Paris Peace Accords 23 Oct. 1991

Thursday, January 16, 2014

ទំនាក់​ទំនង ​និង​ការ​វិនិយោគ របស់ ​វៀតណាម​ នៅ​កម្ពុជា

រោងចក្រ​ផលិត​ជី កណ្ដាល ៣០៥
២៥-ធ្នូ-២០១២៖ រោងចក្រ ​ផលិត ​ជី​កសិកម្ម​ អន្តរជាតិ​ ផ្កាយ​៥ របស់ ​វៀតណាម នៅ​ស្រុក​ កៀនស្វាយ ខេត្ត​កណ្ដាល។

ទំនាក់​ទំនង ​និង​ការ​វិនិយោគ របស់ ​វៀតណាម​ នៅ​កម្ពុជា

ការ​​អនុម័ត​ គម្រោង​វិនិយោគ​ របស់ ​វៀតណាម​ នៅ​កម្ពុជា បាន​កើន​ឡើង ​រហូត​ដល់ ១០០​គម្រោង ដែល​សមាមាត្រ​ នឹង​ទឹក​ប្រាក់​ ប្រមាណ​ជិត ៣​ពាន់​លាន​ ដុល្លារ​ អាមេរិក​ នៅ​ចន្លោះ​ឆ្នាំ​ ២០០៩ ដល់​២០១៣។

RFA | 16 Jan. 2014

ប្រទេស​វៀតណាម បាន​ក្លាយ​ ជា​ដៃគូ​ ពាណិជ្ជកម្ម និង​វិនិយោគ​ សំខាន់​ ទី​បី ដែល​បាន​បង្កើត​ ការងារ​ និង​ចំណូល​ពន្ធ​ ដើម្បី ​លើក​កម្ពស់ ​សេដ្ឋកិច្ច​កម្ពុជា។  ប៉ុន្តែ​​​​​ ការ​ប្រកប​អាជីវកម្ម​​ និង​វិនិយោគ ​របស់ ​វៀតណាម ហាក់​មាន​ភាព ​មិន​ស្មោះត្រង់ និង​រួម​គ្នា ​ផ្ដាច់​មុខ ​រវាង​​​ ពាណិជ្ជករ​​ កម្ពុជា។


ចាប់​តាំង​ពី​ប្រទេស​កម្ពុជា បាន​បើក​ចំហ​សេដ្ឋកិច្ច​ចំនួន​អ្នក​វិនិយោគ និង​ពាណិជ្ជករ​បរទេស​ជា​ច្រើន​បាន​​ចូល​មក​បណ្ដាក់​ទុន។ ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នៅ​អាស៊ាន វៀតណាម​ជា​ប្រទេស​ដែល​​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា។ ការ​​​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​របស់​វៀតណាម មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ក្រៅ​ពី​ការ​វិនិយោគ​វិញ ចំនួន​ភ្ញៀវ​ទេសចរ​វៀតណាម​វិញ ក៏​មាន​បរិមាណ​​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត​ដែរ។

តំណាង​ខាង​គណបក្ស​ប្រឆាំង​បាន​រិះ​គន់​ការ​កើន​ឡើង​​ក្រុម​អ្នក​វិនិយោគ​ វៀតណាម​នេះ មិន​បាន​​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​របស់​កម្ពុជា​​ឡើយ។ ការ​វិនិយោគ​​វៀតណាម នៅ​កម្ពុជា ភាគ​ច្រើន​ផ្ដោត​លើ​វិស័យ​រុករក​រ៉ែ និង​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច។ ប៉ុន្តែ​​ការ​អះអាង​របស់​​រាជរដ្ឋាភិបាល​វិញ បាន​បញ្ជាក់​ថា​ ការ​វិនិយោគ​​វៀតណាម បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ចំណូល​ពន្ធ។

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ផ្ទុយ​គ្នា​រវាង​​អ្នក​នយោបាយ ប៉ុន្តែ​តំណាង​ខាង​វិស័យ​ឯកជន​យល់​ឃើញ​ថា​ ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​របស់​វៀតណាម​ មាន​ភាព​មិន​ប្រក្រតី ឬ​​​ពាណិជ្ជកម្ម​​មិន​ធ្វើ​ទៅ​តាម​កិច្ច​សន្យា។ ការ​​សហការ​គ្នា​លើ​ការ​ប្រកប​អាជីវកម្ម​​របស់​វៀតណាម និង​កម្ពុជា ហាក់​ទទួល​ផល​ចំណេញ​គួរ​ឲ្យ​កត់​សំគាល់​នា​ពេល​បច្ចុប្បន្ន​ ដោយ​​ការ​​ពាណិជ្ជកម្ម​នោះ ហាក់​ដូច​ជា​ការ​រួម​គ្នា​រក​ស៊ី​ផ្ដាច់​មុខ។

អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា ងួន ម៉េងតិច មាន​ប្រសាសន៍​ថា ភាគី​​របស់​កម្ពុជា និង​វៀតណាម បាន​សហការ​គ្នា​ដោយ​បែង​ចែក​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​តាម​ជំនាញ​​នីមួយ៖ «ប៉ុន្តែ ​គ្រាន់​តែ​ថា ទំនាក់​ទំនង​ការ​រក​ស៊ី​ជា​មួយ​វៀតណាម​ កម្ពុជា​យើង​មាន​ច្រើន​ដែរ។ អ្នក​ខ្លះ​ដាច់​មុខ​នោះ អ្នក​ខ្លះទៀត​ដាច់​មុខ​នេះ ពី​ក្រុមហ៊ុន​ជាមួយ​វៀតណាម ហើយ​គេ​ធ្វើ​ទៅ​ហាក់​ដូច​ជា​បាន​កាក់កប​ របស់​គេ​ដែរ រក​ស៊ី​ទៅ​វិញ​ទៅ​មក។ អ្នក​ខ្លះ​ទទួល​ភារកិច្ច​ខាង​ជី អ្នក​ខ្លះ​​ទទួល​ភារកិច្ច​ខាង​ទឹក​ដោះ​គោ ឬ​ក៏​គ្រឿង​ផ្សេងៗ វា​មាន​​គ្រប់​ជំពូក​បើ​និយាយ​ទៅ។»

លោក​ឧកញ៉ា ងួន ម៉េងតិច មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ធ្វើ​ពាណិជ្ជកម្ម ឬ​ការ​វិនិយោគ​បរទេស​នៅ​កម្ពុជា តិច​តួច​ប៉ុណ្ណោះ ​ដែល​​បង្ហាញ​ភាព​មិន​ស្មោះត្រង់ ក្នុង​នោះ​រួម​មាន​ប្រទេស​វៀតណាម និង​ប្រទេស​ចិន។ ភាព​មិន​ស្មោះត្រង់​នោះ គឺ​​​ពាណិជ្ជកម្ម​ទំនិញ​មិន​ស្រប​ទៅ​តាម​កិច្ច​សន្យា​រវាង​ភាគី​កម្ពុជា និង​ប្រទេស​វៀតណាម។

ទោះ​ជា​យ៉ាង​ណា​​ក៏​ដោយ ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​របស់​វៀតណាម នៅ​កម្ពុជា បាន​កើន​ឡើង​យ៉ាង​ខ្លាំង​គិត​ត្រឹម​ឆ្នាំ​២០១៣។ របាយការណ៍​របស់​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ប្រទេស​វៀតណាម ជា​អ្នក​វិនិយោគ​សំខាន់​ទី​បី​នៅ​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

អំឡុង​ឆ្នាំ​២០០៩​ ដល់​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​របស់​វៀតណាម ប្រមាណ ១០០​គម្រោង​ដែល​មាន​តម្លៃ​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក។ ការ​វិនិយោគ​របស់​ប្រទេស​វៀតណាម ភាគ​ច្រើន​ផ្ដោត​លើ​​ដំណាំ​កៅស៊ូ អង្ករ ថាមពល ធនាគារ និង​វិស័យ​ធានា​រ៉ាប់រង​ជា​ដើម។

ការ​កើន​ឡើង​នេះ អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា ងួន ម៉េងតិច បាន​ពន្យល់​ថា គឺ​ដោយសារ​តែ​ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ ដែល​បាន​ផ្ដល់​ការ​ទុក​ចិត្ត​គាំទ្រ​ដល់​ក្រុមហ៊ុន​​វៀតណាម បាន​ល្អ​ប្រសើរ។ បន្ថែម​លើ​នេះ លោក​បញ្ជាក់​ទៀត​ថា ការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម ឬ​ការ​វិនិយោគ​រវាង​ប្រទេស​ជិត​ខាង គឺ​ប្រសើរ​ជាង​ធ្វើ​ពាណិជ្ជកម្ម​នៅ​ទី​ឆ្ងាយ។

