ថ្ងៃទី 10 មករា 2014 | ដោយ: សូផុន / CEN
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានទៅជួបសមាជិកខ្លួន នៅទីស្នាក់ការបក្សខេត្តបន្ទាយមានជ័យ នាពេលកន្លងមក
បន្ទាយមានជ័យ: អាជ្ញាធរដែនដី នៃខេត្តបន្ទាយមានជ័យ បានព្រមានមេបក្សប្រឆាំង មិនឲ្យដើរដង្ហែក្បួន នៅពេលជួបជុំជាមួយសមាជិក សមាជិការបស់ខ្លួន នាពេលខាងមុខនេះ។
លោក កែរ សម្ផស្ស អនុប្រធានគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គ្រោងនឹងមកជួបសមាជិកខ្លួន នៅទីស្នាក់ការបក្សខេត្ត នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤។
លោកបានឲ្យដឹងទៀតថា លោក មាជ សុវណ្ណារ៉ា អនុប្រធានក្រុមការងារថ្នាក់កណ្ដាល របស់គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ បានដាក់លិខិតស្នើសុំមួយ ជូនលោកអភិបាលខេត្តបន្ទាយមានជ័យ។
តំណាងគណៈអភិបាលខេត្ត លោក អោម ចន្ថា នាយករដ្ឋបាល សាលាខេត្តបន្ទាយមានជ័យ បានត្រូវចាត់តាំងឲ្យជួបពិភាក្សាជាមួយតំណាងគណបក្សសង្គ្រោះជាតិប្រចាំខេត្ត អំពីការជួបជុំរវាងមេបក្សប្រឆាំង និងសមាជិករបស់ខ្លួននោះ។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ ក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីលទ្ធកម្មរដ្ឋបាលខេត្ត និងស្រុក/ក្រុងថា: ក្នុងពិធីជួបជុំ រវាងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងសមាជិករបស់ខ្លួន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ អាជ្ញាធរដែនដី បានណែនាំថា ទី១- ត្រូវជួបជុំតែក្នុងបរិវេណស្នាក់ការបក្ស។ ទី២- ហាមហែជាក្បួនតាមផ្លូវ។ ទី៣- ហាមបង្កប៉ះពាល់សណ្ដាប់ធ្នាប់ និងបំពងសម្លេងខ្លាំង។ ទី៤- សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងបរិវេណស្នាក់ការប្រជុំ គឺទទួលខុសត្រូវខ្លួនឯង៕
No comments:
Post a Comment