Paris Peace Accords 23 Oct. 1991

Monday, January 27, 2014

ពលរដ្ឋ​ នៅ​ព្រៃវែង​ បារម្ភ​ ពី​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ ខុស​ច្បាប់​ របស់​ ជនជាតិ​វៀតណាម

វៀតណាម ចិញ្ចឹម​ត្រី ព្រៃវែង ៦១០
២៦-មករា-២០១៤៖ ជនជាតិ​វៀតណាម រៀបចំ​ចំណី​ឲ្យ​ត្រី​ឆ្ដោរ​ដែល​ខ្លួន​ចិញ្ចឹម​ក្នុង​ស្រះ​នា​ខេត្ត​ព្រៃវែង។
(រូបថត RFA / Hum Chamroeun)

ពលរដ្ឋ​ នៅ​ព្រៃវែង​ បារម្ភ​ ពី​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ ខុស​ច្បាប់​ របស់​ ជនជាតិ​វៀតណាម

ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ដែល​ច្បាប់​ហាម​ឃាត់ ​​គឺ​ជា​ផ្នែក​មួយ​ដែល​បង្ក​ឲ្យ​មាន​ការ​កើត​បទល្មើស​នេសាទ​​​ខុស​ច្បាប់​​ច្រើន​នៅ​ក្នុង​ខេត្ត​ព្រៃវែង។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ភូមិ​មាន​ការ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ធនធាន​ត្រី​ធម្មជាតិ​ដែល​ប្រជា​នេសាទ​ចាប់​យក​ទៅ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ ហើយ​ប្រជាពលរដ្ឋ​សុំ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ទប់​ស្កាត់​សកម្មភាព​នេះ។
ដោយ ហ៊ុំ ចំរើន / អាស៊ីសេរី​ | ២៧ មករា​ ២០១៤
ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​អនាធិបតេយ្យ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម កំពុង​មាន​សន្ទុះ​កើន​ឡើង​នៅ​ ក្រុង​និង​ខេត្ត​ព្រៃវែង។
ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ដែល​មាន​ទំហំ​ទទឹង​ប្រមាណ​ជា ៣០​ម៉ែត្រ និង​បណ្ដោយ ៤០​ម៉ែត្រ របស់​ជនជាតិ​ វៀតណាម ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ស្ពាន​ឯករាម នៃ​ភូមិ​ជើងទឹក សង្កាត់​ជើងទឹក ក្រុង​ព្រៃវែង។
ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ភូមិ​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​​របស់​ជនជាតិ​វៀតណាម​ បញ្ជាក់​ថា ម្ចាស់​ដី​ស្រះ​ជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជួល​​ឲ្យ​ទៅ​ជនជាតិ​វៀតណាម ហើយ​ជនជាតិ​វៀតណាម​ បាន​យក​ស្រះ​នោះ​ទៅ​សាកល្បង​ចិញ្ចឹម​ត្រី​ឆ្ដោរ លាយ​ជាមួយ​​ត្រី​ប្រា មាន​រយៈពេល​ប្រមាណ​ជិត​មួយ​ឆ្នាំ​ហើយ។
