Paris Peace Accords 23 Oct. 1991

Thursday, January 23, 2014

បទ​វិភាគ៖ តើ​គណបក្ស​ មួយ​ណា​ ដែល​ប្រើយុទ្ធសាស្ត្រ​ ហិង្សា?

ដោយ វណ្ណ វិចារ / វិទ្យុអាស៊ីសេរី | ២២ មករា ២០១៤

ហ៊ុន​សែន​សម​រង្ស៊ី ៣០៥
លោក ហ៊ុន សែន (ឆ្វេង) និង លោក សម រង្ស៊ី

បទ​វិភាគ៖ តើ​គណបក្ស​ មួយ​ណា​ ដែល​ប្រើយុទ្ធសាស្ត្រ​ ហិង្សា?

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៉ី និង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​បទ​ចោទ ញុះញង់​ឲ្យ​ពលរដ្ឋ​ប្រព្រឹត្ត​ហិង្សា​និង​បង្ក​អសន្តិសុខ​សង្គម។ ការ​កោះ​ហៅ​នេះ​បណ្ដាល​មក​ពី​មេដឹកនាំ​ទាំង​ពីរ​ដឹកនាំ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ជំរុញ​ឲ្យ​កម្មករ​ចូល​រួម​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ។ បួន​ថ្ងៃ​បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​ឡើង​តុលាការ លោក ហ៊ុន សែន បាន​អំពាវនាវ​វិញ​ម្ដង គឺ​ជា​ការ​ប្រកាស​ឲ្យ​ពលរដ្ឋ​គាំទ្រ​បក្ស​កាន់​អំណាច​ក្រោក​ឈរ​ឡើង​ដើម្បី​ត្រៀម​ទប់ទល់​បក្ស​ប្រឆាំង។
រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង តើ​បក្ស​ណា​មួយ​ដែល​ត្រៀម​ប្រើ​យុទ្ធសាស្ត្រ​ហិង្សា?
វចនានុក្រម​របស់​សម្ដេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់​ថា "ហិង្សា" បាន​ន័យ​ថា ជា​ការ​បៀតបៀន ការ​ពាធា ការ​ធ្វើ​អាក្រក់​រក​គ្នា ការ​ធ្វើ​ទុក្ខ​គ្នា។
បើ​យើង​ពិនិត្យ​មើល​ពី​សារ​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង ទាំង​លោក សម រង្ស៉ី និង​លោក កឹម សុខា សុទ្ធតែ​ថ្លែង​ដោយ​ប្រយ័ត្នប្រយែង ដោយ​នៅ​កន្ទុយ​ឃ្លា​នីមួយៗ​បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​យក​ជំហរ​អហិង្សា និង​ប្រកាស​បដិសេធ​សមាជិក​ទាំង​ឡាយ​ណា​ដែល​ប៉ុនប៉ង​ប្រើ​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល។ ប៉ុន្តែ​លោក សម រង្ស៉ី ធ្លាប់​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​ពី​ពាក្យ​សម្ដី​របស់​លោក​ដែល​ប្រើ​ពាក្យ "យួន" ថា​ជា​ពាក្យ​អាច​នាំ​អោយ​មាន​ការ​រើសអើង​លើ​ជន​អន្តោប្រវេសន៍​វៀតណាម និង​ជា​ការ​បន្ទោស​ទៅ​លើ​ជាតិ​សាសន៍​ដទៃ​ចំពោះ​បញ្ហា​របស់​កម្ពុជា។
