សាលារាជធានីភ្នំពេញ ហាម បក្សប្រឆាំង ធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ មិនមាន ថ្ងៃកំណត់
ដោយ៖ ថុល ស្រីលក្ខណ៍ / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014
សាលារាជធានីភ្នំពេញ ប្រកាសមិនឲ្យគណបក្សសង្គ្រោះជាតិ បន្តការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងដង្ហែនៅតាមផ្លូវរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៤ខែមករាឆ្នាំ២០១៤ រហូតសណ្តាប់ធ្នាប់នៅកម្ពុជា មានភាពប្រសើរឡើងវិញ ដោយមិនមានពេលកំណត់។
លិខិតរបស់សាលារាជធានីភ្នំពេញ ចុះកាលបរិច្ឆេទកាលពីថ្ងៃទី០៤ខែមករា ផ្ញើជូនគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា តាមមាត្រា៩ចំណុច២ច្បាប់ស្តីពី ការធ្វើបាតុកម្មដោយសន្តិវិធី អាជ្ញាធរក៏មានសិទ្ធិ បដិសេធរាល់ការធ្វើបាតុកម្មទាំងឡាយណា ដែលអាចបង្កគ្រោះថ្នាក់ ឬអាចនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ:។
លិខិតរបស់សាលារាជធានីភ្នំពេញបន្ថែមថា ផ្អែកមាត្រា៩ ចំណុច២ សាលារាជធានី មិនអនុញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មនៅទីលានប្រជាធិតេយ្យ និងដង្ហែក្បួននៅតាមដងផ្លូវនានានៅរាជធានីភ្នំពេញឡើយ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ តទៅរហូតទាល់តែសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: មានភាពប្រក្រតីឡើងវិញ។
បន្ទាប់ពីការបង្ក្រាបនៅទីលានប្រជាធិបតេយ្យ កាលពីសប្តាហ៍មុន ចរាចរណ៍នៅម្តុំទីលានប្រជាធិបតេយ្យ ត្រូវបានបើកឲ្យដំណើរការធម្មតានៅព្រឹកថ្ងៃចន្ទនេះ តែនៅតែមានសមត្ថកិច្ចយាមកាមជាធម្មតា។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃអាទិត្យ ថ្លែងទៅកាន់អ្នកសារព័ត៌មានថា ការបង្ក្រាបរបស់សមត្ថកិច្ចនៅទីលានប្រជាធិបតេយ្យ គឺដោយសារគណបក្សប្រជាជនកម្ពុជា ខ្លាចមានភាពអាម៉ាស់ ពេលប្រារព្ធពិធីបុណ្យ៧មករា ដែលនឹងមានអ្នកចូលរួមតិចជាងគណបក្សសង្គ្រោះជាតិ។ លោកថា ទោះជាយ៉ាងណា គណបក្សនៅតែប្រកាន់ជំហរធ្វើបាតុកម្មអហិង្សា រហូតដល់សម្រេចគោលដៅរបស់ខ្លួន៕
No comments:
Post a Comment