ក្រសួងពាក់ព័ន្ធ បកស្រាយ ជុំវិញ ជនបិទមុខ មានក្រណាត់ក្រហម ជាសញ្ញាបង្ក្រាប លើបាតុករ
ដោយ៖ ពៅ មេត្ដា / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី23 ខែមករា ឆ្នាំ2014
ក្រុមមនុសុ្សស្លៀកពាក់ឯកសណ្ឋានស៊ីវិលពង្រាយនៅមុខតុលាការដំបូង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤(រូបភាពដោយ ណាត សុភាព)
ស្ថាប័នរដ្ឋដែលមានភារកិច្ចក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ខ្លះអះអាងថា មិនស្គាល់ក្រុមជនប្រើមួកបិទមុខមានក្រណាត់ក្រហមជាសញ្ញាវាយបំបែកបាតុករនៅដើមឆ្នាំ២០១៤នេះទេ ខណៈស្ថាប័នខ្លះទៀតគ្រាន់តែអះអាងថា អ្នកដែលរៀបចំសន្តិសុខសណ្តាប់ធ្នាប់ គឺសុទ្ធតែជាសមត្ថកិច្ច។
នៅដើមឆ្នាំ២០១៤នេះ មានលេចចេញក្រុមបិទមុខចម្លែក ដែលមិនមានឯកសណ្ឋានជាសមត្ថកិច្ច ប្រើវិទ្យុទាក់ទង ប្រើបួកសុវត្ថិភាពបិទមុខ ហើយមានដំបង ឬបំពង់ទីបចូលបំពេញការងារជាមួយសមត្ថកិច្ចក្នុងការរៀបចំសណ្តាប់ធ្នាប់ ឬវាយពង្រាបលើបាតុករ។
នៅព្រឹកថ្ងៃទី៤ ខែមករា នៅពេលដែលសមត្ថកិច្ចរាប់ពាន់នាក់បើកយុទ្ធនាការបោសសំអាត លើក្រុមអ្នកតវ៉ារបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ ក៏លេចចេញក្រុមបិទមុខចម្លែកនោះប្រមាណ១០០នាក់ជាលើកដំបូងចេញប្រតិបត្តិការងារ។ ក្រុមបិទមុខមានលក្ខណៈ ចម្លែកជាកងសន្តិសុខ ឬសមត្ថកិច្ចដោយសារពួកគេមិនមានឯកសណ្ឋាន ឬសញ្ញាសំគាល់អ្វីដែលអាចកំណត់ថា ស្ថិតនៅក្រោមស្ថាប័នណាមួយនោះទេ គ្រាន់តែមានក្រណាត់ក្រហមចងនៅដៃ។
ពេលប្រតិបត្តិការនៅទៅលានប្រជាធិបតេយ្យក្រុមបិទមុខ ឬក្រុមក្រណាត់ក្រហមនេះ មិនបានធ្វើអ្វីផ្សេងក្រៅពីដេញវាយបាតុករនោះទេ។
នៅថ្ងៃទី៤ ខែមករា ក្រៅពីបាតុកររបស់គណបក្សសង្គ្រោះជាតិ ដែលស្នាក់នៅទាំងយប់ទាំងថ្ងៃនៅទីលានប្រជាធិបតេយ្យនោះ អ្នកសារព័ត៌មានដែលដកស្រង់ព្រឹត្តិការណ៍ និងមន្ត្រីអង្គការសង្គមស៊ីវិលដែលអង្កេតនៅទីនោះ ក៏រងការប្រមាថ ឬរត់ចេញពីការដេញវាយរបស់ក្រុមក្រណាត់ក្រហមដែរ។ តែទោះយ៉ាងណាមិនមានរបាយការណ៍ពីការរងបួសនៅពេលបង្ក្រាបនោះទេ។
ដោយសារក្រុមក្រណាត់ក្រហមជាកម្លាំងថ្មី នាំឲ្យបាតុករ ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស មន្ត្រីសង្គមស៊ីវិល ក៏ដូចជាគណបក្សប្រឆាំងមានឆ្ងល់ជាច្រើនលើកឡើងជាបន្តបន្ទាប់ថា តើកម្លាំងនោះមកពីស្ថាប័នណា? ឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកការពារសន្តិសុខសណ្តាប់ធ្នាប់ទេ? ហើយការប្រើកម្លាំងរបៀបនេះត្រឹមត្រូវតាមច្បាប់ឬអត់? ជាដើម។
សាលារាជធានីភ្នំពេញដែលជាអ្នកកំណត់ឱសានវាទ បញ្ឈប់ការប្រមូលផ្តុំរបស់គណបក្សសង្គ្រោះជាតិ ហើយដឹកនាំកម្លាំងបំបែកនៅទីលានប្រជាធិបតេយ្យនោះ អះអាងថា មិនស្គាល់ក្រុមក្រណាត់ក្រហមទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ ពេលសាកសួរពីប្រភពរបស់ក្រុមក្រណាត់ក្រហមនោះ លោកមិនបកស្រាយច្រើនទេ គ្រាន់តែបប្រាប់ថា មិនស្គាល់ មិនដឹងអ្វីទាំងអស់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃជាក្រសួងដែលមានភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ទូទាំងប្រទេស លោក ខៀវ សុភ័គ ក៏ឆ្លើយថា មិនដឹងថា ក្រុមក្រណាត់ក្រហមមកពីណាដែរ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ចោទក្រុមក្រណាត់ក្រហមនោះថា ជាចេតនារបស់មន្ត្រីរដ្ឋាភិបាលយកមនុស្សសេពគ្រឿងញៀនពីមណ្ឌលអប់រំកែប្រែខេត្តបន្ទាយមានជ័យមកបំបែកបាតុករ ដែលទាមទារឲ្យមានការបោះឆ្នោតឡើងវិញនោះ។
