Paris Peace Accords 23 Oct. 1991

Tuesday, January 28, 2014

មនុស្ស​ជិត​ ១​ពាន់​នាក់​ មក​ទទួល​ ការ​ព្យាបាល​ ឥត​គិត​ថ្លៃ​ នៅ​បាត់ដំបង

សុខភាព បាត់ដំបង ៦១០
ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ទៅ​អង្គុយ​រង់ចាំ​ទទួល​សេវា​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៤។
(រូបថត RFA / Soun Sophalmony)

មនុស្ស​ជិត​ ១​ពាន់​នាក់​ មក​ទទួល​ ការ​ព្យាបាល​ ឥត​គិត​ថ្លៃ​ នៅ​បាត់ដំបង

មនុស្ស​ជិត ១​ពាន់​នាក់​ បាន​នាំ​គ្នា​ ទៅ​ទទួល​សេវា ​ព្យាបាល​ជំងឺ​ផ្សេងៗ​ ដោយ​ ឥត​គិត​ថ្លៃ​ នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី / អាស៊ីសេរី | ២៧ មករា ២០១៤
សេវា​ព្យាបាល​នេះ​ផ្ដល់​ជូន​ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ហៅ​ថា Cambodian Health Professionals Association of America។ ការ​ព្យាបាល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល ៦​ថ្ងៃ​ជាប់​គ្នា គឺ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មករា ដល់​ថ្ងៃ​សៅរ៍ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​ជាង ១០០​នាក់​ បាន​ចាប់​ផ្ដើម​សកម្មភាព​មនុស្សធម៌​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ខេត្ត​បាត់ដំបង ដោយ​មាន​កិច្ច​សហការ​ជាមួយ​​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ហើយ​ពួកគេ​បាន​ផ្ដល់​សេវា​ព្យាបាល​សុខភាព​ទាក់ទង​ទៅ​នឹង​ជំងឺ​ផ្សេង​ជូន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​មក​ពី​ខេត្ត​ក្រុង​ផ្សេង​គ្នា​នៅ​ក្នុង​រយៈពេល​ពេញ​មួយ​សប្ដាហ៍។
កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មករា ឆ្នាំ​២០១៤ មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ជិត ១​ពាន់​នាក់​ បាន​ទៅ​ទទួល​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃ​ដំបូង។ រីឯ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំង​ខ្មែរ​និង​បរទេស​ គេ​សង្កេត​ឃើញ​មាន​សកម្មភាព​យ៉ាង​មមាញឹក​ប្រកប​ដោយ​ភាព​សិទ្ធស្នាល​ជាមួយ​អ្នក​ជំងឺ។
វេជ្ជបណ្ឌិត​ ធារី ខេ តាន់ ​(Teri K Tan) ជា​ប្រធាន​ក្រុម​ការងារ​ សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ថ្លែង​ថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សរុប​មាន​ចំនួន​ជាង​១៤០​នាក់​។ ក្នុង​នោះ​៨៥​នាក់​មក​ពី​សហរដ្ឋ​អាមេរិក​ និង​មួយ​ចំនួន​ផ្សេង​ទៀត​ ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ខ្មែរ​ និស្សិត​ពេទ្យ​ មក​ពី​ទី​ក្រុង​ភ្នំពេញ​ និង នៅ​ក្នុង​ខេត្ត​បាត់ដំបង​។
​លោកស្រី​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៤​ហើយ​ដែល​សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក បាន​មក​បំពេញ​សកម្មភាព​មនុស្សធម៌​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នេះ​ជា​លើក​ដំបូង​នៅ​ខេត្ត​បាត់ដំបង។ ជា​រៀងរាល់​ឆ្នាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​បាន​ចុះ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​របស់​ខ្លួន​នៅ​ ដើម​ឆ្នាំ​អំឡុង​ខែ​មករា​ និង​ខែ​កុម្ភៈ៖ «យើង​មក​ទី​នេះ​ដើម្បី​ជួយ​បន្ថែម​ និង​ជួយ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បន្ថែម​​ទៀត​ ដែល​ពួកគេ​កន្លង​មក​មិន​បាន​មក​ដោយ​ហេតុផល​ផ្សេងៗ​ ដូច​ជា​ខ្វះ​ថវិកា។ ឥឡូវ​នេះ​ជាក់​ស្ដែង​យើង​ឃើញ​មាន​ពលរដ្ឋ​កម្ពុជា ច្រើន​នាក់​ បាន​ធ្វើ​ដំណើរ​មក។ ពួកគេ​ចង់​បាន​សេវា​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​មក​ពី​សហរដ្ឋ​អាមេរិក។ ទោះ​យ៉ាង​នេះ​ក្ដី​ ខ្ញុំ​គិត​ថា ពួកគេ​ក៏​ទទួល​បាន​សេវា​ល្អ​ពី​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ដូច​គ្នា​ដែរ»
