Paris Peace Accords 23 Oct. 1991

Tuesday, January 7, 2014

ពលរដ្ឋ​ នៅ​សៀមរាប​ អះអាង​ថា​ បទ​ល្មើស​នេសាទ​ ក្នុង​បឹង​ទន្លេសាប​ កើន​ឡើង

ពលរដ្ឋ​ នៅ​សៀមរាប​ អះអាង​ថា​ បទ​ល្មើស​នេសាទ​ ក្នុង​បឹង​ទន្លេសាប​ កើន​ឡើង

អង្គការ​ ក្រៅ​រដ្ឋាភិបាល​ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ នឹង​ធនធាន​មច្ឆាជាតិ កំពុង​សម្ដែង​ ក្ដី​ព្រួយ​បារម្ភ​​ លើ​បទ​ល្មើស​នេសាទ​ ក្នុង​បឹង​ទន្លេសាប ដែល​កំពុង​កើត​ឡើង ហើយ​មាន​ ការ​បង្ក្រាប​តិចតួច​ ពី​ សមត្ថ​កិច្ច។ សហគមន៍​នេសាទ ក៏​ដូច​ជា​ អង្គការ​ ក្រៅ​រដ្ឋាភិបាល បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន សកម្មភាព​​ នេសាទ​ ខុស​ច្បាប់​ កំពុង​កើត​មាន​តាម​​ តំបន់​​ នៃ​បណ្ដា​ខេត្ត​ ទាំង​៥​ នៅ​ជុំវិញ​ បឹង​ទន្លេសាប។
ដោយ ហង្ស សាវយុត / វិទ្យុអាស៊ីសេរី | ០៧ មករា ២០១៤
អ្នក​នេសាទ ៣០៥
១៦-កុម្ភៈ-២០១៣៖ កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប កំពុង​នាំ​ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់ និង​រឹប​អូស​យក​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន បន្ទាប់​ពី​បង្ក្រាប​នៅ​ក្នុង​បឹង​ទន្លេសាប នៃ​តំបន់​ចុងឃ្នៀស។
RFA/Hang Savyouth
ប្រជា​នេសាទ​មួយ​ចំនួន​នៅ​តំបន់​ចុងឃ្នៀស សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​អះអាង​ថា សកម្មភាព​នេសាទ​ត្រី​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប ជិត​តំបន់​ពួក​គេ​រស់​នៅ​កំពុង​កើត​មាន​ជា​រៀង​រាល់​យប់។
ការ​នេសាទ​ខុស​ច្បាប់​នោះ បាន​កើត​មាន​តាំង​តែ​ពី​រដូវ​បើក​នេសាទ​កាល​ពី​ខែ​តុលា ហើយ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​នេះ។
បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​នេសាទ​ជាច្រើន​ទៀត​នៅ​តំបន់​ចុងឃ្នៀស។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា ថា ជា​រៀង​រាល់​យប់​មាន​កាណូត​ជាច្រើន​គ្រឿង បាន​ចេញ​នេសាទ​ត្រី​ខុស​ច្បាប់។ ប្រជា​នេសាទ​បាន​ឃើញ​សកម្មភាព​ទាំង​នេះ ហើយ​តែង​រាយការណ៍​ប្រាប់​មន្ត្រី​រដ្ឋបាល​ជលផល ក៏ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​មាន​ការ​បង្ក្រាប​ទេ៖ «វា​ចេញ​រាល់​ថ្ងៃ ទាំង​យួន ទាំង​ខ្មែរ ព្រលប់​ភ្លឹប​វា​ចេញ​មក​គគ្រឹក។ កាណូត​កណ្ដាល​ទន្លេ។ ទាំង​យួន ទាំង​ខ្មែរ ៣០​កាណូត ជិត ៤០​កាណូត។ ម៉ាញ់ ស៊ីប មាន​តែ​២​ហ្នឹង​ឯង​ខ្លាំង​ជាង​គេ។ នៅ​ម្ដុំ​ពាម ចុងឃ្នៀស ហ្នឹង​ឯង យប់​មិញ​ខ្ញុំ​នៅ​កណ្ដាល​ទន្លេ​ចំ។ ត្រី​វា​អត់​លក់​ទេ វា​ដាក់​អូប័រ​ស្មាច់​មក​កន្លែង​ស្តង់​ត្រី​ចុងឃ្នៀស ហ្នឹង»