ជុំវិញចម្ងល់ និងការចោទប្រកាន់នានានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស លោក ខេង ទីតូ ក៏មិនបកស្រាយលម្អិតដែរ គ្រាន់បញ្ជាក់ថា រាល់កម្លាំងដែលចុះទៅរៀបចំសណ្តាប់ធ្នាប់ទាំងអស់សុទ្ធតែជាសមត្ថកិច្ច «ស្រេចតែគាត់ គាត់ចោទថាយ៉ាងម៉េច ក៏ចោទទៅ ជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែគ្រាន់តែថា កម្លាំងដែលគេប្រើ គឺសុទ្ធតែជាមានសមត្ថកិច្ចទាំងអស់។ បាទ! ជាកម្លាំងសមត្ថកិច្ច»។
ក្រោយពីហេតុការណ៍បង្ក្រាបលើបាតុករ នៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី៤មក ក្រុមក្រណាត់ក្រហមបានបង្ហាញខ្លួនពីរលើកទៀតគឺនៅថ្ងៃទី១៤ពេលដែល លោក សម រង្ស៊ី ប្រធាន លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្ក្រៀនកម្ពុជាឯករាជ្យ ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ និងពេលដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរៀបចំវេទិកានៅស្រុកស្អាងខេត្តកណ្តាលនៅថ្ងៃទី២១ ខែមករា។ តែពីរលើកក្រោយនេះ មិនមានហិង្សាកើតឡើងទេ។
តើការប្រើកម្លាំងក្រុមក្រណាត់ក្រហមនេះ ត្រឹមត្រូវតាមច្បាប់ឬទេ?
មេធាវី និងជាប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា កត់សំគាល់ថា ការពង្រាយអ្នកមិនមានឯកសណ្ឋានសម្រាប់រក្សាសណ្តាប់ធ្នាប់ ឬទប់ទល់ជាមួយបាតុករនោះ គឺខុសពីនីតិវិធីច្បាប់។
មេធាវី និងជានាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាលោក សុក សំអឿន ពន្យល់ថា សមត្ថកិច្ចគេអាចស្លៀកពាក់ជាជនស៊ីវិល បំពេញការងារបានករណីចាំបាច់ តែត្រូវបង្ហាញអត្តសញ្ញាណសមត្ថកិច្ច ស្ថិតនៅក្រោមស្ថាប័នណាមួយឲ្យអ្នកពាក់ព័ន្ធបានដឹង។ លោកបន្តថា បើមិនបង្ហាញអត្តសញ្ញាណទាំងអស់នោះ ពេលទៅចាប់ពលរដ្ឋ គឺពលរដ្ឋអាចវាយតបបាន ព្រោះមិនដឹងនោះមកពីណា ហើយមានបំណងអី។
ដោយសារតែក្រុមក្រណាត់ក្រហមនៅតែមិនដឹងពីប្រភពច្បាស់លាស់ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស បារម្ភថា ពេលក្រុមនោះបង្ហាញមុខងាយនឹងមានអំពើហិង្សាកើតឡើង។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត យល់ថា ការដាក់ពង្រាយក្រុមមនុស្សមិនមានឯកសណ្ឋាននោះ ជាមុខសញ្ញាមួយសម្រាប់រារាំងអ្នកចូលរួមគាំទ្រមេបក្សប្រឆាំង ហើយក្រុមនេះងាយនឹងបង្កឲ្យមានហិង្សាជាមួយពលរដ្ឋ ដែលជាឱកាសឲ្យសមត្ថកិច្ចវាយបង្ក្រាបលើប្រជាពលរដ្ឋ។
ជុំវិញការប្រើកម្លាំងដើម្បីជាប្រយោជន៍ជាតិ មាត្រា១នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ចែងថា កងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើប្រទេសជាតិ។ បេសកម្មរបស់កងយោធពលខេមរភូមិន្ទគឺរៀបចំប្រើប្រាស់កម្លាំង ដើម្បីកសាងមាតុភូមិ និងដើម្បីជាប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ក្នុងករណីចាំបាច់កងយោធពលខេមរភូមិន្ទអាចចូលរួមការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋជួបការលំបាក ឬមានអាសន្នអន្តរាយ។ មាត្រាដដែលចែងបន្តថា យោធិនត្រូវគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ភក្តីភាព និងក្លាហ៊ានធ្វើពលីកម្ម ទាំងអស់ចំពោះជាតិមាតុភូមិ។ យោធិនត្រូវបំពេញករណីកិច្ចចាំបាច់ ដើម្បីស័ក្តិសមទៅនឹងការគោរពស្រលាញ់ពីប្រជាពលរដ្ឋ៕
អត្ថបទទាក់ទង៖
No comments:
Post a Comment