តំណាងអ្នកបឹកកក់ អ្នកស្រី ទេព វន្នី ជូនលិខិតថ្លែងអំនរគុណទៅមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាព្រឹកមិញ (រូបភាព ជន ស្រីណុច)
អ្នកបឹងកក់ ដាក់លិខិត ថ្លែងអំណរគុណ ដល់ សភាអាមេរិក ដែលបានដាក់ចេញ នូវដំណោះស្រាយ ករណី តំបន់បឹងកក់
ដោយ៖ ជន ស្រីណុច / វិអូឌី | ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014
ប្រជាសហគមន៍បឹងកក់ចាស់ និងបច្ចុប្បន្នរួមទាំង អ្នកបុរីកីឡា ប្រមាណជា ៦០នាក់ នៅថ្ងៃសុក្រនេះ បានប្រមូលផ្តុំនៅមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីដាក់លិខិតថ្លែងអំណរគុណដល់សភាអាមេរិក ដែលបានជួយជំរុញឲ្យមានដំណោះស្រាយករណីតំបន់បឹងកក់ ភ្លាមៗតំណាងស្ថានទូតសហរដ្ឋអាមេរិក បានចេញមកទទួលលិខិតថ្លែងអំណរគុណនោះ។
អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីនៅតំបន់បឹងកក់ ឲ្យដឹងថា ការដាក់លិខិតទៅសភាអាមេរិកតាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជានៅ ថ្ងៃសុក្រនេះ គឺក្នុងគោលបំណងថ្លែងអំណរគុណដល់សភាសហរដ្ឋអាមេរិក ដែលបានអនុម័តច្បាប់ថវិកា ដោយមានលក្ខខណ្ឌរួមបញ្ចូលក្នុងនោះ តម្រូវឲ្យធនាគារពិភពលោកជួយដោះស្រាយជូនអ្នកបឹងកក់ទាំងអ្នកដែលបាន ចាកចេញ និងអ្នកដែលមិនទាន់បានចាកចេញ។
អ្នកស្រីបន្តថា ទន្ទឹមនឹងការថ្លែងអំណរគុណនេះ សហគមន៍បឹងកក់ក៏ដូចជា អ្នកមានជម្លោះដីធ្លីទាំងអស់ អំពាវនាវដល់រដ្ឋាភិបាលអាមេរិកឲ្យជំរុញបន្តទៅដល់ធនាគារពិភពលោក អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវអ្វីដែលរដ្ឋាភិបាលអាមេរិកដាក់ជូន «យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សហរដ្ឋអាមេរិក និងបន្តអន្តរាគមន៍ទៅធានាគារពិភពលោក តាមច្បាប់ដែលបានអនុម័ត រហូតដល់យើងខ្ញុំទាំងអស់គ្នា បានដំណោះស្រាយចប់សព្វគ្រប់។ ខ្ញុំសង្ឃឹមថា ធនាគារពិភពលោក នឹងអនុវត្តទៅតាមច្បាប់អនុម័តរបស់សភាអាមេរិក និងជំរុញឲ្យមានការដោះស្រាយ ដល់ប្រជាពលរដ្ឋបឹងកក់យើងខ្ញុំ»។
នៅក្នុងលិខិតថ្លែងអំណរគុណ ដែលមានចុះហត្ថលេខា និងស្ថាមមេដៃរបស់តំណាងសហគមន៍បឹងកក់ ដែលបានចាកចេញ និងមិនទាន់ចាកចេញ ចំនួន៨នាក់ ឲ្យដឹងដែរថា សភាអាមេរិក បានស្នើឲ្យធនាគារពិភពលោកធ្វើ របាយការណ៍ពីការវិវឌ្ឍន៍នៃការដោះស្រាយ និងការរីកចម្រើនរបស់អ្នករស់នៅបឹងកក់ រៀងរាល់ ៤៥ថ្ងៃម្តង ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយចាប់ពីថ្ងៃទី១៣ ខែមករានេះទៅ ហើយមានរយៈពេល៩ខែ។