លោក​ឧកញ៉ា ងួន ម៉េងតិច៖ «ព្រោះ​​យើង​មិន​អាច​រក​មិត្ត នៅ​ស្រុក​បារាំង នៅ​រុស្សី ចម្ងាយ​ព្រះឥន្ទ មក​ជួយ​យើង​ទាន់​អ្នក​ដែល​នៅ​ជិត​ខាង​ទេ។ ហើយ​ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​យើង​ក៏​ជឿ​ទៅ​តាម​ហ្នឹង ហើយ​បង​ប្អូន​ខ្មែរ​​យើង​អ្នក​រក​ស៊ី ក៏​វា​ទៅ​តាម​ហ្នឹង​ដែរ។ មាន​តែ​អ្នក​ដែល​អត់​បាន​រក​ស៊ី​ទេ ដែល​គាត់​​អត់​បាន​គិត​ថា អ្នក​ជិត​ខាង​យើង ជា​មនុស្ស​ដែល​គាំទ្រ​យើង​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​យើង។»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រទេស​វៀតណាម​និង​កម្ពុជា ​បាន​បង្កើត​ឱកាស​វិនិយោគ​​និង​ពាណិជ្ជកម្ម​នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​បាន​បង្កើត​សន្និសីទ​សម្រួល​ពាណិជ្ជកម្ម​​ដែល​ចូល​ពី​ថ្នាក់​ដឹក​នាំ​ រវាង​ប្រទេស​ទាំង​ពីរ។

នៅ​ដើម​ឆ្នាំ​២០១៤​នេះ លោក​នាយករដ្ឋមន្ត្រី​វៀតណាម​​និង​កម្ពុជា បាន​ចូល​រួម​សន្និសីទ​ពាណិជ្ជកម្ម​លើក​ទី​បួន​នៅ​ភ្នំពេញ ក្នុង​នោះ​ក៏​បាន​ចូល​រួម​សម្ពោធ​ក្រុមហ៊ុន​វៀតណាម មួយ​ចំនួន​​​​ដែរ។ បន្ថែម​លើ​នេះ​ ប្រទេស​វៀតណាម បាន​​វិនិយោគ​ទឹក​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​ទៀត​លើ​ការ​​សាង​សង់​ផ្សារ ​រោងចក្រ​ផលិត​ជី ការ​កែច្នៃ​ចំណី​អាហារ​នៅ​ប្រទេស​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​សេដ្ឋកិច្ច​បាន​ពន្យល់​ថា ការ​វិនិយោគ​​និង​ពាណិជ្ជកម្ម​បរទេស​បាន​ផ្ដល់​ឲ្យ​កម្ពុជា ទាំង​ផល​វិជ្ជមាន​និង​អវិជ្ជមាន ប៉ុន្តែ​សម្រាប់​ស្ថានភាព​សេដ្ឋកិច្ច​​បច្ចុប្បន្ន​ គឺ​កម្ពុជា​ត្រូវ​ការ​វិនិយោគ​និង​ការ​សហការ​ពាណិជ្ជកម្ម​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​ឧស្សាហកម្ម​ក្នុង​ស្រុក។ ប៉ុន្តែ​​ស្ថាប័ន​ផ្ដល់​ជំនួយ​​អភិវឌ្ឍ​ដល់​កម្ពុជា បាន​រក​ឃើញ​ថា​ ការ​ទាក់​ទាញ​អ្នក​វិនិយោគ​និង​ពាណិជ្ជករ​បរទេស​ហាក់​នៅ​មាន​កម្រិត។

អនុ​ប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា លោក ភីតធើ ប្រ៊ីមបល (Peter Brimble) បាន​អះ​អាង​ថា កម្ពុជា​មាន​បញ្ហា​ប្រឈម​​ជា​ច្រើន​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ វិនិយោគ​​បរទេស។ ការ​វិនិយោគ​​មួយ​ចំនួន​ជា​ការ​វិនិយោគ​ផ្ដាច់​មុខ ឬ​រួម​គ្នា​ផ្ដាច់​មុខ​​ដោយ​ការ​​សហការ​គ្នា​រវាង​​​អ្នក​វិនិយោគ​បរទេស​នឹង ​ក្នុង​ស្រុក។

បន្ថែម​លើ​នេះ វិស័យ​ឯកជន​និង​អ្នក​វិនិយោគ​បរទេស​​ដែល​​ប្រកប​អាជីវកម្ម​ត្រឹម​ត្រូវ​នៅ​ កម្ពុជា​វិញ បាន​រិះគន់​ថា បញ្ហា​ចម្បង​ដែល​រាំងស្ទះ​ដល់​ការ​ធ្វើ​អាជីវកម្ម​​និង​វិនិយោគ​របស់​ពួក​គេ ​​នៅ​កម្ពុជា រួម​មាន​អំពើ​ពុក​រលួយ និង​របប​ការិយាធិបតេយ្យ​គ្មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល៕








No comments:

Post a Comment