បុរស​ដដែល​អះអាង​ថា តាម​ការ​សាកសួរ​ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់​ខ្លះ និយាយ​ថា គេ​បាន​បង់​លុយ​ចំនួន ២០០​ដុល្លារ ទៅ​ឱ្យ​មន្ត្រី​រដ្ឋបាល​ជលផល​ក្នុង​កាណូត ១​គ្រឿង ជា​ថ្នូរ​នឹង​ការ​មិន​ឱ្យ​បង្ក្រាប​នៅ​ពេល​ដែល​ពួក​គេ​ចេញ​នេសាទ​ខុស​ច្បាប់។ ក្រុម​ប្រជា​នេសាទ​បាន​ព្រមាន​ថា គេ​កំពុង​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ឱ្យ​បាន ១០០​នាក់ ដើម្បី​ធ្វើ​ពាក្យ​បណ្ដឹង​ប្រឆាំង​ទៅ​នឹង​សកម្មភាព​នេសាទ​ខុស​ច្បាប់​ទាំង​នោះ។
នាយ​ផ្នែក​រដ្ឋបាល​ជលផល​ចុងឃ្នៀស លោក កែវ ស្រីសុភ័ក្រ បាន​បដិសេធ​ចោល​ការ​អះអាង​របស់​ប្រជាពលរដ្ឋ ដែល​ថា​មាន​ការ​នេសាទ​ខុស​ច្បាប់​នោះ។ លោក កែវ ស្រីសុភ័ក្រ បាន​បញ្ជាក់​ថា បឹង​ទន្លេសាប នៃ​តំបន់​ចុងឃ្នៀស មាន​ទំហំ​តូច គឺ​លោក​មិន​ជឿ​ថា​អាច​ប្រើ​កាណូត ៣០-៤០​គ្រឿង ធ្វើ​សកម្មភាព​នេសាទ​ខុស​ច្បាប់​បាន​ទេ។
មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​បន្ថែម​ថា លោក និង​ក្រុម​ការងារ​តែង​ចុះ​ល្បាត​នៅ​ក្នុង​តំបន់​នោះ មិន​ដែល​ប្រទះ​ឃើញ​ការ​នេសាទ​ត្រី​ខុស​ច្បាប់​ឡើយ៖«គ្មាន​ទេ ពីរ​យប់ ពីរ​ថ្ងៃ ខ្ញុំ​ចុះ​ម្ដង។ ជួន​កាល​ឃើញ​ដឹក​ត្រី​មក​មែន តែ​ដឹក​ពី​បាត់ដំបង អី​មក​ឯណោះ។ ខ្ញុំ​តាម​មើល​ទៅ​ដូច​អត់​មាន​ផង ខ្ញុំ​តាម​រាល់​តែ​យប់ ២-៣​យប់​ដែរ​ហ្នឹង»
ទោះ​យ៉ាង​ណា លោក កែវ ស្រីសុភ័ក្រ ទទួល​ស្គាល់​ថា វា​អាច​មាន​ការ​នេសាទ​ខុស​ច្បាប់​តិចតួច​នៅ​ពេល​ដែល​សមត្ថកិច្ច​ឆក់​ល្វែង ក៏ប៉ុន្តែ​មិន​មែន​មន្ត្រី​ជំនាញ​ទទួល​សំណូក​ជា​លុយ​កាក់ ហើយ​មិន​បង្ក្រាប​ដូច​អ្នក​ភូមិ​ចោទ​ប្រកាន់​នោះ​ទេ។
មន្ត្រី​សម្រប​សម្រួល​កម្មវិធី​បឹង​ទន្លេសាប របស់​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក មិញ ប៊ុនលី បាន​មាន​ប្រសាសន៍​ថា ជា​ការ​ពិត ពេល​បច្ចុប្បន្ន​លោក​តែង​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា បទ​ល្មើស​នេសាទ​កំពុង​កើត​មាន​នៅ​តាម​តំបន់​ជា​ច្រើន​នៃ​ខេត្ត​សៀមរាប ខេត្ត​ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និង​កំពង់ឆ្នាំង។ បទ​ល្មើស​ទាំង​នោះ ជួន​កាល​មាន​ការ​បង្ក្រាប​ខ្លះ និង​ជួន​កាល​អាច​មាន​ការ​ត្រូវរ៉ូវ​គ្នា​រវាង​អ្នក​នេសាទ​ខុស​ច្បាប់​ជាមួយ​សមត្ថកិច្ច ហើយ​បទ​ល្មើស​ទាំង​នោះ​មិន​មាន​ការ​បង្ក្រាប​ទេ។
អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល បាន​ឱ្យ​ដឹង​ថា កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ គេ​ធ្លាប់​រាយការណ៍​អំពី​បទ​ល្មើស​នេសាទ​ជាច្រើន​ករណី​នៅ​ក្នុង​បឹង​ទន្លេសាប ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ នាយកដ្ឋាន​រដ្ឋបាល​ជលផល​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ៕

No comments:

Post a Comment