គ្រូបង្រៀន ជិត១ម៉ឺននាក់ នៅបាត់ដំបង មិនទាន់បាន បើកប្រាក់ ខែធ្នូ
ក្រុមគ្រូបង្រៀនជិត ១ម៉ឺននាក់ នៅទូទាំងខេត្តបាត់ដំបង ពួកគេនៅពុំទាន់បានបើកប្រាក់ខែប្រចាំខែធ្នូ ឆ្នាំ២០១៣ នោះឡើយ ខណៈដែលគ្រូបង្រៀននៅតាមបណ្ដាខេត្តក្រុងជាច្រើនផ្សេងទៀត បើកបានប្រាក់បៀវត្សនោះរួចរាល់ទៅហើយ។ បញ្ហានេះ អាចបង្កឲ្យមានបរិយាកាសអាប់អួថែមទៀត ចំពោះវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ក្រុមបុគ្គលិកអប់រំទាំងនោះត្អូញត្អែរថា ការមិនទទួលបានប្រាក់ខែទាន់ពេលវេលា ធ្វើឲ្យពួកគាត់ជួបការលំបាកខ្លាំងលើការងារជីវភាពប្រចាំថ្ងៃ។ ក្រៅពីជួបការលំបាកក្នុងជីវភាព បញ្ហានេះបានបង្កផលប៉ះពាល់ដល់វិស័យអប់រំថែមទៀត៖ «គ្រូខ្លះគាត់បាក់ទឹកចិត្តមិនចង់មកបង្រៀន ហើយគ្រូខ្លះទៀតគាត់ត្រូវការលុយដើម្បីផ្គត់ផ្គង់ជីវភាព ជាពិសេសគ្រូបង្រៀនបឋមតែម្ដង ព្រោះគ្រូបឋមគាត់សង្ឃឹមលុយហ្នឹងឯង ព្រោះគាត់អត់មានបង្រៀនលើសអីទេ ជាទូទៅខែ១២ ឆ្នាំ២០១៣ ហ្នឹង គេបើកតាំងពីថ្ងៃ២០ជាង។ អ៊ីចឹងសុំឲ្យសំណូមពរបើកឲ្យឆាប់ ព្រោះអាហ្នឹងវាប៉ះពាល់ដល់គុណភាពអប់រំក្នុងប្រទេសកម្ពុជា យើងផង ប៉ះពាល់ដល់ជីវភាពគ្រូ និងសិស្សផង។ បើសិនគ្រូបង្រៀនអត់មានប្រាក់ខែ អ៊ីចឹងទៅធ្វើឲ្យគាត់ហ្នឹងបង្កើតមុខរបរទី២ខុសពីគ្រូបង្រៀន»។
ទាក់ទិនបញ្ហាប្រាក់ខែគ្រូបង្រៀននេះ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក យ៉ាត កំសាន្ត យល់ថា ភាពយឺតយ៉ាវក្នុងការមិនបានបើកប្រាក់ខែទាន់ពេលវេលានេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រូបង្រៀន។ លោកថា ថ្វីត្បិតប្រាក់ខែគ្រូបង្រៀននាពេលបច្ចុប្បន្ននេះមានចំនួនតិច មិនមានតុល្យភាពទៅនឹងតម្លៃទំនិញនៅលើទីផ្សារក៏ដោយ ប៉ុន្តែការទទួលបានប្រាក់ខែទាន់ពេលវេលា ជារឿងសំខាន់សម្រាប់គ្រូបង្រៀនគ្រប់រូប៖ «ក្នុងនាមខ្ញុំជាអង្គការសង្គមស៊ីវិល ខ្ញុំសុំធ្វើម៉េចធានាប្រាក់ខែគ្រូឲ្យបានទាន់ពេលវេលា ដើម្បីឲ្យជីវភាពគាត់ដែលពឹងពាក់លើប្រាក់បៀវត្ស កុំធ្លាក់ដុនដាប»។
ការលើកឡើងពីភាពយឺតយ៉ាវក្នុងរឿងប្រាក់ខែនេះ ត្រូវបានធ្វើឡើងស្របពេលដែលសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរបស់ លោក រ៉ុង ឈុន មួយចំនួននាំគ្នាធ្វើកូដកម្មមិនចូលបង្រៀនសិស្សតាមសាលារៀនមួយចំនួននៅបណ្ដាខេត្តនានា។ កន្លងទៅនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រកាសធ្វើកូដកម្មមិនចូលបង្រៀនសិស្សនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ នេះ ក៏ព្រោះតែរឿងប្រាក់ខែនេះដូចគ្នា។ គោលបំណងសំខាន់ គឺពួកគេទាមទារឲ្យរដ្ឋាភិបាលបើកប្រាក់ខែឲ្យគ្រូបង្រៀនទាន់ពេលវេលា និងទាមទារដំឡើងប្រាក់ខែឲ្យគ្រូបង្រៀនទទួលបាន ១លានរៀនក្នុងមួយខែ។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា គម្រោងធ្វើកូដកម្មនេះពុំបានធ្វើឡើងដោយទូលំទូលាយនោះឡើយ។ បញ្ហានេះក៏ដោយសារមានសម្ពាធពីរដ្ឋាភិបាល ដែលបានប្រើកងកម្លាំងប្រដាប់អាវុធបង្ក្រាបទៅលើក្រុមបាតុកររោងចក្រកាត់ដេរ និងការវាយបំបែកក្រុមបាតុកររបស់គណបក្សប្រឆាំងមិនឲ្យជួបប្រជុំគ្នាជាបន្តបន្ទាប់។ ជាក់ស្ដែង នៅសាលានានាគេសង្កេតឃើញថា នៅតែបន្តបើកទ្វារបង្រៀនសិស្សជាដដែល។
ប្រភពពីគ្រូបង្រៀន និងនាយកសាលាខ្លះបង្ហើបឲ្យដឹងថា ពួកគេគាំទ្រគោលការណ៍ធ្វើកូដកម្មរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលទាមទារដំឡើងប្រាក់ខែ ប៉ុន្តែក្រុមគ្រូបង្រៀនទាំងនោះមិនហ៊ានចេញមុខតវ៉ា ឬចូលរួមនោះឡើយ៕
No comments:
Post a Comment