Paris Peace Accords 23 Oct. 1991

Thursday, January 30, 2014

សង្គម​ស៊ីវិល​ ហៅ​ប្រតិកម្ម ​របស់​លោក សុខ អាន ថា​ ជា​ចរិត ​មិន​ទទួល​ស្គាល់​ ការ​ពិត

បោះ​ឆ្នោត ភ្នំពេញ ២០១៣
ពលរដ្ឋ ​ចូល​រួម ​បោះ​ឆ្នោត ​ជ្រើស​តាំង ​តំណាងរាស្ត្រ ​នីតិកាល ​ទី​៥ នា​មណ្ឌល​បោះ​ឆ្នោត ក្នុង​សង្កាត់ ​កាកាប, ខណ្ឌ​ ពោធិ៍សែនជ័យ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon

សង្គម​ស៊ីវិល​ ហៅ​ប្រតិកម្ម ​របស់​លោក សុខ អាន ថា​ ជា​ចរិត ​មិន​ទទួល​ស្គាល់​ ការ​ពិត

តំណាង​ អង្គការ​ មិនមែន​ រដ្ឋាភិបាល​ ដែល​ឃ្លាំមើល​ ការ​បោះ​ឆ្នោត​ នៅ​កម្ពុជា បាន​ហៅ​ប្រតិកម្ម​ របស់​ មន្ត្រី​ជាន់​ខ្ពស់ ​រដ្ឋាភិបាល និង​ជា​មន្ត្រី​ គណបក្ស​ ប្រជាជន​កម្ពុជា ចំពោះ​ របាយការណ៍​ ទាក់ទង​ ការ​បោះ​ឆ្នោត ​របស់​ សង្គម​ស៊ីវិល​ ថា, ជា​អាកប្បកិរិយា​ មិន​ទទួល​ស្គាល់ ​ការ​ពិត និង​មិន​ទទួល​ស្គាល់​ ចំណុច​ខ្វះខាត​ ដែល​កើត​មាន​ នៅ​ក្នុង​ដំណើរ​ការ​ បោះ​ ឆ្នោត ​រើស​អ្នក​ តំណាងរាស្ត្រ​ អាណត្តិ ទី៥។

RFA | 29 Jan. 2014

មន្ត្រី​តំណាង​ អង្គការ ​មិនមែន ​រដ្ឋាភិបាល ​ដែល​បាន​ចូល​រួម ​រៀបចំ​ របាយការណ៍​ ទាក់ទង​ ការ​បោះ​ឆ្នោត​ ហៅ​ថា, របាយការណ៍​​ សម្ព័ន្ធ​កំណែ​ទម្រង់ ​បោះ​ឆ្នោត ឬ​ហៅ​កាត់​ ថា, អ៊ីរ៉ា (ERA) នៅ​ថ្ងៃ​ ទី​២៩ មករា ច្រាន​ចោល ​ចំពោះ​ ការ​ចោទ​ប្រកាន់​ ថា, របាយការណ៍​ ទាក់ទង ​ការ​បោះ​ឆ្នោត ​របស់​នោះ បំភ្លៃ​ការ​ពិត, ភូត​កុហក​ សាធារណៈ​ មតិ​ជាតិ អន្តរជាតិ, និង​ដើម្បី ​គាប់​ចិត្ត​ អ្នក​នយោបាយ​ គណបក្ស​ប្រឆាំង ​នៅ​កម្ពុជា។


លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ឈ្មោះ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) មាន​ប្រសាសន៍​ថា របាយការណ៍​​សម្ព័ន្ធ​កំណែទម្រង់​បោះឆ្នោត ឬ អ៊ីរ៉ា នោះ មាន​លក្ខណៈ​ពិត និង​ទិន្នន័យ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​របាយការណ៍​នោះ សុទ្ធតែ​មាន​ការ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​មាន​ទិន្នន័យ​មួយ​ចំនួន​បាន​យក​មក​ពី​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ ​ការ​បោះឆ្នោត (គ.ជ.ប) ទៀត​ផង។
លោក គល់ បញ្ញា៖ «អា​នេះ​វា​រឿង​ពិត ហើយ​យើង​ឃើញ​របស់​ពិត​នេះ ហើយ​ភស្តុតាង​ទាំង​អស់​នេះ យើង​បូក​សរុប​ទៅ​ឃើញ​វា​មាន​បញ្ហា​ទាក់ទង​លទ្ធផល​ការ​បោះ​ឆ្នោត។ ហើយ​ក្រៅ​ពី​ផ្សាយ​របាយការណ៍ យើង​ក៏​បាន​ផ្ដល់​អនុសាសន៍​ដែរ ដើម្បី​ផ្ដល់​ការ​ទុក​ចិត្ត ដើម្បី​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី និង​ទទួល​បាន​យុត្តិធម៌។ រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនុសាសន៍​របស់​យើង​ផង។»

