Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

គណបក្ស​ សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​ មហា​បាតុកម្ម​ និង​ហែ​ក្បួន​ រាល់ថ្ងៃ ចាប់ពី​ដើម​សប្តាហ៍​ក្រោយ​ទៅ​

គណបក្ស​ សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​ មហា​បាតុកម្ម​ និង​ហែ​ក្បួន​ រាល់ថ្ងៃ ចាប់ពី​ដើម​សប្តាហ៍​ក្រោយ​ទៅ​


ដោយ៖​ ពេជ្រ សុធារី​ / វិទ្យុវីអូឌី | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014

បាតុកម្មរបស់​គណបក្សសង្គ្រោះជាតិ​ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​នា​ពេល​​កន្លង​មក (រូបថត ពេជ្រ សុធារី)
​​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​មហា​បាតុកម្មអហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៦​ខែ​មករា​តទៅ ដើម្បី​ទាមទារ​កំណែ​ទម្រង់ការ​បោះឆ្នោត និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​។​
​នៅក្នុង​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ជូន​អភិបាល​សាលា​រាជធានី​ភ្នំពេញ ស្តី​ពី​ការជូនដំណឹង​ពី​ការបន្ត​ធ្វើ​មហា​បាតុកម្ម និង​ការហែក្បួន​ដោយ​សន្តិវិធី ចុះ​ថ្ងៃ​ទី​០៣​ខែ​មករា​ឆ្នាំ​២០១៣ បានឲ្យដឹងថា មហា​បាតុកម្មអហិង្សា​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៧​ព្រឹក​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៦​ខែ​មករា​តទៅ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​មាន​ការសម្តែង​មតិ​របស់​បាតុករ ការសម្តែង​សិល្បៈ ចម្រៀង ការ​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ និង​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។
លិខិត​ដដែល​បន្តថា មហា​បាតុកម្ម​នេះ ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​បាតុករ​រាប់​ម៉ឺន​នាក់​ចូលរួម​។
គណបក្ស​សង្គ្រោះ​ជាតិ រំពឹងថា សាលា​រាជធានី​ភ្នំពេញ​នឹង​ជួយ​សម្រួល​ទីតាំង​មួយចំនួន​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ និង​ជួយ​បង្កលក្ខណៈ​ងាយស្រួល ដើម្បី​ធានា​ការពារ​សន្តិសុខ និង​សុវត្ថិភាព ជូន​បាតុករ​ដែល​ចូលរួម​ក្នុង​មហា​បាតុកម្មអហិង្សា​នេះ​។​
កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ផ្អាក​ការ​ដង្ហែ​ក្បួន​បាតុកម្ម នៅ​រាជធានី​ភ្នំពេញ រយៈពេល​មួយ​សប្តាហ៍ ដោយ​គ្រាន់​ជួបជុំ​បាតុករ​សម្តែង​មតិ​ដូច​សព្វដង​៕

No comments:

Post a Comment