ថ្នាក់ដឹកនាំ សហជីព ភ័យខ្លាច ពីសុវត្ថិភាព របស់ខ្លួន ខណៈ រាជរដ្ឋាភិបាល ប្រកាស ចាត់វិធានការក្តៅ
ដោយ៖ តាំង វីដា និង ពេជ្រ សុធារី / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014
ថ្នាក់ដឹកនាំ សហជីព មួយចំនួន នៅព្រឹកថ្ងៃច័ន្ទនេះ សម្តែងពី ការព្រួយបារម្ភ ពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ បន្ទាប់ពីរាជរដ្ឋាភិបាល ប្រកាសចាត់វិធានការក្តៅ ដោយបំបែក ការប្រមូលផ្តុំ និងចាប់ខ្លួន អ្នកតវ៉ា ដោយហិង្សា។
ប្រធានសហព័ន្ធសហជីពនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា លោកស្រី ម៉ម ញឹម ឲ្យដឹងថា ខណៈពេលនេះ សហជីពទាំង៩ ដែលដឹកនាំកម្មករតវ៉ា ទាមទារប្រាក់ឈ្នួលគោល ១៦០ដុល្លារ បាននិងកំពុងរងការភ័យខ្លាច និងមិនហ៊ានកោះប្រជុំ ឬមានវិធានការអ្វីនៅឡើយទេ ខណៈរដ្ឋាភិបាលប្រកាសចាត់វិធានការក្តៅ ចំពោះអ្នកតវ៉ារឿងប្រាក់ឈ្នួលកម្មករនេះ ៖
ចំណែក ប្រធានសហព័ន្ធសហជីព កម្មករនិយោជិត វិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា តំណាងសហជីពធំៗទាំង៩ កំពុងរងការគំរាមកំហែងពីសមត្ថកិច្ច និងសម្ពាធពីប្រព័ន្ធតុលាការ។ តែទោះជាយ៉ាងណា លោកថា សហជីពទាំងនោះ នឹងបន្តស្វែងរកវិធានការអហិង្សាជាបន្តទៀត ដើម្បីរកដំណោះស្រាយជូនកម្មករ ៖
VOD បានព្យាយាមទាក់ទងទៅកាន់ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពចលនាកម្មកររបស់លោក ប៉ាវ ស៊ីណា ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន និងតំណាងសហជីពមួយចំនួនទៀត ប៉ុន្តែទូរស័ព្ទខ្លះត្រូវបានបិទ និងខ្លះទៀត មិនអាចទទួលការហៅចូល។
បើតាម លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កម្មករវិស័យកាត់ដេរភាគច្រើន បានចូលបំពេញការងាររបស់ខ្លួនវិញ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីបើកប្រាក់ឈ្នួល ហើយនិងត្រឡប់ទៅស្រុកកំណើតវិញ ព្រោះបារម្ភពីសុវត្ថិភាព និងគេចពីការបង្ក្រាបរបស់សមត្ថកិច្ច។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុកសហជីពដែលរងការភ័យខ្លាចទាំងនេះ ថាជាក្រុមបង្កចលាចល។ លោកថា សហជីពទាំងនេះ នឹងយកករណីនេះ ជាមេរៀនមួយ បញ្ឈប់ការញុះញង់ឲ្យមានហិង្សា ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ៖
បន្ទាប់ពីក្រុមប្រឹក្សាការងារសម្រេចដំឡើងប្រាក់ឈ្នួលកម្មករពី៨០ទៅ៩៥ដុល្លារ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ កម្មករមួយចំនួននៅរាជធានីភ្នំពេញ និងនៅតាមបណ្តារោងចក្រនានាក្នុងប្រទេសកម្ពុជា បានធ្វើបាតុកម្ម-កូដកម្ម តវ៉ានឹងការសម្រេចនេះ ដោយពួកគេទាមទារដំឡើងប្រាក់ឈ្នួលគោលដល់១៦០ដុល្លារក្នុងមួយខែ។ ការតវ៉ា បានឈានដល់កើតមានអំពើហិង្សា បណ្តាលឲ្យកម្មករជាច្រើននាក់ស្លាប់ និងរងរបួស ហើយមួយចំនួនទៀតត្រូវបានចាប់ខ្លួន នៅពេលដែលកម្លាំងប្រដាប់អាវុធ បានចុះបង្ក្រាប។
កាលពីថ្ងៃទី ៣០ខែធ្នូឆ្នាំ២០១៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចោទសហជីពចំនួន៥ និងសមាគមមួយ ថាកំពុងញុះញង់ដឹកនាំកម្មករឲ្យធ្វើបាតុកម្មប្រឆាំងនឹងសេចក្តីសម្រេច របស់ក្រសួង និងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនដែលបន្តសកម្មភាពញុះញង់ បង្កការរំខានដល់កម្មករនិយោជិត និងរោងចក្រសហគ្រាសទាំងនោះ៕
No comments:
Post a Comment