Paris Peace Accords 23 Oct. 1991

Thursday, January 23, 2014

ទស្សនៈ​ពលរដ្ឋ​ ចំពោះ ​និមិត្តរូប​ នៃ​ខេត្ត​ពោធិ៍សាត់

ដោយ ជិន ជេដ្ឋា / វិទ្យុអាស៊ីសេរី | ២៣ មករា ២០១៤

ខេត្ត​ពោធិ៍សាត់ ៦១០

រូបសំណាកផ្តិល ធ្វើអំពី ថ្មកែវ ជានិមិត្តរូប នៃខេត្តពោធិ៍សាត់ (រូបថត RFA / Chin Chetha)

ទស្សនៈ​ពលរដ្ឋ​ ចំពោះ ​និមិត្តរូប​ នៃ​ខេត្ត​ពោធិ៍សាត់

រូប​សំណាក​ ផ្ដិល​ខាត់​ ដែល​ជា​ និមិត្តរូប​ នៃ​ខេត្ត​ពោធិ៍សាត់ ទើប​តែ​បាន​កសាង​រួច​ នៅ​ពាក់​កណ្ដាល​ ខែ​មករា ឆ្នាំ​២០១៤។  និមិត្តរូប​ នេះ​ត្រូវ​បាន​ ប្រជាពលរដ្ឋ​ ក្នុង​ និង​ក្រៅ​ខេត្ត​ យល់​ឃើញ​ខុសៗ​គ្នា ក៏​ប៉ុន្តែ​ អ្នក​ស្រុក​មួយ​ចំនួន​ ដែល​រស់​នៅ​ក្បែរ​នោះ​ មិន​ដឹង​ច្បាស់​ នូវ​វត្ថុ​បំណង និង​មូលហេតុ​ ពិត​ប្រាកដ​ នៃ​ការ​កសាង​ រូប​សំណាក​ ផ្ដិល​ខាត់​ នេះ​ឡើយ។
តើ​អាជ្ញាធរ​និង​ថ្នាក់​ដឹកនាំ​ខេត្ត​ពោធិ៍សាត់ មាន​មូលដ្ឋាន​អ្វី​ខ្លះ​ក្នុង​ការ​សម្រេច​ចិត្ត​កសាង​រូប​សំណាក​នេះ​ឡើង ហើយ​ប្រជាពលរដ្ឋ​យល់​ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​រូប​សំណាក​ថ្មី​នេះ?
ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​កាត់​តាម​ខេត្ត​ពោធិ៍សាត់ ស្ទើរតែ​គ្រប់​គ្នា អាច​មើល​ឃើញ​រូប​សំណាក​ផ្ដិល​ខាត់​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ និង​ដាក់​តាំង​នៅ​ចំ​ចំណុច​ពាក់​កណ្ដាល​ទ្រូង​ផ្លូវ​ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥ ចម្ងាយ​ប្រមាណ​ជា ៤​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់។ អ្នក​ដែល​បាន​ក្រឡេក​ឃើញ​ភ្លាម ខ្លះ​ក៏​លាន់​មាត់​កោត​សរសើរ និង​ខ្លះ​ទៀត​បែរ​ជា​ពោល​ពាក្យ​រិះគន់​ថា រូប​សំណាក​នេះ​ស្រដៀង​ទៅ​នឹង​ផ្ដិល​សុំទាន ឬ​កោដ្ឋ​សម្រាប់​ដាក់​អដ្ឋិធាតុ​ទៅ​វិញ។
