ដោយ៖ ណាត សុភាព / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី23 ខែមករា ឆ្នាំ2014
លោក ម៉ម សូណង់ដូ ចូលរួម ក្នុងមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក នៅទីលានប្រជាធិបតេយ្យ
(រូបភាព ឡាយ សាមាន)
លោក ម៉ម សូណង់ដូ ប្រកាស ធ្វើបាតុកម្ម ខណៈក្រសួងព័ត៌មាន បដិសេធ បង្កើតហ្វ្រេកង់ ទូរទស្សន៍ និងដំឡើង កម្លាំងផ្សាយវិទ្យុ
ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ប្រាប់ VOD នៅរសៀលថ្ងៃព្រហស្បតិ៍នេះថា លោកនឹងធ្វើបាតុកម្មនៅមុខក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមករា ខណៈមន្ត្រីក្រសួងព័ត៌មានបដិសេធការស្នើសុំបង្កើតហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំបន្តទៅតាមខេត្ត។
លោក ម៉ម សូណង់ដូ ឲ្យដឹងទៀតថា លោកបានជួបអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ លោក ប៊ុត បូវុត ដើម្បីជជែកពីការសុំបង្កើតហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុសំបុកឃ្មុំបន្តទៅតាមខេត្ត ក៏ប៉ុន្តែមន្ត្រីក្រសួងព័ត៌មានមិនអនុញាត តាមការស្នើសុំនោះទេ។ លោកបង្ហាញជាចង្ងល់ថា ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមួយចំនួន បានសុំសិទ្ធិពីក្រសួងថែមកម្លាំងផ្សាយបាន។ មូលហេតុអ្វី បានជាក្រសួងមិនអនុញ្ញាតឲ្យស្ថាប័នលោកបន្ថែមកម្លាំងផ្សាយ។
VOD មិនអាចសុំការបំភ្លឺពីអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ លោក ប៊ុត បូវុត បានទេនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
កាលពីថ្ងៃទី១៤ ខែមករា កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានផ្ញើលិខិតជូនប្រធានស្តីទីវិទ្យុសំបុកឃ្មុំ លោកស្រី ឌិន ផាណារ៉ា ឲ្យដឹងថា ក្រសួងមិនអាចផ្តល់ការបង្កើតហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុ ទៅតាមសំណើរបស់លោកស្រីបានទេ ព្រោះតែហ្វ្រេកង់ពុំមាននៅសល់។
នាយកប្រតិបត្តិរបស់អង្គការខុមហ្វ្រែល លោក គល់ បញ្ញា យល់ថា កន្លងមកក្រសួងព័ត៌មាន បានផ្តល់ការបង្កើតហ្វ្រេកង់ទូរទស្សន៍ និងដំឡើងកម្លាំងផ្សាយវិទ្យុ ឲ្យស្ថាប័នមួយចំនួនបានហ្វ្រេកង់ខ្ពស់ ដោយសារ ស្ថាប័នទាំងនោះគាំទ្រគណបក្សកាន់អំណាច។ លោកបញ្ជាក់ថា ក្រសួងត្រូវបង្កើតស្ថាប័នឯករាជ្យមួយ ត្រួតពិនិត្យនូវការផ្តល់កម្លាំងផ្សព្វផ្សាយ ដើម្បីធ្វើឲ្យមានតម្លាភាព «ពាក្យឯករាជ្យ មានន័យថា ស្ថានប័នឯករាជ្យមួយ ដែលពិនិត្យមើលពីយុត្តិធម៌ក្នុងការផ្តល់ឲ្យនូវអាជ្ញាប័ណ្ណហ្វ្រេកង់ ឲ្យបានត្រឹមត្រូវទៅភាគីទាំងអស់ ដែលធានាបាននូវគោលការណ៍ សមធម៌ តុល្យភាពព័ត៌មាន ឲ្យបានត្រឹមត្រូវ ហើយយើងមិនស្ថិតនៅក្រោមរដ្ឋាភិបាល»។
កាលពីចុងឆ្នាំ២០១៣ កន្លងទៅនេះ នាយកវិទ្យុសំបុកឃ្មុំ FM ១០៥ MHz លោក ម៉ម សូណង់ដូ ក៏បានប្រកាសធ្វើបាតុកម្ម ដោយទាមទារឲ្យក្រសួងព័ត៌មានផ្តល់ជូនហ្វ្រេកង់ សម្រាប់បង្កើតជាទូរទស្សន៍ នៅថ្ងៃខាងមុខនេះដែរ៕
អត្ថបទព័ត៌មាន៖
No comments:
Post a Comment