ប្រជាពលរដ្ឋ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​រស់​នៅ​ភូមិ​ជើងទឹក មាន​ប្រសាសន៍​បញ្ជាក់​ថា កូន​ត្រី​តូច​ធំ​រាប់​សិប​គីឡូក្រាម​ ត្រូវ​បាន​ជនជាតិ​វៀតណាម​ ប្រមូល​ទិញ​ពី​ប្រជា​នេសាទ ក្នុង​នោះ​មាន​ប្រជា​នេសាទ​ខ្មែរ និង​វៀតណាម​ផង ដែល​បាន​ធ្វើ​នេសាទ​ចាប់​កូន​ត្រី​មួយ​ផ្នែក​ពី​ប្រជា​នេសាទ​នៅ​ក្នុង​ឃុំ​ព្រែកកន្លោង នៃ​ស្រុក​ពោធិ៍រៀង និង​ពី​ប្រជា​នេសាទ​មួយ​ចំនួន​ទៀត​ នៅ​តំបន់​នេសាទ នៃ​សង្កាត់​ជើងទឹក ក្រុង និង​ខេត្ត​ព្រៃវែង។
ប្រជាពលរដ្ឋ​ដដែល​ថ្លែង​បន្ត​ថា​ លោក​តែង​សង្កេត​ឃើញ​ជនជាតិ​វៀតណាម ដឹក​កូន​ត្រី​ដែល​ទិញ​ពី​ប្រជា​នេសាទ​ជា​រៀង​រាល់​ព្រឹក ហើយ​ក្នុង​មួយ​ថ្ងៃ យ៉ាង​ហោច​ណាស់​ក៏​ប្រហែល​ពី ៥០ ទៅ ៨០​គីឡូក្រាម​ត្រី​​ដែរ៖ «ខ្ញុំ​ជា​ប្រជាពលរដ្ឋ​សោក​ស្ដាយ​មហា​សែន​សោក​ស្ដាយ ស្ដាយ​កូន​ត្រី​ដឹក​ក្នុង​មួយ​ព្រឹក មួយ​ល្ងាច​ហ្នឹង ដឹក​ច្រើន​ទៅ​ហ្នឹង យក​ទៅ​ឲ្យ​កូន​ត្រី​ឆ្ដោរ​ស៊ី។ ស្ដាយ​វា​សែន​តែ​ស្ដាយ​ហើយ តែ​មិន​ដឹង​ធ្វើ​ម៉េច? ព្រោះ​រដ្ឋ​អំណាច​នៅ​កន្លែង​សង្កាត់​យើង​អត់​មាន​ការ​ទប់​ស្កាត់​យ៉ាង​នេះ។ ព្រោះ​ប្រធាន​ប៉ុស្តិ៍​វា​ត្រូវ​ជើង​ជាមួយ​ក្រុម​គ្នា​វា​ហ្នឹង​ចិញ្ចឹម​ត្រី​ហ្នឹង។ ...ស្ដាយ​ខ្លាច​បាត់​បង់​មច្ឆា​ជាតិ​របស់​ខ្មែរ​យើង បើ​ដឹក​ច្រើនៗ​យ៉ាង​ហ្នឹង»
លោក​ថ្លែង​បន្ត​ថា​ ចាប់​តាំង​ពី​ជនជាតិ​វៀតណាម​ ផ្ដើម​ចិញ្ចឹម​ត្រី​ឆ្ដោរ​មក​ លោក​តែង​សង្កេត​ឃើញ​ ប្រជា​នេសាទ​ជា​ច្រើន​បាន​ប្រើ​ឧបករណ៍​នេសាទ​ក្រឡាញឹក ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចាប់​កូន​ត្រី​យក​ទៅ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោរ។
ជនជាតិ​វៀតណាម​ ចិញ្ចឹម​ត្រី​ឆ្ដោរ ស្ថិត​នៅ​ក្នុង​ភូមិ​ជើងទឹក សង្កាត់​ជើងទឹក នៃ​ក្រុង​ព្រៃវែង គិត​មក​ទល់​ពេល​នេះ​ គឺ​មាន​រយៈ​ពេល​ប្រហែល​ជិត ៧​ខែ​ហើយ។
ជនជាតិ​វៀតណាម អ្នក​ដែល​ឲ្យ​ចំណី​ត្រី​ក្នុង​ស្រះ​ ឈ្មោះ​លោក តង អាយុ​ប្រហែល​ ២០​ឆ្នាំ​ប្លាយ​ បញ្ជាក់​ថា ចំនួន​ត្រី​ឆ្ដោរ​ដែល​បាន​ចិញ្ចឹម​ក្នុង​ស្រះ​ មាន​ប្រមាណ​ជា​ជាង ២​ពាន់​ក្បាល​ប៉ុណ្ណោះ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្បែរ​ស្រះ​ចិញ្ចឹម​ត្រី​របស់​ជនជាតិ​វៀតណាម អះអាង​ថា ត្រី​ឆ្ដោរ​ដែល​ជនជាតិ​វៀតណាម ចិញ្ចឹម​នោះ អាច​មាន​ចំនួន​ដល់​ទៅ​រាប់​ម៉ឺន​ក្បាល​ឯ​ណោះ។ តែ​យ៉ាង​ណា បើ​តាម​ការ​សង្កេត​នៃ​ចំនួន​សកម្មភាព​ត្រី​ដែល​រត់​ក្នុង​ទឹក និង​ចំនួន​កូន​ត្រី​ដែល​ជនជាតិ​វៀតណាម ទិញ​ដាក់​ឲ្យ​ត្រី​ស៊ី បញ្ជាក់​ឲ្យ​ឃើញ​ថា​ ចំនួន​ត្រី​ឆ្ដោរ​ក្នុង​ស្រះ​របស់​ជនជាតិ​វៀតណាម​ នោះ អាច​មាន​ចំនួន​មិន​តិច​ជាង ៣​ពាន់​ក្បាល​ឡើយ។
