាំ មកពីភូមិស្រែអំពិល ស្រុកកៀនស្វាយ ខេត្តកណ្តាល និយាយថា លោកមិនអាចបំភ្លេចទេនូវគុណូបការៈ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមរំដោះកម្ពុជា ឲ្យផុតពីរបបខ្មែរក្រហម <<ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ខ្ញុំហើយ។ បានគុណ៧មករា បានខ្ញុំរស់មកដល់សព្វថ្ងៃនេះ>>។
លោក ហេង សំរិន បន្តថា បើទោះបីយ៉ាងនេះក៏ដោយ គណបក្សប្រឆាំងបានញុះញង់ឲ្យពលរដ្ឋមួយចំនួន ធ្វើបាតុកម្មតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ប្រឆាំងនឹងលទ្ធផលនេះ ហើយទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងទៀតផង <<គេចង់បង្ខំឲ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទាមទារឲ្យមានការបោះឆ្នោត ជាថ្មីឡើងវិញ ដែលទង្វើបែបនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរថែមទៀត ទៅលើរដ្ឋធម្មនុញ្ញ គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ បែបតំណាង និងឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប ប៉ុន្តែទង្វើដល់អកុសល្យទាំងនេះ នឹងមិនអាចផ្តល់ឲ្យគេ នូវផ្លែផ្កាអ្វីឡើយ ក្រៅពីបានធ្វើឲ្យប្រជាជន កាន់តែធុញទ្រាន់ រំខានដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្អាប់បង្អោន មុខមាត់របស់ជាតិខ្លួនឯងប៉ុណ្ណោះ>>។
លោក ហេង សំរិន ប្រធានកិក្តិយស នៃគណបក្សប្រជាជនកម្ពុជា (រូបភាពដោយ តាត ឧត្តម)
ការលើកឡើងនេះ ត្រូវបានបន្ទរដោយ អភិបាលរងសាលារាជធានីភ្នំពេញ លោក ស្រី ម៉ក់ វណ្ណស៊ីថា ដែលលើកឡើងថា ថ្ងៃ៧មករា ជាថ្ងៃកំណើតទីពីររបស់កម្ពុជា ហើយបានចាត់ទុក មនុស្សទាំងឡាយណា ដែលមិនឲ្យតម្លៃថ្ងៃនេះ ថាជាមនុស្សមិនស្គាល់បាបបុណ្យ <<ឆ្លើយតបចំពោះសកម្មភាពដ៏ឆ្កួតលីលារបស់ពួកប្រឆាំងនៅពេលនេះ យើងខ្ញុំសូមឆ្លៀតបញ្ជាក់ អំពីឆន្ទៈដែលតំណាង ប្រជាជនកម្ពុជា ភាគច្រើនលើសលុបនៅទូទាំងប្រទេស ដូចតទៅ ១. បណ្តាអ្នកទាំងឡាយណា ដែលបានជេរប្រមាថ តាំងខ្លួនជាសត្រូវនឹងទិវាជ័យជំនះ ៧មករា គឺដូចជាកូតអកតញ្ញូ រមឹលគុណចំពោះ ឪពុកម្តាយ ដែលបានបង្កើតខ្លួនឯងហើយ ហើយដែលព្រះប្រោសពុំរួចឡើយ>>។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានច្រានចោលនូវការចោទប្រកាន់នោះ ដោយអះអាងថា អ្វីដែលគណបក្សនេះកំពុងធ្វើគឺដើម្បីជំរុញឲ្យមានអ្នកដឹកនាំមួយកើតចេញពីឆន្ទៈពលរដ្ឋជាម្ចាស់ឆ្នោតពិតប្រាកដ។ ម្យ៉ាងវិញទៀតលោកចាត់ទុកថាថ្ងៃ៧មករា ជាថ្ងៃដែលកម្ពុជាទទួលរកឥទ្ធិពលនយោបាយ ពីប្រទេសជិតខាងរហូតបច្ចុប្បន្នេះ <<ថ្ងៃ៧មករា នៅក្នុងទស្សនៈរបស់អស់លោក លោកគិតឃើញយ៉ាងម៉េច ជាសិទ្ធិរបស់លោក។ ប៉ុន្តែនៅក្នុងទស្សនៈនៃកូនខ្មែរ ប្រជាពលរដ្ឋខ្មែរមួយចំនួនធំ គឺជាថ្ងៃដែលបរទេសឈ្លានពាន ហើយគឺជាថ្ងៃដែលប្រទេសកម្ពុជា នៅក្រោមអាណានិគមរបស់ប្រទេសវៀតណាម ដោយផ្ទាល់និងដោយប្រយោល>>។