ចំណែក​ឯ​លោក ហ៊ុន សែន វិញ លោក​បាន​ប្រើ​ពាក្យ​ដដែលៗ ថា​នឹង​ប្រើប្រាស់​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។ លោក​ក៏​បាន​ព្រមាន​ឲ្យ​គណបក្ស​ប្រឆាំង​ប្រយ័ត្នប្រយែង​ពី​បាតដៃ​ទី​៣ ដែល​អាច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ពេល​បក្ស​ប្រឆាំង​បាតុកម្ម​ទៀត​ផង។
កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក ហ៊ុន សែន បាន​លើក​ឧទាហរណ៍​ពី​ការ​គប់​គ្រាប់បែក​ចូល​ក្នុង​ហ្វូង​បាតុករ​របស់​ប្រទេស​ថៃ ដោយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ក៏​បារម្ភ​ថា​បញ្ហា​នេះ​អាច​កើត​មាន​បើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​តែ​បន្ត។ លើស​ពី​នេះ​ទៀត លោក​ក៏​មាន​ប្រសាសន៍​ច្រើន​លើក​ច្រើន​សា ព្រមាន​ពី​ការ​ប្រើ​យុទ្ធសាស្ត្រ​បន្លា​ជោះ​បន្លា ឬ​យុទ្ធសាស្ត្រ​បាតុកម្ម​គាំទ្រ​ប្រឈម​នឹង​បាតុកម្ម​ប្រឆាំង។ បាតុកម្ម​បែប​ប្រឈម​គ្នា​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​ម្ដង​រួច​ហើយ​នៅ​ឆ្នាំ​១៩៩៨ ដើម្បី​ទប់ទល់​នឹង​បាតុកម្ម​គណបក្ស​ជាតិ​ខ្មែរ​របស់​លោក សម រង្ស៉ី។ កាល​នោះ​អំពើ​ហិង្សា​បាន​បង្ក​បាតុករ​ទាំង​សង​ខាង​ជា​ច្រើន​នាក់​រង​របួស ហើយ​ថែម​ទាំង​មាន​អ្នក​បាត់​ខ្លួន​ទៀត​ផង។
បើ​និយាយ​ពី​សកម្មភាព​នយោបាយ​វិញ រាប់​តាំង​ពី​បោះ​ឆ្នោត​រួច​មក មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម និង​ជួបជុំ​ទាំង​តូច​ទាំង​ធំ​នៅ​ទូទាំង​ប្រទេស​ជា​ច្រើន​លើក​ច្រើន​សា។ ថ្នាក់ដឹក​នាំ​បក្ស​ប្រឆាំង​បាន​ថ្លែង​សារ​នយោបាយ បាន​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ ដង្ហែ​ញត្តិ​ដាក់​ជូន​ទៅ​​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា និង​ស្ថានទូត​បរទេស​មួយ​ចំនួន។ ក្នុង​បាតុកម្ម​រយៈពេល ៣​អាទិត្យ ដែល​ទើប​តែ​ត្រូវ​រដ្ឋាភិបាល​វាយ​បំបែក​នេះ គណបក្ស​ប្រឆាំង​បាន​ហែ​ក្បួន​តាម​ដង​ផ្លូវ​នានា​ទូទាំង​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បិទ​ផ្លូវ​ជាតិ ឬ​ចូល​កាន់កាប់​ស្ថាប័ន​រដ្ឋ​ណា​មួយ​ដូច​បាតុកម្ម​នៅ​បរទេស​ទេ។