អ្នក​ឲ្យ​ចំណី​ត្រី​ជនជាតិ​វៀតណាម បញ្ជាក់​ថា​ ក្នុង​មួយ​ថ្ងៃ​គេ​ដាក់​ចំណី​ឲ្យ​ត្រី​ឆ្ដោរ​ស៊ី​ចំនួន ២​ដង គឺ​ពេល​ព្រឹក និង​នៅ​ពេល​រសៀល ហើយ​ក្នុង​មួយ​ពេល គេ​ដាក់​ឲ្យ​វា​ស៊ី​ប្រមាណ​ជា​ ៣០​គីឡូក្រាម​ត្រី ហើយ​កូន​ត្រី​ដែល​ទិញ​សម្រាប់​ធ្វើ​ជា​ចំណី​ត្រី​ឆ្ដោរ​ទាំង​នោះ ភាគ​ច្រើន​ជា​ប្រភេទ​កូន​ត្រី​កញ្ចុះ ត្រី​ត្រឱន និង​កូន​ត្រី​ស​ជាដើម។ កូន​ត្រី​ចំណី​ត្រី​ឆ្ដោរ​នោះ​គេ​​ទិញ​ពី​ប្រជាពលរដ្ឋ​​តម្លៃ​មួយ​គីឡូក្រាម​ប្រមាណ​ ១.២០០​រៀល។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​នេះ​តាម​ទូរស័ព្ទ​បាន​នៅ​ឡើយ​ទេ។
ប៉ុន្តែ​ប្រធាន​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជើងទឹក លោក ហេង ស៊ីថា មាន​ប្រសាសន៍​បញ្ជាក់​ថា ជនជាតិ​វៀតណាម ចិញ្ចឹម​ត្រី​ឆ្ដោរ​ប្រមាណ​ជា ២​ពាន់​ក្បាល ដើម្បី​ជា​ការ​ចិញ្ចឹម​សាកល្បង​ប៉ុណ្ណោះ។ លោក ហេង ស៊ីថា​ ថ្លែង​បន្ត​ថា ត្រី​ឆ្ដោរ​ដែល​ជនជាតិ​វៀតណាម​ ចិញ្ចឹម​នោះ​​វា​បាន​ងាប់​និង​យក​ចេញ​ពី​ស្រះ​ចិញ្ចឹម​ត្រី​​​អស់​ទៅ​ហើយ​ដែរ។
​តែ​យ៉ាង​ណា​ បើ​តាម​ការ​សង្កេត​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​របស់​ជនជាតិ​វៀតណាម ឃើញ​មាន​ សកម្មភាព​មាត់​ប្រភេទ​ឆ្ដោរ​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​មាន​ចំនួន​ច្រើន ហើយ​ត្រី​ទាំង​នោះ​ភាគ​ច្រើន​ចាប់​ពី​កន្លះ​គីឡូក្រាម ទៅ​មួយ​គីឡូក្រាម​ក្នុង​មួយ​ក្បាល។
ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​មាន​យន្តការ​ចម្បង​ដែល​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន គឺ​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ​ប្រតិបត្តិ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។ ក្នុង​ករណី​មាន​ជន​ណា​អនុវត្ត​ប្រាសចាក​ពី​ច្បាប់ គឺ​ត្រូវ​មាន​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ឲ្យ​មាន​ការ​រាងចាល ហើយ​គ្រប់ៗ​គ្នា​ត្រូវ​ចូល​រួម​គោរព​ច្បាប់​ទាំង​អស់​គ្នា មិន​ថា​អ្នក​មាន​អ្នក​ក្រ អ្នក​តូច​អ្នក​ធំ​នោះ​ឡើយ៕

No comments:

Post a Comment