លោក គល់ បញ្ញា បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទទួល​យក​អនុសាសន៍​ទាក់ទង​ ការ​បោះ​ឆ្នោត ដែល​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ក្នុង​របាយការណ៍​នោះ ដើម្បី​ធ្វើការ​ពិនិត្យ​ពី​ការ​ខ្វះខាត ហើយ​ធ្វើការ​កែ​លំអ ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​មាន​ភាព​ត្រឹមត្រូវ ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​គ្រប់​គណបក្ស​ចូល​រួម​ប្រកួត​អាច​ទទួល​យក​លទ្ធផល​បាន។

ចំណែក​លោក ហង្ស ពុទ្ធា នាយក​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ឈ្មោះ គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី​និង​ ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) មាន​ប្រសាសន៍​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល មិន​មែន​ជា​អង្គការ​ដែល​ចង់​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​ប្រទេស​ឡើយ ហើយ​លោក​មាន​ជំនឿ​ថា របាយការណ៍​ទាក់ទង​ការ​បោះ​ឆ្នោត​របស់​​សម្ព័ន្ធ​កំណែ​ទម្រង់​បោះ​ឆ្នោត ឬ អ៊ីរ៉ា នោះ មិន​បាន​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នោះ​យល់​ស្រប​តាម​បាន​ទេ។

លោក ហង្ស ពុទ្ធា ពន្យល់​បន្ថែម​ថា បើ​ទោះ​បី​ជា​មាន​ប្រតិកម្ម​ពី​សំណាក់​មន្ត្រី​កាន់​អំណាច​មក​ពី​គណបក្ស​ ប្រជាជន​កម្ពុជា ក៏​នេះ​ជា​មេរៀន​មួយ​ដែល​មន្ត្រី​ធ្វើការ​ទាក់ទង​ការ​បោះ​ឆ្នោត​ត្រូវ​គិត​ ពិចារណា ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​មាន​ភាព​ល្អ​ជាង​បាន​ដែរ៖ «ខ្ញុំ​យល់​ថា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ពោរពេញ​ទៅ​ដោយ​ឥទ្ធិពល​គណបក្ស​កាន់​អំណាច អ៊ីចឹង​គេ​មិន​យល់​ស្រប​ជាមួយ​របាយការណ៍​របស់ អ៊ីរ៉ា ទេ។ ហើយ​ជំហរ​របស់ អ៊ីរ៉ា គឺ​យើង​ធ្វើ​ការងារ​ខាង​បច្ចេកទេស។ អ្វី​ដែល​យើង​រក​ឃើញ គឺ​យើង​បង្ហាញ​ជា​សាធារណៈ ហើយ​គោលបំណង​របស់ NGO គឺ​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​វា​ល្អ។»

រី​ឯ​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ដែល​ជា​អង្គការ​មួយ​ចូល​រួម​រៀបចំ​របាយការណ៍​​សម្ព័ន្ធ​កំណែទម្រង់​បោះឆ្នោត ​ដែរ​នោះ មាន​ប្រសាសន៍​ថា លោកស្រី​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ចោទ​របស់​មន្ត្រី​រដ្ឋាភិបាល​ទៅ​លើ​ របាយការណ៍​ទាក់ទង​ការ​បោះ​ឆ្នោត​នោះ។ លោកស្រី​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​កុហក​ប្រជាពលរដ្ឋ និង​គាំទ្រ​គណបក្ស​នយោបាយ​មួយ​នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ ២ ដែល​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ។

លោកស្រី ពុង ឈីវកេក៖ «ចូល​រួម​ក្នុង​នោះ​មាន​ អង្គការ​លីកាដូ​មួយ​ដែរ។ យើង​បាន​ធ្វើ​ការងារ​យ៉ាង​ម៉ត់ចត់ ខ្ញុំ​អត់​មាន​បារម្ភ​ថា អង្គការ​ខ្ញុំ​ធ្វើ​ការងារ​នេះ​ដើម្បី​គាំទ្រ​គណបក្ស​ណា​មួយ​ទេ។ ខ្ញុំ​សោកស្ដាយ​ណាស់ មាន​ការ​ចោទ​ប្រកាន់​អ៊ីចឹង។»

ប្រតិកម្ម​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន កើត​មាន​ដោយសារ​កាល​ពី​ថ្ងៃ​ទី​២៨ មករា លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ជួប​បកស្រាយ​បំភ្លឺ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជាមួយ​មន្ត្រី​មក​ពី​ ស្ថាប័ន​នានា របស់​រដ្ឋ​ប្រមាណ ១.៥០០​នាក់ អំពី​របាយការណ៍​របស់​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត និង​បកស្រាយ​ពន្យល់​អំពី​ស្ថានការណ៍​នយោបាយ​ពិត​នៅ​កម្ពុជា តប​ចំពោះ​ចំណុច​មួយ​ចំនួន​ដែល​មាន​សរសេរ​នៅ​ក្នុង​របាយការណ៍​របស់​សម្ព័ន្ធ​ កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។