រដ្ឋាភិបាល​បំបែក​សំបុក​បាតុករ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង ក៏​មិន​បាន​តប​ត ឬ​ស្ថិត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប្រឈម​មុខ​នឹង​កម្លាំង​សន្តិសុខ​អាវ​ខ្មៅ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ឡើយ។ ការ​នៅ​ស្ងៀម​របស់​បក្ស​ប្រឆាំង​បណ្ដោយ​ឲ្យ​កម្លាំង​អាជ្ញាធរ​របស់​សាលា​រាជធានី​ភ្នំពេញ គ្រប់គ្រង​និង​បោស​សំអាត​ទីលាន​ប្រជាធិបតេយ្យ​នេះ ក៏​ត្រូវ​បាន​មតិ​មួយ​ចំនួន​ចាត់​ទុក​ថា ជា​ទង្វើ​កំសាក​របស់​មេ​បក្ស​ប្រឆាំង។ ប៉ុន្តែ​គេ​ពិបាក​នឹង​ប៉ាន់ស្មាន​ណាស់​ថា បើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​អស់​ចូល​កាន់​ទីលាន​ប្រជាធិបតេយ្យ​នៅ​ពេល​សមត្ថកិច្ច​បង្ក្រាប តើ​កើត​មាន​អំពើ​ហិង្សា​ដែរ​ឬ​អត់​នោះ? គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រឹម​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ស្ងប់ស្ងាត់​ថែម​ទៀត។
ឥឡូវ​នេះ​ចូរ​ពិនិត្យ​មើល​អំពី​សកម្មភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា វិញ​ម្ដង។
នៅ​ពេល​គណបក្ស​ប្រឆាំង​ប្រកាស​ធ្វើ​បាតុកម្ម​ជា​រៀងរាល់​ថ្ងៃ គណបក្ស​កាន់​អំណាច​មិន​បាន​បញ្ចេញ​សាច់ដុំ ឬ​រារាំង​ការ​ជួបជុំ​ទេ។ រដ្ឋាភិបាល​គ្រាន់​តែ​បញ្ជូន​កម្លាំង​សំងាត់​ទៅ​តាម​ដាន​ពី​សកម្មភាព និង​ថត​យក​គ្រប់​រូបភាព​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ប៉ុណ្ណោះ។ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​ព្រមាន​ឲ្យ​បក្ស​ប្រឆាំង​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតដៃ​ទី​៣ នៅ​ពេល​ដែល​លោក​ទៅ​ចូល​រួម​ប្រជុំ​សភា និង​មុន​ពេល​ដែល​លោក​ទៅ​បំពេញ​បេសកកម្ម​នៅ​វៀតណាម។
ត្រឡប់​ពី​វៀតណាម​វិញ លោក ហ៊ុន សែន ទំនង​ជា​មិន​ស្រណុក​ចិត្ត​ទេ ដោយសារ​តែ​កម្លាំង​កម្មករ​ស្ទើរ​ទូទាំង​ប្រទេស បាន​ផ្ទុះ​កូដកម្ម​ព្រមៗ​គ្នា​ដើម្បី​ទាមទារ​ឡើង​ប្រាក់​ខែ។ ឆ្លើយ​តប​នឹង​បាតុកម្ម​នេះ រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​អ្នក​មេ​បាតុករ​ចំនួន ៣​រូប រួម​មាន​លោក វន់ ពៅ លោក ថេង សាវឿន និង​លោក ចាន់ ពុទ្ធិស័ក្តិ។
