Paris Peace Accords 23 Oct. 1991

Thursday, January 23, 2014

លោក កឹម សុខា នឹង​ចុះ​ជួប​​ អ្នកគាំទ្រ​ ជាថ្មី នៅខេត្ត​ចំនួន​៣ បន្ទាប់ ពី​បាន​ ផ្អាក​ជួប​អ្នកគាំទ្រ​ នៅ​ខេត្ត​កណ្តាល​​

ដោយ៖​ ពេជ្រ សុធារី​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី23 ខែមករា ឆ្នាំ2014លោកកឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ការ​ដង្ហែក្បួន នា​ពេល​កន្លង​មក (រូបថត ណាត សុភាព)

លោក កឹម សុខា នឹង​ចុះ​ជួប​​ អ្នកគាំទ្រ​ ជាថ្មី នៅខេត្ត​ចំនួន​៣ បន្ទាប់ ពី​បាន​ ផ្អាក​ជួប​អ្នកគាំទ្រ​ នៅ​ខេត្ត​កណ្តាល​​

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ នឹង​​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាថ្មីទៀត ជាមួយ​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​នៅ​ខេត្ត​ចំនួន​បី នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់ពី​បាន​ប្រកាស​ផ្អាក​ពិធី​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​២១​ខែ​មករា កន្លងទៅនេះ ដោយសារ​បារម្ភ​ខ្លាច​ក្រុម​បាត​ដៃ​ទី​បី​បង្ក​ចលាចល​។
នៅក្នុង​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៣​ខែ​មករានេះ ឲ្យដឹងថា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចុះ​ជួប​​ប្រជាពលរដ្ឋ សមាជិក​សមាជិកា​នៅ​មូលដ្ឋាន​របស់​ខ្លួន នៅ​ខេត្ត​ចំនួន​បី គឺ​ខេត្ត​ព្រៃវែង កំពង់ចាម និង​កំពង់ធំ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ ដើម្បី​ថ្លែង​សារ​នយោបាយ​ទៅ​កាន់​អ្នកគាំទ្រ​។​
កាលពី​ថ្ងៃ​ទី​២១ ខែ​មករា គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​លុបចោល​ភ្លាមៗ ចំពោះ​គម្រោង​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ ស្ថិតនៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល ដោយ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ បារម្ភ​ខ្លាច​មាន​ក្រុម​បាតដៃ​ទី​៣ បង្កចលាចល​ដល់​អ្នក​គាំទ្រ​និង​ស្រប​ពេល​សមត្ថកិច្ច​រាប់​រយ​នាក់ ត្រៀម​ដាក់​រារាំង ការជួប​សំណេះសំណាល​នោះ​។​
ចំណែក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា នៅ​ម៉ោង ៧:៣០​នាទី​ល្ងាច​នេះ ទៅកាន់​ប្រទេស​ស្វីស ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និង​ស្តាប់​របាយការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បន្ទាប់មក​លោក​នឹង​បន្ត​ទៅ​ប្រទេស​​អាល្លឺម៉ង់ និង​បារាំង ដើម្បី​ជួប​ជាមួយ​បណ្តា​មន្ត្រីជាន់ខ្ពស់ ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​។ នេះ​បើ​តាម​ប្រសាសន៍​របស់​បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោកស្រី ជូ​ឡុង សូ​ម៉ូ​រ៉ា​៕


No comments:

Post a Comment