Paris Peace Accords 23 Oct. 1991

Wednesday, January 8, 2014

CPP និង​CNRP បង្ហាញ​ជំហរ​ ចង់​មាន​ ការចរចា​ ដូចគ្នា តែ​មាន​ លក្ខខណ្ឌ​ ខុសគ្នា​​

CPP និង​CNRP បង្ហាញ​ជំហរ​ ចង់​មាន​ ការចរចា​ ដូចគ្នា តែ​មាន​ លក្ខខណ្ឌ​ ខុសគ្នា​​


ដោយ៖​ តាំង វីដា​ /​ វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014

លោកហ៊ុន សែន​ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ជាថ្មី​ម្តងទៀត គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ នៅ​ថ្ងៃ​អង្គារ​នេះ ប្រកាស​ជំហរ​ស្របគ្នា ពី​ឆន្ទៈ​ចរចា​រក​ដំណោះស្រាយ​ចំពោះ​ភាពជាប់គាំង​នយោ​បាយ ប៉ុន្តែ​ជំហរ​នេះ ស្ថិត​ក្រោម​លក្ខខណ្ឌ​ផ្សេងគ្នា​។​
​ក្នុង​ពិធី​រំលឹក​ថ្ងៃ​ជ័យជម្នះ​៧​មករា ខួប​លើក​ទី​៣៥ នៅ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន បាន​ថ្លែង​ថ្កោលទោស​គណបក្ស​សង្គ្រោះ​ជាតិថា​បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​មួយចំនួន ធ្វើបាតុកម្ម​តាម​ដងផ្លូវ ប៉ះ​ពាល់​​ដល់​ផលប្រយោជន៍​សាធារណៈ និង​បាន​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះចេញ​ពី​តំណែង ដែល​ជា​ទង្វើ​មួយ​រំលោភ​នឹង​​រដ្ឋធម្មនុញ្ញ​។ យ៉ាងនេះក្តី លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ពិភាក្សា លើ​ចំណុច​ដែល​នៅ​សេសសល់ ក្នុងជំនួប​កិច្ច​ប្រជុំ​កំពូល កន្លងមក​ <<​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា ជំហរ​ន​យោ​បោយ​ប្រកាន់ខ្ជាប់ នូវ​សុ​ឆន្ទៈ​ដ៏​ពិតប្រាកដ និង​ស្មោះសរ​ក្នុង​ការជួប​ចរចា គ្រប់​កម្រិត​ជា​មួយ គណបក្ស​សង្គ្រោះ​ជាតិ សំដៅ​ដោះស្រាយ​បញ្ហា​ដែល​មិនទាន់ បាន​ស្រុះស្រួល​ជាមួយគ្នា ដើម្បី​គណបក្ស​ទាំងពីរ បានរួម​គ្នា បម្រើ​ផលប្រយោជន៍​របស់​ប្រទេសជាតិ និង​ប្រជាជន​>>​។​
​ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​នេះ នៅ​តែ​រក្សា​​ជំហរ​ចូល​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ដដែល ប៉ុន្តែ​លោក​ថា លុះណាតែ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​សកម្មភាព​គំរាម កំហែង បំភិតបំភិយ ឬ​យក​ប្រព័ន្ធ​តុលាការ​ជា​ធ្នាក់ ដាក់​សម្ពាធ​ចំពោះ​ការចរចា <<​មិន​អាច​ចរចា​ទៅ​បាន​ទេ ដរាបណា​មិនទាន់​មាន​ការលើក លែង បញ្ឈប់​ការចោទប្រកាន់​។ ការចោទប្រកាន់​ដូច​ការប្រើ​ប្រព័ន្ធតុលាការ ដើម្បី​ឈាន​ទៅរក​ការចោទប្រកាន់ កម្មករ មេ​សហជីព និង​អ្នកដឹកនាំ​គណបក្សនយោបាយ ជា​ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បញ្ចប់ បញ្ចប់​បរិយាកាស​បំភិតបំភ័យ​នេះ បាន​អាច​មាន​ការចរចា ជា​ធម្មតា​បាន​ត្រឹមត្រូវ​>>​។​
​ជាមួយគ្នានេះដែរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បន្ថែមថា គណបក្ស​នេះ ចង់ឲ្យ​មាន​ការស៊ើបអង្កេ​ត​ពិត​ប្រាកដ និង​​មាន​ការដោះលែង​កម្មករ​ទាំងអស់ ដែល​មិន​មាន​កំហុស ហើយ​ត្រូវបាន​ឃុំខ្លួន និង​រង​ការចោទប្រកាន់ ជាមុនសិន ទើប​ឈាន​ដល់​ការ​ចរចា​​គ្នា​រវាង​គណបក្ស​ទាំងពីរ​។​
​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា បើ​គណបក្ស​ទាំង​ពីរ​សុទ្ធតែ​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា គឺ​គប្បី​បង្កើត​យន្តការ​ជា​​​​​របៀបវារៈ​រៀងៗ​ខ្លួនក្នុង​កិច្ចចរចា ដើម្បី​ឈានដល់​ការរក​ដំណោះស្រាយ​ទាំងស្រុង និង​មិន​គួរ​ឆ្លើយឆ្លង​គ្នាតាមរយៈ​សារព័ត៌មាន​ឡើយ​ <<​ដំបូង គេ​អង្គុយ​ជុំ​គ្នា​សិន ចរចា​គ្នា​ទៅ​បាន​ដល់​កម្រិត​ណា​។ គេ​មិន​អាច​ចរចា​តាម​កាសែត​សារព័ត៌មាន​បាន គេ​ត្រូវ​អង្គុយ​ជុំគ្នា​។ ហើយ​គេ​ត្រូវ​ពិនិត្យ​មើល​ទៅ ដាក់​ដូច​ពីមុន​អញ្ចឹង​ដែរ គឺ​ដាក់​ក្នុង​របៀបវារៈ​ទៅ​>>​។​
កាលពី​ថ្ងៃ​ទី​២ខែ​មករា គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ផ្អាក​គម្រោង​ចរចា​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេស​គណ បក្ស​​​​ប្រជាជន​កម្ពុជា ដែល​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៣ ខែ​មករា ក្រោម​ហេតុផល​សមត្ថកិច្ច​ប្រើ​ហិង្សា​មក​លើ​កម្មករ និង​ចាប់​ព្រះកាយ​ព្រះ​សង្ឃ តំណាង​សហជីព​កម្មករ​មួយចំនួនទៀត ដែល​ទាមទារ​ដំ​ទ្បើង​ប្រាក់​ឈ្នួល នៅ​មុខ​រោងចក្រ​យ៉ាក​ជិន ដែល​ជា​សកម្មភាព​មួយ​រំលោភ​​​​​លើ​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ។ ចំណែក​គណ​បក្ស​​​​ប្រជាជន​កម្ពុជា ចាត់ទុក​ការផ្អាក​ការចរចា​ភ្លាមៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ខ្វះ​សុ​ឆន្ទៈ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​នយោ​បាយ​​៕


1 comment:

  1. Anonymous3:45 PM

    Si et seulement si Hun Sèn se démissionne!!!

    ReplyDelete