អ្នកបុរីកីឡា ដាក់ប្រមូលផ្តុំ នៅមុខសាលារាជធានី ភ្នំពេញ (រូបថត ជន ស្រីណុច)
ពលរដ្ឋ មានជម្លោះដីធ្លី រ៉ាំរ៉ៃ នៅរាជធានីភ្នំពេញ ប្រមូលផ្តុំ នៅមុខសាលាក្រុង ទាមទារពន្លឿន ការដោះស្រាយ បញ្ហាដីធ្លី
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃចន្ទ ទី27 ខែមករា ឆ្នាំ2014
ក្រុមប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃនៅរាជធានីភ្នំពេញ ប្រមូលផ្តុំគ្នា យកញត្តិទៅដាក់នៅសាលារាជធានី ដើម្បីទាមទារឲ្យស្ថាប័នមួយនេះ ពន្លឿនការដោះស្រាយបញ្ហាផ្ទះសម្បែងរបស់ពួកគេ ខណៈបច្ចុប្បន្នពលរដ្ឋទាំងនោះគ្មានទីជម្រកពិតប្រាកដ។
នៅព្រឹកថ្ងៃចន្ទនេះ ពលរដ្ឋមានជម្លោះដីធ្លី៣សហគមន៍ប្រមាណជា៣០នាក់ រួមមានបុរីកីឡា អតីតអ្នកបឹងកក់ និងសហគមន៍៣៤៧ យកញត្តិទៅដាក់ឲ្យអភិបាលក្រុង ដើម្បីជំរុញឲ្យពន្លឿនការដោះស្រាយបញ្ហារបស់ពួកគេ។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន មានប្រសាសន៍នៅមុខសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករានេះថា ប្រជាពលរដ្ឋដែលកំពុងរស់នៅយ៉ាងលំបាកនៅតំបន់បុរីកីឡា សុំបដិសេធទាំងស្រុងចំពោះចំណាត់ការរបស់សាលាក្រុង ដែលគ្រោងនឹងរុះរើជម្រកលើគំនរសំរាមសព្វថ្ងៃ ហើយឲ្យពួកគាត់ទៅនៅក្នុងជម្រកបណ្តោះអាសន្ន ដែលសាលាក្រុងចាត់ចែង។ អ្នកស្រីបន្តថា ពួកគេមិនត្រូវការអាគារបណ្តោះអាសន្នអីនោះទេ គឺពួកគេទាមទារឲ្យសាលាក្រុងសាងសង់ទីអាគារ៩ និងទី១០ ប្រគល់ឲ្យពួកគាត់ ជាថ្នូរនឹងការរុះរើទីលំនៅបច្ចុប្បន្នរបស់ពួកគាត់ «បងប្អូនខ្ញុំ ជាប្រជាពលរដ្ឋនៅក្នុងសហគមន៍បុរីកីឡា គ្រាន់តែមានការដាក់ញត្តិ មួយសន្លឹកទៅខាងលោកអភិបាល ដើម្បីឲ្យមានការដោះស្រាយឲ្យបានឆាប់ ព្រោះអ្វីដែលគោលបំណងរបស់នាងខ្ញុំចង់បាន គឹមិនចង់បានជម្រកបណ្តោះអាសន្នទេ អ្វីដែលខ្ញុំចង់បានជាក់ស្តែង គឺសុំឲ្យគាត់ធ្វើអគារទី៩ ទី១០ ឲ្យពួកខ្ញុំឲ្យបានឆាប់ ពេលនោះហើយ ដែលពួកខ្ញុំនឹងរើដោយខ្លួនឯង មិនបាច់ឲ្យគាត់មករុះរើ ឬមកសំអាតឲ្យពួកខ្ញុំក៏បានដែរ តែសំខាន់ត្រូវតែធ្វើឲ្យគ្រប់ ចំនួនកិច្ចសន្យាដែលបានសន្យាជាមួយប្រជាពលរដ្ឋ តាំងពីឆ្នាំ២០០៤»។
