វិភាគ៖ តើ ការបាញ់បង្ក្រាប លើអ្នក តវ៉ា ពីសំណាក់ រដ្ឋាភិបាលកម្ពុជា ត្រូវប្រឈមមុខ ចំពោះ ឆាកអន្តរជាតិ បែបណា?
ដោយ៖ អ៊ឹង ប៊ុនថន / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014
កម្មករជាច្រើននាក់ត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងកម្មករនិងកងសមត្ថកិច្ចនៅផ្លូវវេងស្រេងនាពេលកន្លងមក (រូបថតដោយ តាត ឧត្តម)
ការបាញ់សម្លាប់អ្នកតវ៉ានៅ តាមផ្លូវវែងស្រេង និងការវាយបង្ក្រាបលើបាតុករនៅតាមរោងចក្រ និងនៅលើទីលានប្រជាធិបតេយ្យ ពីសំណាក់កងកម្លាំងប្រដាប់អាវុធ របស់រដ្ឋាភិបាលកម្ពុជា ត្រូវបានក្រុមអ្នកឃ្លាំមើលហៅថា ជាអំពើឃោឃៅព្រៃផ្សៃ ដោយសាររំលោភទាំងស្រុងលើច្បាប់ជាតិ និងច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។
មុនពេលឈានដល់ការបាញ់សម្លាប់អ្នកតវ៉ានៅផ្លូវវេងស្រេងនោះ កងទ័ពឆ័ត្រយោងលេខ៩១១ បានវាយបែកក្បាល លោក វន់ ពៅ ជាអ្នកដឹកនាំការតវ៉ាម្នាក់របស់កម្មកររោងចក្រទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ។ ក្រៅពីនោះបានចាប់ខ្លួន សកម្មជនតវ៉ាមួយចំនួន រួចឃុំខ្លួននៅពន្ធនាគារ។
សម្ព័ន្ធប្រាក់ឈ្នួលសមរម្យនៅអាស៊ី បានថ្កោលទោសចំពោះសកម្មភាពយោធា បង្ក្រាបលើកម្មករដែលធ្វើបាតុកម្មទាមទារប្រាក់ឈ្នួល សមរម្យកាលពីថ្ងៃទី២ និងទី៣ ខែមករា។ ក្នុងសេចក្តីថ្លែងការណ៍បានចាត់ទុក សកម្មភាពនោះថា ជាអំពើឃោរឃៅដែលមិនអាចទទួលយកបាន ហើយអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពនោះជាបន្ទាន់។ ក្នុងនាមជាសហគមន៍អន្តរជាតិ សម្ព័ន្ធនេះ សុំឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសហជីព និងកម្មករដែលសមត្ថកិច្ចចាប់ឃុំនោះជាបន្ទាន់ ដោយមិនមានលក្ខខណ្ឌ។
ចំណែកសហរដ្ឋអាមេរិក បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះការបាញ់សម្លាប់ក្រៅច្បាប់ ទៅលើអ្នកតវ៉ានេះ។ សេចក្តីថ្លែងការណ៍នោះ បានហៅការបង្ក្រាបរបស់សមត្ថកិច្ចថា ជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយទាមទារឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ទទួលខុសត្រូវ។
អ្នកនាំពាក្យក្រសួងការបរទេសហរដ្ឋអាមេរិកលោកស្រី Marie Harf ក៏បាន អំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចរចាគ្នាដោយសន្តិវិធីដើម្បីដោះស្រាយបញ្ហា។
បន្ថែមពីនេះទៀត សមាជិកសភា របស់សហរដ្ឋអាមេរិក លោក Ed Royce ជាប្រធានគណៈកម្មាការការបរទេសសភាអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា «លោកហ៊ុន សែនបានដឹកនាំប្រទេសកម្ពុជាដល់មាត់រណ្តៅហើយ។ ដោយមិនគ្រាន់តែចង់បំបាត់សំឡេងក្រុមជំទាស់ប៉ុណ្ណោះទេ គណបក្សប្រជាជនកម្ពុជា (CPP) កំពុងសម្លាប់ក្រុមអ្នកតវ៉ាដោយអហិង្សា ហើយបានចេញដីកាកោះហៅលោកសម រង្ស៉ី និងលោក កឹម សុខាទៀត»។
រីឯអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ស្នើឲ្យមានការស៊ើបអង្កេតចំពោះការបង្ក្រាបដោយការប្រើប្រាស់ កម្លាំងលើសលប់របស់កងកម្លាំងប្រដាប់អាវុធ ទៅលើបាតុករ និងការបង្ក្រាបមួយចំនួនទៀត កាលពីពេលថ្មីៗកន្លងមកនេះ។
ដោយឡែក សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប ប្រចាំកម្ពុជា បានសម្តែងការព្រួយចំពោះសមត្ថកិច្ចដែលប្រើអំពើហិង្សាបង្ក្រាបកម្មករ ធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែកាលពីថ្ងៃទី២ និងទី៣ ខែមករានេះ ដែលបណ្តាលឲ្យកម្មករប្រមាណ៥នាក់ស្លាប់។