ការ​ចាប់​ខ្លួន​មនុស្ស​បី​រូប​នេះ ប្រៀប​ដូច​ជា​ចាប់​បាន​មេទ័ព​ធំ​របស់​បាតុករ​យ៉ាង​ដូច្នេះ​ដែរ ឬ​អាច​និយាយ​បាន​ថា ជា​ការ​កាត់​ផ្ដាច់​ជីពចរ​មួយ​ផ្នែក​របស់​ក្រុម​អ្នក​តវ៉ា។ មិន​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​ប្រើប្រាស់​កងកំលាំង​ចុះ​វាយ​កម្មករ​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា។ ពេល​វាយ​សំពង​កម្មករ​បញ្ឆេះ​កំហឹង​រួច​ហើយ សមត្ថកិច្ច​មិន​បាន​ពន្លត់​កំហឹង​យុវជន​ដែល​កំពុង​ខឹងសម្បា​ទេ។ រយៈពេល ១​ម៉ោង​ក្រោយ​ពី​ក្រុម​យុវជន​ឈាម​រាវ​ឈឺ​ឆ្អាល​នឹង​អំពើ​អយុត្តិធម៌ ប្រកាស​តតាំង​នឹង​ក្រុម​សមត្ថកិច្ច​ដែល​បាន​ប្រើ​ហិង្សា​លើ​ពួកគេ។ គ្មាន​ឡើយ​ការ​ចរចា គ្មាន​ឡើយ​ការ​ដាក់​ឱសានវាទ គឺ​មាន​តែ​ការ​ប្រើ​ហិង្សា​បំបែក​រហូត​ឈាន​ដល់​ការ​ប្រើ​កាំភ្លើង​ស្វ័យប្រវត្តិ​បាញ់​លើ​ហ្វូង​អ្នក​តវ៉ា។
ហេតុការណ៍​បាញ់​សម្លាប់​មនុស្ស​ចំនួន ៥​នាក់ របួស​ជា​ច្រើន​នាក់​នៅ​ផ្លូវ​វ៉េងស្រេង នេះ​ហើយ ដែល​ជា​មូលហេតុ​ដ៏​សក្ដិសម​មួយ នាំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ វាយ​បំបែក​សំបុក​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ មិន​ថា​តែ​បាតុកម្ម​ទេ សូម្បី​តែ​ការ​ជួបជុំ​គ្នា​របស់​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ក៏​ត្រូវ​រដ្ឋាភិបាល​ចាត់​ទុក​ជា​ខ្មាំង​ដែល​បង្ក​អសន្តិសុខ​សង្គម​ដែរ។ កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ មិន​ខ្លាច​ទេ​នឹង​ការ​ប្រើ​ដំបង​ឆក់ និង​ខែល វាយ​បំបែក និង​ចាប់​ខ្លួន​អ្នក​តវ៉ា​យក​ដាក់​ឃុំ​រាប់​ម៉ោង រួច​ធ្វើ​កិច្ចសន្យា​ដោះ​លែង​ឲ្យ​រួច​ខ្លួន​វិញ។ ការ​ធ្វើ​បែប​នេះ មិន​ខុស​អី​នឹង​ការ​ចាប់​ចាប ចាប់​ព្រាប​ដាក់​ទ្រុង​ហើយ​លែង​យក​បុណ្យ​ថត​ដាក់​ទូរទស្សន៍​បង្អួត​អ្នក​ស្រុក​ឡើយ។
ចុង​ក្រោយ​នេះ យើង​ងាក​មក​តាម​ដាន​មើល​ការ​ត្រៀម​ជើង​ព្រួល​របស់​គណបក្ស​ទាំង​ពីរ​វិញ​ម្តង។ គណបក្ស​ប្រឆាំង​ប្រហែល​ជា​មិន​មាន​ឡើយ​ចំពោះ​ការ​ត្រៀម​យុទ្ធសាស្ត្រ​ប្រើប្រាស់​ហិង្សា ព្រោះ​ថា សមាជិក​អ្នក​គាំទ្រ​បក្ស​នេះ​ភាគ​ច្រើន​ជា​ជន​ស៊ីវិល អ្នក​មាន​បញ្ហា​ដីធ្លី អ្នក​រង​នូវ​អំពើ​អយុត្តិធម៌ ហើយ​អ្នក​ខ្លះ​ឈឺ​ចាប់​នឹង​ការ​រំលោភ​បំពាន​ផ្សេងៗ។ សមាជិក​មួយ​ចំនួន​ធំ​ជា​អ្នក​មាន​ជីវភាព​ក្រីក្រ មិន​មាន​អំណាច ហើយ​មិន​មាន​អាវុធ​នៅ​ក្នុង​ដៃ។ អ្នក​គាំទ្រ​បក្ស​នេះ​អាច​ត្រៀម​ដុំ​ថ្ម និង​ដប​សាំង បើ​សិន​ណា​ពួក​គេ​ចង់​ប្រយុទ្ធ​មែន ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។ បើ​ហ៊ាន​ប្រើ​ហិង្សា គឺ​ខុស​ច្បាប់ កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​នឹង​វាយ​បង្ក្រាប បាញ់​សម្លាប់ ហើយ​អ្នក​ដឹកនាំ​ការ​តវ៉ា​នឹង​ត្រូវ​តុលាការ​កម្ពុជា កាត់​ទោស​តាម​ច្បាប់។