ចំណែកឯអ្នកស្រី ឯក ម៉ាលីណា តំណាងប្រជាពលរដ្ឋមកពីសហគមន៍ផ្លូវ ៣៤៧ សង្កាត់បឹងកក់ ១ រៀបរាប់ថា ពួកគាត់ទៅសាលាក្រុងថ្ងៃនេះ គឺទាមទារឲ្យ លោក ប៉ា សុជាតិវង្ស ជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគេ ដែលបានកើតមានច្រើនឆ្នាំមកហើយ។ អ្នកស្រីសំណូមពរឲ្យសាលាក្រុងដោះស្រាយឲ្យបានឆាប់ៗ ហើយបញ្ឈប់ការសន្យាខ្យល់ទៀត «តាមពិតទៅពួកខ្ញុំមានបញ្ហា អាជ្ញាធរបោកប្រាស់ បោកបញ្ឆោតពួកខ្ញុំ ម្តងជាពីរដង ជាបីដង ភូតភរកុហកដើម្បីឲ្យពួកខ្ញុំ ចាកចេញទៅនៅតំបន់ថ្មីដែលដោយឥតលក្ខខណ្ឌ ពួកខ្ញុំអត់ទទួលបានទេ គោលនយោបាយនេះ ព្រោះពួកខ្ញុំមកនៅតាំងពី ខ្លះមកនៅតាំងពី ១៩៨០ ខ្លះនៅ១៩៩០ គិតទៅនៅ២០ឆ្នាំជាងហើយ»។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ មានប្រសាសន៍ថានេះគឺជាបញ្ហាដែលរ៉ាំរ៉ៃមកហើយ ក៏ព្រោះតែការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ លោកបន្តថា អាជ្ញាធរគួរតែ ជួយអន្តរាគមន៍ជូនពួកគាត់ ឲ្យមានទីលំនៅត្រឹមត្រូវ ដោយសារតែការបណ្តេញចេញនេះឲ្យបានឆាប់ ទើបអាចទប់ស្កាត់ការតវ៉ាធំបាន «ប្រសិនជាគាត់មិនដោះស្រាយទេ នោះគឺប្រជាពលរដ្ឋគាត់នឹងរួបរួមគ្នា កាន់តែច្រើនឡើងៗ ហើយការទាមទារនេះកាន់តែ ពុះកញ្ជ្រោលខ្លាំងទៅទៀត។ ដូច្នេះវាជាបន្ទុកសម្រាប់សាលារាជធានីភ្នំពេញ រវល់តែដោះស្រាយបញ្ហាដែលអ្នកមុនបានបន្សល់ទុកនោះ»។
ទោះជាមានការប្រមូលផ្តុំនៅមុខសាលាក្រុងក្តីក៏មិនមានមន្ត្រីណាមួយចេញមកទទួលញតិ្តដែរ ។ VOD មិនអាចទាក់ទង អ្នកនាំពាក្យសាលារាជភ្នំពេញ លោក ឡុង ឌីម៉ង់បានទេ ចំណែកអភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ទទួលទូរស័ព្ទហើយប្រាប់ថាជាប់ប្រជុំ ។
មុននឹងមកដល់សាលាក្រុងនៅព្រឹកមិញ ម៉ោងប្រមាណ៨សមត្ថកិច្ច ប្រមាណ៥០នាក់ប្រដាប់ដោយខែល និងដំបង បានប៉ះទង្គិចគ្នាបន្តិចបន្តួច ជាមួយក្រុមស្ត្រីអ្នកបុរីកីឡា ខណៈដែលសមត្ថកិច្ចបានបិទផ្លូវនៅក្បែរតំបន់បុរីកីឡា ហើយក្រុមស្ត្រីទាំងនោះ ព្យាយាមទម្លុះផ្លូវយកញត្តិទៅដាក់ឲ្យ អភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ។
ក្រុមហ៊ុន ផានអ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន បានបណ្តេញពលរដ្ឋសហគមន៍បុរីកីឡាចេញតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ ហើយបច្ចុប្បន្នពលរដ្ឋ ដែលមិនទាន់ទទួលបានសំណងមានចំនួន ១១៧គ្រួសារ៕
No comments:
Post a Comment