សហភាពអឺរ៉ុប ក៏បានជំរុញឲ្យគណបក្សទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទម្លុះភាពជាប់គាំងនយោបាយ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាជាតិផ្សេងៗទៀត។
ក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុកជាច្រើនបានថ្កោលទោស ចំពោះការបាញ់សម្លាប់អ្នកតវ៉ានេះ ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការប្រើហិង្សាជាបន្ទាន់ ហើយស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋដោយសន្តិវិធីវិញ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា វិភាគថា ការបន្តរំលោភសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាលកម្ពុជានេះ នឹងត្រូវរងការស្តីបន្ទោសពីសហគមន៍អន្តរជាតិកាន់តែខ្លាំង ហើយប្រឈមនឹងការដាក់ទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ច។ ប៉ុន្តែលោកអះអាងថា ការសម្លាប់នេះ មិនចូលក្នុងដែនយុត្តាធិការ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលអាចកាត់ទោសមេដឹកនាំកម្ពុជាបានឡើយ ៖
ទោះជាយ៉ាងណា ការសម្លាប់មនុស្សក្រៅច្បាប់ ដែលក្រុមសិទ្ធិមនុស្សទម្លាក់ការទទួលខុសត្រូវ ទៅលើរដ្ឋាភិបាលកម្ពុជាកន្លងមក មានដូចជា ព្រឹត្តិការណ៍បង្ហូរឈាមរវាងកម្លាំងនយោបាយដឹកនាំដោយគណបក្សហ្វ៊ុនស៊ិនប៉ិច និងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៥ និង ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ។ ការគប់គ្រាប់បែកចូលហ្វូងបាតុករ ដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី ៣០-មិនា-១៩៩៧ ដោយសម្លាប់មនុស្សជាង១០នាក់ស្លាប់នៅនឹងកន្លែង និងមនុស្សរាប់រយនាក់ទៀតរងរបួស។ ករណីនេះ FBI របស់អាមេរិក មានភស្តុតាង បានបង្ហាញ ថាអ្នកមានអំណាចជាប់ពាក់ព័ន្ធ។
សម្រាប់លេខាធិការប្រតិបត្តិ នៃគណៈកម្មាធិកាប្រព្រឹត្តិកម្ម លោក សួន ប៊ុនស័ក្ត គិតថា ភស្តុតាងដែលមានស្រាប់ និងភស្តុតាងនៃការសម្លាប់ថ្មីៗនេះទៀត ជាទម្ងន់បន្ថែមទៀតសម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពិចារណា ព្រោះកម្ពុជា ក៏ជាសមាជិកដែលទទួលស្គាល់សមត្ថកិច្ចរបស់តុលាការពិភពលោកនេះដែរ ៖
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសថា បានប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឲ្យផ្តន្ទាទោសជនដៃដល់ និងអ្នកបញ្ជាឲ្យបាញ់សម្លាប់បាតុករឆ្នាំ១៩៩៧ តារាចម្រៀង សកម្មជនសិទ្ធិមនុស្ស កន្លងមក តែមកដល់ពេលនេះ តុលាការពិភពលោកមួយនេះមិនទាន់ចាត់ការឡើយ ដោយសារមិនទាន់ភស្តុតាងគ្រប់គ្រាន់។
បណ្ឌិតច្បាប់អន្តរជាតិ លោក ហ៊ាង ឬទ្ធី ពន្យល់ថា ការបាញ់បង្ក្រាបថ្មីៗនេះទៀត បូកទាំងការបាញ់បង្ក្រាបកន្លងមក គឺខុសនឹងច្បាប់ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចែង ៖
លោក ហ៊ាង ឬទ្ធី បញ្ជាក់ថា សមត្ថកិច្ចមិនអាចប្រើអាវុធបាញ់បង្ក្រាបលើអ្នកតវ៉ាដោយមិនកាំភ្លើងនោះទេ។ លោកបន្ថែមថា បើបាតុករប្រើហិង្សា ត្រូវចាប់មកកាត់ទោសតាមច្បាប់ ដោយមិនត្រូវវាយធ្វើទារុណកម្ម និងបាញ់សម្លាប់ឡើយ៕
No comments:
Post a Comment