Paris Peace Accords 23 Oct. 1991

Thursday, January 23, 2014

មេ​សហជីព​ ត្រៀម​ ដឹកនាំ​កម្មករ​ ១​ម៉ឺន​នាក់​ ធ្វើ​កូដកម្ម​ នៅ​ថ្ងៃ​២៦ មករា

ដោយ ដែន អយុធ្យា / វិទ្យុអាស៊ីសេរី | ២៣ មករា ២០១៤
រ៉ុង ឈុន កម្មករ ៦១០
ប្រធាន សហភាពសហជីព កម្ពុជា និងជាប្រធាន សមាគម គ្រូបង្រៀនកម្ពុជា ឯករាជ្យ
 លោក រ៉ុង ឈុន ដឹកនាំ កម្មករ ហែក្បួនបាតុកម្ម នារាជធានីភ្នំពេញ នៅថ្ងៃទី ២៦ ធ្នូ ឆ្នាំ២០១៣ (រូបភាព RFA / Mom Sophon)

មេ​សហជីព​ ត្រៀម​ ដឹកនាំ​កម្មករ​ ១​ម៉ឺន​នាក់​ ធ្វើ​កូដកម្ម​ នៅ​ថ្ងៃ​២៦ មករា

មេដឹកនាំ​ សហជីព​កម្មករ​ ជា​ច្រើន​ អំពាវនាវ​ ដល់​ ក្រុម​កម្មករ និង​គ្រូបង្រៀន ឲ្យ​ចូល​រួម​ ធ្វើ​បាតុកម្ម​ អហិង្សា​​ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា ដើម្បី​ទាមទារ​ឲ្យ​តុលាការ ឬ​រដ្ឋាភិបាល ដោះលែង​ មនុស្ស​ចំនួន ២៣​នាក់​ចេញ​ពី​ ពន្ធនាគារ​ ត្រពាំងផ្លុង។  ប៉ុន្តែ​ គម្រោង​ ប្រមូល​ផ្ដុំ​នេះ មិន​ត្រូវ​មន្ត្រី​ សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឡើយ។
មេដឹកនាំ​សហជីព​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែ​មករា មន្ត្រី​សាលា​រាជធានី​បាន​អញ្ជើញ​តំណាង​សហជីព​កម្មករ​​​​ចំនួន ៩​ស្ថាប័ន ឲ្យ​ចូល​រួម​ពិភាក្សា​លើ​សំណើ​សុំ​​ធ្វើ​បាតុកម្ម​អហិង្សា​មាន​មនុស្ស​ចំនួន ១​ម៉ឺន​នាក់​នៅ​ទីលាន​​ប្រជាធិបតេយ្យ ថ្ងៃ​ទី​២៦ ខែ​មករា។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ស្ថិត​ក្នុង​ចំណោម​សហជីព​ផ្សេង​ទៀត ដែល​បាន​ចូល​រួម​ប្រជុំ​មាន​ប្រសាសន៍​ថា សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​សហជីព​កម្មករ​ជួបជុំ​ធ្វើ​​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ខាង​មុខ​ទេ។ ប៉ុន្តែ​អ្នកស្រី​អះអាង​ថា សហជីព​ទាំង ៩​ស្ថាប័ន នឹង​រក្សា​ជំហរ​បន្ត​ដឹកនាំ​កម្មករ និង​គ្រូ​បង្រៀន​ធ្វើ​បាតុកម្ម​អហិង្សា​តាម​ការ​គ្រោង​ទុក។
អ្នកស្រី យ៉ាង សោភ័ណ្ឌ បាន​អំពាវនាវ​ដល់​កម្មករ​និង​ពលរដ្ឋ​ត្រូវ​មក​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​បាតុកម្ម​អហិង្សា នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា៖«សាលា​រាជធានី​ភ្នំពេញ គាត់​មិន​បាន​អនុញ្ញាត​ឲ្យ​យើង​ជួបជុំ​គ្នា​ទេ។ គាត់​បាន​យោង​ទៅ​លើ​ស្ថានភាព​ស្ថិរភាព​ក្នុង​សង្គម​មិន​ទាន់​មាន​ស្ថិរភាព និង​ការ​ជួបជុំ​គ្នា​ហ្នឹង​មាន​មនុស្ស​ច្រើន​ពេក។ ហើយ​គាត់​ស្នើ​ឲ្យ​យើង​ដាក់​ជា​ញត្តិ​ទៅ​ស្ថាប័ន​ផ្សេងៗ​តាម​រយៈ​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ដែរ ក៏ប៉ុន្តែ​គាត់​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​តែ ១០​នាក់​ទេ។ ប៉ុន្តែ​ក្រុម​មេដឹកនាំ​សហជីព​យើង​មិន​អាច​ទទួល​បាន​ទេ​នូវ​អ្វី​ជា​ការ​ឆ្លើយ​តប​របស់​គាត់»
ទាក់ទិន​បាតុកម្ម​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ប្រធាន​សហភាព​សហជីព​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ថា គោលបំណង​ដឹកនាំ​ធ្វើ​បាតុកម្ម​អហិង្សា គឺ​ដើម្បី​ទាមទារ​​​ឲ្យ​តុលាការ ឬ​រដ្ឋាភិបាល​ដោះ​លែង​មនុស្ស​​​ចំនួន ២៣​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ និង​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​​កម្មករ​ឲ្យ​បាន​សមរម្យ៖ «សូម​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ កម្មការិនី ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ និង​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នាំ​ខ្លួន​ជន​ដៃដល់ និង​អ្នក​បញ្ជា​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដែល​បង្ក​ឲ្យ​កម្មករ​ស្លាប់ ៤​នាក់ និង​រង​របួស ៣៧​នាក់​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា កន្លង​ទៅ​នេះ»
​យ៉ាងណា​ក៏ដោយ លោក ឡុង ឌីម៉ង មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ថ្លែង​ថា សំណើ​ធ្វើ​បាតុកម្ម​របស់​​​​​មេដឹកនាំ​សហជីព​កម្មករ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា សាលា​រាជធានី​មិន​អនុញ្ញាត​ទេ ព្រោះ​ការ​ជួបជុំ​នេះ​មាន​មនុស្ស​ច្រើន​ពេក។
ទោះ​ជា​បែប​ណា មេដឹកនាំ​សមាគម និង​សហជីព​កម្មករ​ចំនួន ៩​ស្ថាប័ន បាន​អះអាង​ថា នឹង​រក្សា​ជំហរ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា មិន​ផ្លាស់ប្ដូរ​ទេ ទោះ​អាជ្ញាធរ​​បាន​បដិសេធ​ក្តី។
ទាក់​ទិន​នឹង​ការ​ទាមទារ​អោយ​ដោះលែង​មនុស្ស​ ២៣​នាក់ ពី​ពន្ធនាគារ​ត្រពាំងផ្លុង​នេះ​ អាជ្ញាធរ​ធ្លាប់​ឃាត់​ខ្លួន​ប្រធាន​​ស្ដីទី​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក សុខ ឈុនអឿង ទៅ​ឃុំ​អស់​មួយ​យប់ កាល​ពី​ថ្ងៃ​ទី​១៩ មករា។ ចំណែក​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ លោក រ៉ុង ​ឈុន និង​សកម្មជន​ដីធ្លី​ចំនួន​ ១០​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​ឃាត់​ខ្លួន​ជា​ច្រើន​ម៉ោង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ៕


No comments:

Post a Comment