ជាមួយគ្នានេះដែរ តំណាងឲ្យសហគមន៍បុរីកីឡា អ្នកស្រី ស ស៊ន មានប្រសាសន៍នៅមុខស្ថានទូតអាមេរិក ថាបច្ចុប្បន្នប្រជាពលរដ្ឋដែលរងគ្រោះ មិនមានជម្រកដោយសារតែការអភិវឌ្ឍរបស់សាលារាជធានីភ្នំពេញកំពុងជួប ទុក្ខវេទនា ពិសេសក្មេងៗកើតជំងឺស្ទើរគ្រប់គ្នា។ អ្នកស្រីសំណូមពរឲ្យ សាលារាជធានីភ្នំពេញ ឈប់សន្យាខ្យល់ ហើយត្រូវប្រញាប់ដោះស្រាយជួនពួកគាត់ឲ្យបានឆាប់រហ័ស «ខ្ញុំមិនចង់នៅរងចាំបណ្តោះអាសន្នតទៅទៀតទេ ពីព្រោះពួកខ្ញុំសព្វថ្ងៃឈឺថ្កាត់ច្រើនណាស់ ដោយសារការដោះស្រាយរបស់សាលាក្រុង។ គាត់ថាសម្អាតឲ្យពួកបងប្អូនបុរីកីឡាខ្ញុំ រស់នៅឲ្យបានស្អាត ប៉ុន្តែផ្ទុយទៅវិញ បែរជាបងប្អូនប្រជាពលរដ្ឋខ្ញុំត្រូវរងនូវការឈឺថ្កាត់ ក្មេងៗឈឺយ៉ាងច្រើន ដោយសារគាត់មិនបានធ្វើដូចពាក្យសម្តីគាត់ទេ។ សំរាមដែលគាត់ថាប្រមូឲ្យលស្អាតនោះ គាត់បែរជាប្រមូលសំរាមគរនៅក្នុងបរិវេណបុរីកីឡានោះ។ គាត់ដុតធ្វើឲ្យផ្សែងនោះ វាពុលទៅដល់កូនក្មេង ក្អកក្អួត។ ឥឡូវក្មេងៗដេកពេទ្យជាច្រើននាក់»។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នេះជាចំណុចវិជ្ជមានមួយដែលអាជ្ញាធរមិនរារាំងអ្នកបឹងកក់ដូចកាល មុនៗ ហើយថា នេះអាចបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាលកម្ពុជាបើកសិទ្ធិទូលាយដល់ប្រជាពលរដ្ឋ «ខ្ញុំគិតថា រដ្ឋាភិបាលប្រហែលជាលោកមើលឃើញ នូវចំនុចនេះឡើងវិញ ទើបថ្ងៃនេះ យើងមកដល់ពេលនេះ មិនឃើញមានសមត្ថកិច្ចឬក៏កម្លាំងចម្រុះ ឬក៏សន្តិសុខ ដាក់មកដើម្បីបង្ក្រាបដូចថ្ងៃមុនទេ។ ហើយប្រសិនជានៅតែអនុវត្តក្នុងការដាក់កម្លាំង ក្នុងការចាប់ ក្នុងការបង្ក្រាបនោះប្រទេសកម្ពុជាយើងក្លាយទៅជារបបផ្តាច់ការ វាលែងជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យហើយ»។
ប៉ុន្តែលោកក៏ស្នើឲ្យរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាដោះស្រាយឲ្យឆាប់ៗ ចំពោះករណីពលរដ្ឋរងគ្រោះដីធ្លី ជាក់ស្តែងដូចបឹងកក់ និងបុរីកីឡាជាដើម។
VOD មិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានទេ។
ការប្រមូលផ្តុំរបស់អ្នកបឹងកក់ រហូតដល់ម៉ោង៩ព្រឹក គេពុំឃើញមានកម្លាំងសមត្ថកិច្ចចុះទៅឃ្លាំមើល ឬបំបែកការប្រមូលផ្តុំនេះទេ ហើយនៅក្នុងដៃរបស់សកម្មជនបឹងកក់ចំនួន ៥២នាក់ មានកាន់ទង់ជាតិសហរដ្ឋអាមេរិកម្នាក់មួយ ដែលតំណាងឲ្យរដ្ឋទាំង៥២របស់អាមេរិក និងអ្នកសល់ពីនោះកាន់ទង់សាសនានៃព្រះរាជណាចក្រកម្ពុជា៕
No comments:
Post a Comment