ដោយ៖ បូ សាវី / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី23 ខែមករា ឆ្នាំ2014
អ្នកនាំភ្ញៀវទេសចរ បារម្ភ ពីបរិស្ថាន មិនល្អ នៅតំបន់ អង្គរ
មគ្គុទេសក៍ទេសចរណ៍ នៅខេត្ដសៀមរាប បារម្ភពីបរិស្ថានមិនល្អ នៅតំបន់អង្គរ បន្ទាប់ពីទឹកក្នុងកស្សិណអង្គរវត្ដ ផ្នែកខាងត្បូង បានប្រែពណ៌ជាក្រហម រាងច្រេស ក្លិនឆ្អាប ខុសពីធម្មតា ប៉ុន្តែទឹកកស្សិណផ្នែកខាងជើង មិនមានប្រែពណ៌ ដូចទឹកកស្សិណខាងត្បូងនោះទេ។
អនុប្រធានសមាគមទ្រទ្រង់ក្ដីសង្ឃឹម មគ្គុទេសក៍ទេសចរណ៍ ខេត្ដសៀមរាប លោក ព្រហ្ម សុវណ្ណ ប្រាប់VODថា ទឹកកស្សិណអង្គរវត្ដដែលធ្លាប់ថ្លាឈ្វេងនោះ បានប្រែពណ៌ក្រហមច្រេស មានក្លិនឆ្អាប និងមានត្រីងាប់ជាបន្ដបន្ទាប់ ប្រហែលកន្លះខែហើយ។ លោកបន្ដថា ករណីនេះ អាចមានជាតិពុល ដោយសារមានជនខិលខូចដាក់ថ្នាំ ដើម្បីចាប់ត្រី។ លោកក៏បានស្នើឲ្យមន្ដ្រីជំនាញពិនិត្យមើលជាបន្ទាន់ ដើម្បីជៀសវាងមានគ្រោះថ្នាក់ភ្ញៀវជាតិ-អន្ដរជាតិ និងពលរដ្ឋ «ជាសំនូមពររបស់ខ្ញុំ ខ្ញុំចង់ឲ្យអ្នកដែលគាត់ជំនាញខាងហ្នឹង សូមឲ្យគាត់ទទួលខុសត្រូវ តើទឹកនេះ វាមានការប៉ះពាល់អី ដោយសារគេប្រើថ្នាំដើម្បីសម្លាប់ត្រី ឬមួយក៏ទឹកនេះវាជាធម្មជាតិ របស់អញ្ចឹងមក។ សូមឲ្យគាត់ចុះមកត្រួតពិនិត្យមើលផង ព្រោះទឹកនេះវាប្រែប្រួលខុសពីធម្មតា»។
បើតាមមគ្គុទេសក៍ទេសចរណ៍ ឲ្យដឹងថា ទឹកកស្សិណអង្គរ មានការប្រែប្រួលនេះ បណ្ដាលមកពីអ្នករកត្រី ព្រោះកន្លងមកធ្លាប់មានសមត្ថកិច្ចនគរបាល ការពារបេតិកភ័ណ្ឌ ចុះរកត្រីនៅពេលយប់ ប៉ុន្ដែអាជ្ញាធរជាតិអប្សរាបដិសេធថាមិនមានករណីបែបនោះទេ។
កាលពីឆ្នាំ២០១១ ទឹកកស្សិណអង្គរវត្ដ ធ្លាប់បានប្រែពណ៌ ស្លែកាន់ និងក្លិនស្អុយដូចនេះដែរ ដែលមន្ដ្រីអាជ្ញាធរជាតិអប្សរាអះអាងថា ដោយសារទឹកជំនន់ហូរកាត់ ប៉ុន្ដែបន្ទាប់ពីមន្ដ្រីជំនាញរបស់ខ្លួន បានដូរទឹកថ្មីទើបមានសភាពដូចដើមវិញ៕
No comments:
Post a Comment