ការ​បក​ស្រាយ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទូរទស្សន៍​ជា​ច្រើន និង​បោះ​ពុម្ព​ផ្សាយ​តាម​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ផង​ដែរ។ ក្រៅ​ពី​នោះ អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​បាន​ផ្សព្វផ្សាយ​អត្ថបទ​បកស្រាយ​របស់​លោក សុខ អាន ដែរ៖ «អ៊ីចឹង​យើង​ ក៏​គួរ​តែ​មាន​ទេពកោសល្យ​បកស្រាយ​ការ​ពិត​នេះ​ឲ្យ​ឃើញ​ថា​ការ​ពិត​វា​អ៊ីចេះ ​ទេ អ៊ីចឹង​អ្វី​គេ​និយាយ​នោះ​វា​ពីរោះ​បន្តិច​ដែរ តែ​កុហក​ទេ។»

នៅ​ក្នុង​អត្ថបទ​បកស្រាយ​ចំនួន ៥​ទំព័រ ដែល​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ខ្លឹមសារ​ចំណុច​មួយ​ចំនួន​ដែល​លោក សុខ អាន បាន​រិះគន់​ចំពោះ​របាយការណ៍​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​របស់​ អង្គការ​មិន​មែន​រដ្ឋាភិបាល។ ចំណុច​ចោទ​ប្រកាន់ និង​បកស្រាយ​ដែល​លោក សុខ អាន លើក​ឡើង​ទាំង​នោះ មាន​ជាអាទិ៍ លោក​ថា​ទី​១ របាយការណ៍​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នោះ ចោទ​ប្រកាន់​ថា គ.ជ.ប ធ្វើ​ការ​ពុំ​មាន​តម្លាភាព ទី​២ របាយការណ៍​នោះ​ចោទ​ថា បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ពេល​បោះ​ឆ្នោត​មិន​មាន​តុល្យភាព ទី​៣ ការ​ចោទ​ប្រកាន់​ថា​មាន​មនុស្ស​បាត់​ឈ្មោះ​មិន​បាន​បោះ​ឆ្នោត​ជាដើម។

លោក សុខ អាន បាន​ចោទ​ប្រកាន់​ថា អ្នក​រៀបចំ​របាយការណ៍​នោះ​ប្រកាស​ថា ខ្លួន​ជា​អង្គការ​ឯករាជ្យ តែ​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ប្រធាន​អង្គការ​មួយ​ដែល​ចងក្រង​របាយការណ៍​នោះ ធ្លាប់​បាន​ប្រជុំ​ពេល​ថ្មីៗ​ជាមួយ​លោក កឹម សុខា និង​លោក សម រង្ស៊ី ដើម្បី​ផ្ដល់​យោបល់​ថា ធ្វើ​ដូចម្ដេច​ដើម្បី​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​តាម​របៀប​អំណាច​ប្រជាជន ឬ​បដិវត្ត​ពណ៌។

អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​រក​ឃើញ​ថា​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា កន្លង​ទៅ មិន​មាន​ភាព​​ប្រក្រតី​លើក​លែង​តែ​​ក្នុង​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​​អ៊ុនតាក់​ប៉ុណ្ណោះ។ ភាព​មិន​ប្រក្រតី​ទាំង​នោះ បាន​ធ្វើ​ឲ្យ​គណបក្ស​មួយ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត ហើយ​ឈាន​ដល់​ការ​ធ្វើ​បាតុកម្ម​​​ជា​ដើម។

កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៣ កន្លង​ទៅ អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ២០ បាន​រួម​គ្នា​ស្រាវជ្រាវ និង​ចេញ​ផ្សាយ​របាយការណ៍​មួយ​ទាក់ទង​ការ​បោះឆ្នោត​នៅ​កម្ពុជា និង​បាន​​ចាត់​ទុក​​ការ​គ្រប់គ្រង​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ កម្ពុជា ថា​មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា។

របាយការណ៍​​របស់​សម្ព័ន្ធ​​កំណែ​ទម្រង់​ប្រព័ន្ធ​ការ​​បោះឆ្នោត​​ដែល​ចេញ ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ បាន​បង្ហាញ​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា កន្លង​ទៅ​​ភាគ​ច្រើន​ទទួល​ពាក្យ​រិះគន់​ពី​សហគមន៍​ជាតិ និង​​អន្តរជាតិ​ ទៅ​លើ​ការ​​គ្រប់គ្រង​ការ​បោះឆ្នោត។ មាន​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា មិន​សូវ​មាន​ទំនុក​ទុក​ចិត្ត រួម​មាន​ការ​បដិសេធ​ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ការ​បញ្ចូល​អ្នក​គ្មាន​ឈ្មោះ​បោះឆ្នោត ឬ​មាន​ឈ្មោះ​ស្ទួន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​​ជា​ដើម។ បញ្ហា​ទាំង​អស់​នេះ បាន​ធ្វើ​ឲ្យ​​សំឡេង​ឆ្នោត​ទទួល​បាន​​​​ខុស​គ្នា​ចំនួន​បី​សែន​សំឡេង ហើយ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​ដើម្បី​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត៕




No comments:

Post a Comment