ការ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​អំណាច​ប្រមូល​ផ្តុំ គ្រាន់​តែ​ជា​ការ​បន្ថែម​កម្លាំង​បក្ស​កាន់​អំណាច​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ប៉ុណ្ណោះ។ រី​ឯ​បក្ស​កាន់​អំណាច​វិញ មាន​យុទ្ធសាស្ត្រ​រួច​ជា​ស្រេច ទាំង​ទន់​ទាំង​រឹង។គណបក្ស​ប្រជាជន​កម្ពុជា មាន​អំណាច​ទាំង​បី​នៅ​ក្នុង​ដៃ រួម​នឹង​កម្លាំង​ប្រដាប់​អាវុធ អម​ដោយ​អាវុធ​ទំនើបៗ គ្រប់គ្រាន់​សម្រាប់​ទប់ទល់​នឹង​អំពើ​ហិង្សា​គ្រប់​ប្រភេទ។ មិន​តែប៉ុណ្ណោះ​រដ្ឋាភិបាល​បាន​ត្រៀម​កម្លាំង​មួយ​ឈុត​ទៀត គឺ​កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ និង​កម្លាំង​ស្លៀក​ពាក់​ស៊ីវិល​ដើម្បី​ចាត់ការ​រាល់​ការ​តវ៉ា។ កម្លាំង​ប៉ុណ្ណឹង​ហើយ ឯ​អាវុធ​វិញ​ក៏​មិន​ធម្មតាៗ​ដែរ កាំភ្លើង ដំបង​ឆក់ ខែល ដំបង​ខ្លី គ្រាប់​បែក​ផ្សែង ឡាន​ទឹក សុទ្ធតែ​បាន​ត្រៀម​រួច​ជា​ស្រេច បើ​សិន​ប៉ូលិស​ធ្វើ​មិន​ឈ្នះ គេ​បញ្ចេញ​ទាហាន ទាហាន​ធ្វើ​មិន​បែក​គេ​អាច​បញ្ចេញ​កង​ពិសេស ដែល​ស្ថិត​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក ហ៊ុន សែន ចូល​ប្រយុទ្ធ​តែម្ដង ដូច​ដែល​គេ​ធ្លាប់​អនុវត្ត​ពី​មុនៗ​មក។
នៅ​ទីបំផុត​រដ្ឋាភិបាល​អាច​ថ្លែង​ថ្កោល​ទោស​បក្ស​ប្រឆាំង និង​ប្រាប់​អន្តរជាតិ​ថា នេះ​ប្រើប្រាស់​កំបាំង​ស្រប​ច្បាប់​ដើម្បី​ការពារ​រដ្ឋ​ធម្មនុញ្ញ ហើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​សម្រេច​គោលបំណង​ក្នុង​ការ​ជីក​ស្មៅ​ជីក​ទាំង​ឫស ឬ​ក៏​គាស់​រំលើង​អ្នក​ប្រឆាំង​នឹង​លោក​ឲ្យ​អស់​តែម្ដង។ ក៏​ប៉ុន្តែ​ស្មៅ​គឺ​ជា​ស្មៅ មិន​ងាយ​នឹង​ធ្វើ​ឲ្យ​ផុត​ពូជ​បាន​ទេ ជា​ពិសេស​ស្មៅ​ខ្ចី​ដែល​ទើប​នឹង​ដុះ​រាល​ដាល​កាន់​តែ​ខ្លាំង​នា​សម័យ​នេះ អាច​​​ពិបាក​ទ្រាំ​ក្នុង​ការ​ប៉ុនប៉ង​កម្ទេច​ខ្លួន ពួកគេ​អាច​ងើប​តតាំង​វិញ ហើយ​ពេល​នោះ​អ្នក​សាប​ព្រោះ​ខ្យល់​អាច​ទទួល​ផល​ជា​ព្យុះ​សង្ឃរា៕



No comments:

Post a Comment