អង្គការ សិទ្ធិមនុស្ស អន្តរជាតិ ចំនួនពីរ អំពាវនាវ ឲ្យ រដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិមនុស្ស
ដោយ៖ ឡាយ សាមាន | ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួនពីរ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការរំលោភសិទ្ធិមនុស្ស បន្ទាប់ពីមានការបង្ក្រាបដោយហិង្សាពីសំណាក់សមត្ថកិច្ច និងដកបម្រាមការប្រមូលផ្តុំលើសពី១០នាក់ឡើងទៅ ព្រមទាំងដោះលែងជនដែលជាប់ឃុំទាំង២៣នាក់។
សេចក្តីថ្លែងការណ៍របស់សហបព័ន្ធសិទ្ធិមនុស្សអន្តជាតិ និងអង្គការពិភពលោក ប្រឆាំងនឹងការធ្វើទារុណកម្ម ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករានេះ ឲ្យស្រង់សម្តីប្រធានសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ លោក ការីម ឡាហីដជិ ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ និងត្រូវធានាឲ្យបាននូវការគោរពសិទ្ធិមនុស្ស និងលុបបំបាត់ការប្រើហិង្សាដោយខុសច្បាប់ ទៅលើក្រុមអ្នកតវ៉ា។ លោកបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់នូវរាល់ការប្រើប្រាស់ហិង្សាទៅលើប្រជាពលរដ្ឋ និងដោះលែងសកម្មជនការពារសិទ្ធិមនុស្ស ដីធ្លី និងកម្មករទាំង ២៣នាក់ ដែលកំពុងជាប់ឃុំខ្លួននៅមណ្ឌលកែប្រែ ម៣ ត្រពាំងផ្លុង ខេត្តកំពង់ចាម។
ចំណែកលោក ជឺរាល់ ស្ទេបប័ររ៉ុក អគ្គលេខាធិការអង្គការពិភពលោក ប្រឆាំងការធ្វើទារុណកម្ម មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរថា ពលរដ្ឋមានសិទ្ធិក្នុងការជួបប្រជុំ ហើយការបង្ក្រាបទៅ លើអ្នកតវ៉ា មិនអាចដោះស្រាយបញ្ហាបានទេ មានតែធ្វើឲ្យស្ថានភាពកាន់តែតានតឹង ដែលករណីនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងពីរ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដកបម្រាមការប្រមូលផ្តុំលើសពី ១០នាក់ឡើងទៅចេញ ដើម្បីឲ្យពលរដ្ឋមានសិទ្ធិពេញលេញក្នុងការប្រមូលផ្តុំ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍អន្តរជាតិ និងសង្គមស៊ីវិលជាង ១៨០ស្ថាប័ន បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមានការបង្ក្រាបដោយកងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធ ទៅលើក្រុមកម្មករ ដែលតវ៉ាទាមទារដំឡើងប្រាក់ខែអប្បបរមា ១៦០ដុល្លារ កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងតាមបណ្តោយផ្លូវវេងស្រេង មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បណ្តាលឲ្យកម្មករ៥នាក់ស្លាប់ មនុស្សជាង ៤០នាក់រងរបួស និង២៣នាក់ត្រូវបានឃុំខ្លួន៕
No comments:
Post a Comment