នៅ​ក្នុង​ទីធ្លា​មន្ទីរពេទ្យ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​រយ​នាក់​ ខ្លះ​អង្គុយ​ចាំ​ និង​ខ្លះ​ទៀត​ ត្រូវ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទទួល​ពិនិត្យ​ព្យាបាល​សុខភាព​ជូន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ ព្រមទាំង​ផ្ដល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ។ ប្រភេទ​ជំងឺ​ ដែល​ត្រូវ​បាន​ការ​ព្យាបាល​នោះ មាន​ដូច​ជា ការ​វះកាត់​ជំងឺ​ទូទៅ វះ​កាត់​ជំងឺ​រោគ​ស្ត្រី​ ពិនិត្យ​ព្យាបាល​មនុស្ស​ចាស់​និង​កុមារ​ ព្យាបាល​សុខភាព​មាត់​ធ្មេញ​ផ្ដល់​នូវ​ដៃ​សិប្បនិមិត្ត​ជូន​ជន​ពិការ​ដៃ ព្យាបាល​ជំងឺ​ត្រចៀក​ ច្រមុះ​ បំពង់ក​ និង​ព្យាបាល​ជំងឺ​សើស្បែក​ជា​ដើម។
ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង ​លោក កាក់ សិលា ថ្លែង​បញ្ជាក់​ថា សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​នេះ​ បាន​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​កន្លែង​រួច​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ឆ្នាំ​២០១៤​នេះ​ គឺ​ជា​បេសកកម្ម​លើក​ទី​៤​ហើយ​ ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​នេះ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា។
លោក កាក់ សិលា៖ «អ៊ីចឹង​គាត់​មក​ផ្ដល់​សេវា​នៅ​ទី​នេះ ​ដោយ​នាំ​មក​នូវ​គ្រូពេទ្យ​វះកាត់​ ហើយ​ស្ថានភាព​មាន​ការ​ពិនិត្យ​ព្យាបាល​ធ្មេញ ព្យាបាល​ជំងឺ​ទូទៅ ព្រមទាំង​សំខាន់​មួយ​ទៀត គឺ​ការ​ជួយ​ផ្ដល់​នូវ​ដៃ​សិប្បនិមិត្ត​ អ៊ីចឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គាត់ គឺ​គាត់​យក​សម្ភារៈ​គាត់​ភាគ​ច្រើន​មក​ ៩០% ហើយ ១០% គឺ​យើង​បំពេញ​ដោយ​មន្ទីរពេទ្យ​យើង»
នៅ​ក្នុង​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល ៦​ថ្ងៃ នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​នេះ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​អាច​ទទួល​អ្នក​ជំងឺ​បាន​ប្រហែល ៦​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ក្រៅ​ពី​ផ្ដល់​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នឹង​រៀបចំ​ក្រុម​ការងារ​ពិសេស​ផ្សេង​ទៀត​ដើម្បី​ចុះ​ទៅ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដូច​គ្នា​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ថ្មគោល នៅ​ថ្ងៃ​ទី​២៨​ រហូត​ដល់​ថ្ងៃ​២៩ ខែ​មករា ឆ្នាំ​២០១៤​ និង​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឬស្សី ចាប់​ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤។ តាម​ការ​បញ្ជាក់​របស់​លោកស្រី ធារី ប្រធាន​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៥​ សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ នឹង​ចុះ​ផ្ដល់​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ជា​ថ្មី​ទៀត​នៅ​ក្នុង​ខេត្ត​ស្វាយរៀង៕



No comments:

Post a Comment