ទោះជាយ៉ាងណា និស្សិតមួយចំនួនបានគាំទ្រ៧មករា ហើយមួយចំនួនមិនគាំទ្រទេ។ និស្សិតដែលបានចូលរួមចូលរួមពិធីនេះដែរ យ៉ាត រ៉ូស៊ីនដារ៉ា ថ្លែងថា ការមកចូលរួមនេះ ដើម្បីរំលឹកកាឈឺចាប់ក្នុងរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដែលគ្រប់គ្រងដោយរបបពួកអាវខ្មៅខ្មែរក្រហម <<យើងកើតមានទាន់ ទើបយើងចង់ដោយពីសម័យខ្មែរក្រហមនោះ>>។
ប៉ុន្តែនិស្សិតផ្សេងទៀត ដែលមិនបានទៅចូលរួមអបអរសាទរថ្ងៃជ័យជម្នះនេះ លោក រតនា យល់ថាថ្ងៃ៧មករាជាថ្ងៃ ដែលវៀតណាម ឈ្លានពាន និងយកប្រទេសកម្ពុជាដាក់អាណានិគម រហូតបច្ចុប្បន្ននេះ <<ចំពោះទស្សនៈខ្ញុំ គឺជាការឈ្លានពានរបស់វៀតណាមចំតួតែម្តង បើយើងលើកពីទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ការឈ្លានពានដែរ បើយើងងាកមកមើលសកម្មភាពក្នុងស្រុកខ្មែរយើងវិញ ពេលនោះខ្មែរយើងអត់មានសិទ្ធិអ្វីទេ តាំងពីភូមិ តាំងពីឃុំទៅ គឺដាក់ជំនាញការយួនហើយ>>។
ក្រុមនិស្សិត គ្រូបង្រៀន និងមន្រ្តីរាជការ ក៏បានចូលរួមក្នុងពិធីរំលឹកខួបនេះផងដែរ (រូបភាពដោយ តាត ឧត្តម)
អ្នកស្រាវជ្រាវឯករាជ្យ និងជាអ្នកវិភាគព្រឹត្តិការណ៍សង្គម លោក កែម ឡី ពន្យល់ថា ជាទូទៅអ្នកនយោបាយ មិនដែលទទួលស្គាល់កំហុសរបស់ខ្លួនចំពោះមុខមហាជនទេ តែងតែយករដ្ឋធម្មនុញ្ញមកធ្វើជាខែល ដើម្បីកេងចំណេញនយោបាយ។ ប៉ុន្តែលោកហៅវត្តមានកងទ័ពវៀតណាម ដែលវាយចូលប្រទេសកម្ពុជាកាលពីជាង៣០ឆ្នាំមុន ថាជារឿងខុសទៅ នឹងច្បាប់អន្តរជាតិ <<ការចូលមករបស់កងទ័ពវៀតណាម នៅក្នុងប្រទេសមួយទាល់តែមានការសម្រេចពីក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ប៉ុន្តែវៀតណាម មិនបានចូលមក ដោយមានការសម្រេចពីក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិទេ។ នេះគឺជាច្បាប់អន្តរជាតិ គឺវៀតណាមខុសទាំងស្រុក។ អញ្ចឹងអ្នកដែលថាវៀតណាម ឈ្លានពាន នោះជាការសមស្របច្បាប់អន្តរជាតិ>>។
យ៉ាងណាក៏ដោយ ថ្ងៃ៧មករា ត្រូវបានរដ្ឋាភិបាលដាក់ជាថ្ងៃបុណ្យជាតិ ដែលមន្ត្រីរាជការទាំងអស់ បានឈប់សម្រាកពីការងារ ប៉ុន្តែលោក កែម ឡី ពន្យល់ថា បើរដ្ឋាភិបាលមិនបង្កើតគណៈកម្មការឯករាជ្យ ដើម្បីសិក្សាឲ្យបានស៊ីជម្រៅ លើថ្ងៃជ័យជម្នះនេះទេ នោះទៅថ្ងៃអនាគត កូនខ្មែរជំនាន់ក្រោយ នៅតែស្រពិចស្រពិលពីថ្ងៃប្រវត្តិសាស្ត្រដ៏ជូរចត់នេះ៕
It is all about Indochina Federation.
ReplyDeleteSo January 07 1979,it's the plan of Hanoi to swallow Khmer as Hanoi already swallowed Lao.
So January 07 1979,it's the plan of Hanoi to annex Cambodia.
So it is all About Indochina Federation also known as Vietnamizaiton of Cambodia under the so-called Hun Sen regime.