អាជីវករ​លក់​ដូរ​នៅ​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា ពួកគាត់​មិន​បាន​យល់​ច្បាស់​អំពី​ខ្លឹមសារ​នៃ​រូប​សំណាក​នេះ​ឡើយ ហើយ​ប្រសិន​បើ​អាជ្ញាធរ​មាន​បំណង​ក្នុង​ការ​រចនា​ម៉ូដ​ផ្ដិល​ខាត់​នេះ​ឡើង ដើម្បី​ជា​និមិត្តរូប​របស់​ខេត្ត​នោះ គួរ​តែ​ជំនួស​ទៅ​វិញ​ដោយ​ដើម​ពោធិ៍ ឬ​រូប​សំណាក​របស់​អ្នក​តា​ឃ្លាំងមឿង​វិញ​ទើប​ប្រសើរ៖ «អត់​ដឹង​ថា គេ​ដាក់​ដើម្បី​អី​ទេ​ពូ! គ្រាន់​តែ​ធ្វើ​រង្វង់​មូល​ដាក់​រូប​ផ្ដិល​ហ្នឹង​ដើម្បី​ដឹង​ថា ឡាន​យើង​ទៅ​ពី​ខាង​នេះ យើង​ជិះ​ខាង​នេះ​គេ​មក​ពី​ខាង​នោះ គេ​ជិះ​ខាង​នោះ​ហ្នឹង គ្រាន់​តែ​ដឹង​ថា​អ៊ីចឹង។ ដូច​បង​សួរ​ខ្ញុំ​អំបាញ់មិញ​ថា ដើម​ពោធិ៍ និង​ផ្ដិល​ចង់​ដាក់​មួយ​ណា? តែ​នេះ​ខ្ញុំ​គិត​ថា ម្យ៉ាង​ម្នាក់​បង! នេះ​គឺ​ជា​ផ្ដិល​តំណាង​ឲ្យ​ថ្មកែវ ប្រចាំ​ខេត្ត​ពោធិ៍សាត់ សម្បូរ​ដោយ​ថ្មកែវ ម្ល៉ោះ​ហើយ​គេ​ដាក់​ជា​ផ្ដិល​តំណាង​ខេត្ត។ ដាក់​ហ្នឹង​អត់​ត្រូវ​ទេ ប៉ុន្តែ​យើង​ឃើញ​អា​ហ្នឹង​យើង​ថា ជិត​ដល់​ទី​រួម​ខេត្ត​ពោធិ៍សាត់ ហ្នឹង»
ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់​ម្នាក់ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា នៅ​អំឡុង​ឆ្នាំ​២០១៣ មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត និង​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ទាំង​អស់ បាន​ប្រជុំ​ផ្សព្វផ្សាយ និង​សម្រេច​ថា​នឹង​កសាង​រូប​សំណាក​ផ្ដិល​ខាត់​នេះ​ឡើង ដើម្បី​បង្ហាញ​អំពី​សក្ដានុពល​នៃ​ធនធាន និង​មុខ​ចម្លាក់​ថ្មកែវ នៅ​ក្នុង​ខេត្ត​ទាំង​មូល។ នៅ​រាល់​កិច្ច​ប្រជុំ​ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ចូល​រួម​តែង​តែ​មាន​គំនិត​ផ្ទុយ​គ្នា​ដែល​បង្ក​ឲ្យ​មាន​ការ​លំបាក​ដល់​ការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ដាក់​រូប​សំណាក​ណា​មួយ​ឲ្យ​សម​ទៅ​នឹង​កិត្តិនាម​របស់​ខេត្ត​ពោធិ៍សាត់។ នៅ​ក្នុង​នោះ​មាន​ជម្រើស​ចំនួន​បី​សំខាន់ៗ គឺ​រូប​សំណាក​របស់​អ្នក​តា​ឃ្លាំងមឿង ផ្ដិល​ខាត់ និង​រូប​សំណាក​ដើម​ពោធិ៍។
ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ លោក ស៊ឹម ធាង មាន​ប្រសាសន៍​ថា លោក​គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​យក​រូប​ផ្ដិល​ខាត់​នេះ ក៏​ប៉ុន្តែ​លោក​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​រចនា​ម៉ូដ និង​លាប​ពណ៌​មិន​ស៊ី​ទៅ​នឹង​ចិញ្ចៀន​ដាំ​ត្បូង​ភរិយា​របស់​អ្នក​តា​ឃ្លាំងមឿង ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​នៅ​លើ​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ កាល​ពី​សម័យ​ដើម៖ «ម្រាមដៃ​ពីរ​ពាក់​ត្បូង​ពីរ​ពណ៌​ខុស​គ្នា ប៉ុន្តែ​គេ​អ្នក​ឆ្លាក់​ហ្នឹង​គេ​រើស​ថ្ម​យ៉ាង​ម៉េច​បាន​ឲ្យ​ម្រាម​ដៃ​ដែល​បំពាក់​ត្បូង​ហ្នឹង​ពណ៌​ផ្សេង​គ្នា​មួយ​ខៀវ មួយ​ក្រហម ប៉ុន្តែ​លាប​ថ្នាំ​មួយ​ពណ៌​អ៊ីចឹង​មិន​ហៅ​ថ្មកែវ​ទេ»
ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ពោធិ៍សាត់ លោក ឆាយ សារ៉េត មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​តែ​ពិចារណា​បន្ថែម​ទៀត​ដែរ​ក្នុង​ការ​កែលំអ​ពណ៌ និង​គម្រោង​កសាង​រូប​សំណាក​ចាំបាច់​ដែល​តំណាង​ឲ្យ​ខេត្ត​មួយ​ចំនួន​ទៀត ដូចជា​ដើម​ពោធិ៍ និង​អ្នក​តា​ឃ្លាំងមឿង ជា​ដើម៖ «មតិ​ភាគ​ច្រើន​គេ​ថា បើ​ខេត្ត​យើង​មាន​ថ្មកែវ ម៉េច​ក៏​មិន​ធ្វើ​ដាក់​ថ្មកែវ​អី​មួយ​ឲ្យ​គេ​ឃើញ​ធំ​ទៅ ដល់​ពេល​អ៊ីចឹង​ទៅ​ក៏​យើង​យក​មតិ​ហ្នឹង​ឲ្យ​គេ​ឆ្លាក់​រូប​ជា​ថ្មកែវ​ហ្នឹង​ទៅ។ អា​ហ្នឹង​គឺ​ជា​តំណាង​ថ្មកែវ​ទេ មិន​មែន​ជា​និមិត្តរូប​ប្រវត្តិសាស្ត្រ​អី​ទេ ធ្វើ​សាក​សិន​ទេ​ដើម្បី​ចង់​ស្ដាប់​មនុស្ស​ឲ្យ​មតិ​យើង។ ខ្ញុំ​អគុណ​ហើយ ព្រោះ​កាល​ណា​ដាក់​ទៅ​ឲ្យ​មាន​មតិ​អ៊ីចឹង​មក​យើង​ចេះ​តែ​សម្រួល​ទៅ​តាម​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​វា​សមស្រប ព្រោះ​អា​នេះ​វា​តំណាង​របស់​ខេត្ត»
រូប​សំណាក​ផ្ដិល​ខាត់​ដែល​ជា​និមិត្តរូប​របស់​ខេត្ត​ពោធិ៍សាត់​នេះ ត្រូវ​បាន​មន្ត្រី​វប្បធម៌​វប្បធម៌​និង​វិចិត្រ​សិល្បៈ បង្ហាញ​នូវ​លក្ខណៈ​ពិសេស​ចំនួន​បី គឺ​ទី​១ ចង់​បង្ហាញ​អំពី​សក្ដានុពល​នៃ​សម្បត្តិ​ធម្មជាតិ​ថ្មកែវ ទី​២ ចង់​បង្ហាញ​អំពី​សក្ដានុពល​នៃ​វារីអគ្គិសនី និង​ទី​៣ ចង់​បង្ហាញ​នូវ​ប្រភព​ទឹក​ស្រោចស្រព​ដីស្រែ​កសិកម្ម​របស់​ប្រជាកសិករ។
ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ពោធិ៍សាត់ លោក ឡាច ផេងលី ថ្លែង​ថា សម្រាប់​ជំហាន​បន្ទាប់​ខាង​អាជ្ញាធរ​គ្រោង​នឹង​កសាង​រូប​សំណាក​តំណាង​ឲ្យ​ខេត្ត​មួយ​ថ្មី​ទៀត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ដែរ ត្រង់​ចំណុច​ផ្លូវ​បំបែក​ចូល​ទៅ​ទី​គោរព​សក្ការ​បូជា​របស់​អ្នក​តា​ឃ្លាំងមឿង។ គម្រោង​នេះ​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ផ្ដល់​រូប​សំណាក​គំរូ​មួយ​ដោយ​បង្ហាញ​អំពី​សកម្មភាព​ជិះ​សេះ​កាន់​អាវុធ​របស់​អ្នក​តា​ឃ្លាំងមឿង ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​ពិចារណា និង​សម្រេច​កសាង​រូប​នេះ​ឡើង។
ទោះ​ជា​យ៉ាង​ណា​លោក​ចង់​ឲ្យ​អាជ្ញាធរ​រក​ទីតាំង និង​កសាង​រូប​សំណាក​ជា​ដើម​ពោធិ៍​មួយ​ដើម ជា​និមិត្តរូប​របស់​ខេត្ត​ដែរ ពី​ព្រោះ​វា​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ និង​ត្រូវ​ទៅ​នឹង​ឈ្មោះ​របស់​ខេត្ត​តែ​ម្ដង៖ «គំនិត​របស់​អ្នក​នៅ​វប្បធម៌​ហ្នឹង​មាន​គំនិត​ធ្វើ​រូប​ដើម​ពោធិ៍ ព្រោះ​អី​ដើម​ពោធិ៍​មាន​នៅ​ក្នុង​នៅ​ក្នុង​វចនានុក្រម​សម្ដេច ជួន ណាត​ គឺ​ជា​ឈ្មោះ​ពោធិ៍សាត់​ហ្នឹង នៅ​ខាង​កើត​បាត់ដំបង នៅ​ខាង​លិច​កំពង់ឆ្នាំង គឺ​ជា​ឈ្មោះ​ខេត្ត​មួយ ប៉ុន្តែ​ដើម​ពោធិ៍​ហ្នឹង​គឺ​យើង​មិន​មែន​ធ្វើ sample (រូប​សំណាក) មាន​មែក​អី​ច្រើន​ទេ។ ឧទាហរណ៍​ថា ត្រួយ​១​អ៊ីចឹង​ទៅ ស្រុក​៦ ឃុំ​៤៩ គឺ​យើង​ធ្វើ​មែក​វា​តាម​ហ្នឹង»
ខេត្ត​ពោធិ៍សាត់ គឺ​ជា​ខេត្ត​មួយ​ដែល​មាន​ធនធាន​ថ្មកែវ និង​មាន​កិត្តិនាម​ល្បីល្បាញ​ក្នុង​ការ​ឆ្លាក់​រូប​បដិមា និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​រហូត​ដល់​អាជ្ញាធរ​ខេត្ត​នេះ សម្រេច​កសាង​រូប​សំណាក​ផ្ដិល​ខាត់ ដើម្បី​បង្ហាញ​អំពី​សក្ដានុពល​របស់​វា​ទៀត​ផង។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល កំពុង​ធ្វើ​សកម្មភាព​គាស់​កកាយ​យក​ថ្មកែវ​នេះ នៅ​ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ជាង​ចម្លាក់​ថ្មកែវ មួយ​ចំនួន បារម្ភ​ខ្លាច​បាត់​បង់​សម្បត្តិ​ធម្មជាតិ​មួយ​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​គ្រប់​គ្រង​មិន​បាន​ត្រឹម​ត្រូវ​ទេ​នោះ៕


No comments:

Post a Comment