ក្រុមសន្តិសុខ សាលារាជធានីភ្នំពេញ បន្តបំបែក ក្រុមបាតុករ ដែលឈរផ្តុំគ្នា ទីវត្តភ្នំ និងកន្លែងមួយចំនួនទៀត ជិតទីលានប្រជាធិបតេយ្យ
ដោយ៖ តាំង វីដា / វិទ្យុ វីអូឌី | ថ្ងៃសៅរ៍ ទី4 ខែមករា ឆ្នាំ2014
ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ដើរតាមផ្លូវមួយចំនួនក្បែរទីលានប្រជាធិបតេយ្យ (រូបថត តាំង វីដា)
រហូតមកដល់ម៉ោង១រសៀលនេះ ស្ថានភាពនៅទីលានប្រជាធិបតេយ្យ និងម្តុំវត្តភ្នំ នៅមិនទាន់ធូរស្រាលនៅឡើយទេ ដោយក្រុមសន្តិសុខរបស់សាលារាជធានីភ្នំពេញ ប្រមាណ១០០នាក់ បានបន្តដេញបំបែកក្រុមបាតុករដែលឈរផ្តុំគ្នានៅម្តុំនោះ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា បន្ទាប់ពីក្រុមកម្លាំងសមត្ថកិច្ចបានចុះបំបែកក្រុមបាតុករគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ គេសង្កេតឃើញមានក្រុមសន្តិសុខរបស់សាលារាជធានីភ្នំពេញប្រមាណ ១០០នាក់ មានកាន់ដំបង និងពាក់មួកសុវត្ថិភាព បានដើរដេញបាតុករ ដែលឈរផ្តុំគ្នានៅផ្លូវមួយចំនួននៅជិតទីលានប្រជាធិបតេយ្យ និងវត្តភ្នំ។ ការបន្តដេញបំបែកក្រុមបាតុករនេះ ក៏មានការគប់ដបទឹកសុទ្ធ និងដុំថ្មដាក់គ្នារយៈពេលខ្លីដែរ រវាងក្រុមបាតុករ និងក្រុមសន្តិសុខសាលារាជធានីភ្នំពេញ។
សន្តិសុខនៅទីលានប្រជាធិបតេយ្យ នៅខណៈនេះ ត្រូវបានរឹតបន្តឹង ដោយមិនអនុញ្ញាតឲ្យជនស៊ីវិល ឬអ្នកសារព័ត៌មានចូលទៅកាន់ទីនោះឡើយ។
គួរបញ្ជាក់ថា នៅម៉ោងជាង១១ព្រឹកថ្ងៃទី៤ខែមករានេះ កងកម្លាំងសមត្ថកិច្ចចម្រុះ បានសម្រុកទៅបំបែកក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ បន្ទាប់ពី អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានចេញលិខិតជូនដំណឹង ស្តីពីការមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្ម៕
No comments:
Post a Comment