Paris Peace Accords 23 Oct. 1991

Friday, January 3, 2014

សង្គម​ស៊ីវិល​ និង​អ្នកវិភាគ​ ថា​ការប្រើ​ យោធា​ បង្ក្រាប​បាតុកម្ម​ ផ្ទុយ​នឹង​គោលការណ៍​ គ្រប់គ្រង​រដ្ឋ​

សង្គម​ស៊ីវិល​ និង​អ្នកវិភាគ​ ថា​ការប្រើ​ យោធា​ បង្ក្រាប​បាតុកម្ម​ ផ្ទុយ​នឹង​គោលការណ៍​ គ្រប់គ្រង​រដ្ឋ​

ដោយ៖​ ថុល ស្រីលក្ខណ៍ និង​អ៊ឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014, ម៉ោង 11:33 AM​


ការបង្ក្រាបរបស់ទាហានឆ័ត្រយោងពិសេស​ ៩១១​ នៅមុខ​រោងចក្រ​យ៉ាកជីង ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤​(រូបភាពដោយ ញឹម សុខន)
សង្គម​ស៊ីវិល និង​អ្នកវិភាគ យល់ឃើញថា ការបង្ក្រាប ដោយ​កម្លាំង​ទ័ព​ឆ័ត្រយោង ទៅលើ​ការតវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គឺ​ផ្ទុយទៅនឹង​គោលការណ៍​គ្រប់គ្រង​រដ្ឋ​។
ការបន្ត​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ ត្រូវបាន​កងពល​តូច​ទ័ព​ពិសេស​ឆ័ត្រយោង ៩១១ ដែល​ដាក់​ការពារ នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង បាន​វាយ​បង្ក្រាប​បែកក្បាល​លោក វ​ន់ ពៅ និង​ចាប់ខ្លួន កម្មករ សកម្មជន​ដីធ្លី មន្ត្រី​សហជីព ព្រះសង្ឃ​៥​អង្គ​ទៀត ។



លេខា​ប្រតិបត្តិ​នៃ នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពា​រ​ សិទ្ធិមនុស្ស​កម្ពុជា (CHRAC) លោក សួន ប៊ុន​ស័ក្តិ មានប្រសាសន៍ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​ទៅ លើ​ក្រុម​បាតុករ​នៅពេលនេះ​ គឺ​កំពុង​ដើរ​ផ្ទុយ ទៅនឹង​គោលការណ៍​គ្រប់គ្រង​រដ្ឋ​។ លោក​ថា ការប្រើប្រាស់​កំលាំង​ទ័ព លុះត្រាតែ​មាន​ខ្មាំងសត្រូវ​ចូល​ឈ្លានពាន​ទឹកដី គឺ​មិនមែន​យក​មក​បង្ក្រាប​លើ​ក្រុមបាតុករ​ទាមទារ​ប្រាក់​ឈ្នួល​ដោយ​សន្តិវិធី​នោះទេ ៖
អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត សុខ ទូច បញ្ជាក់ថា ការប្រើ​កម្លាំង​​ទ័ព​បង្ក្រាប​ជាជម្រើស​​ចុងក្រោយ​របស់​អ្នកនយោបាយ តែ​ករណី​បាតុកម្ម​កាល​ពី​ម្សិលមិញ មិនមែន​ជា​ដំណាក់កាល​ចុងក្រោយ​នោះ​ទេ​។ លោក​ថា រដ្ឋាភិបាល​គួរប្រើ​កម្លាំង​​របស់​ក្រសួងមហាផ្ទៃ និង​កម្លាំង​​ប៉េអឹម ព្រោះ​ពួកគេ​ទទួលបាន​ការអប់រំ​ពី​របៀប​បង្ក្រាប​បាតុកម្ម​កូដកម្ម និង​មាន​ភារៈកិច្ច​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងនេះ​ ៖

ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​(LICADHO) លោកស្រី ពង់ ឈី​វ​កេក បានឲ្យ​ដឹង​ដែរថា រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​សន្ធិសញ្ញា​លើ​ច្បាប់​អន្តរជាតិ​មួយ​ចំនួន ស្តី​ពី​ការគោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​នៃ​ការបញ្ចេញមតិ តែ​រដ្ឋាភិបាល​កម្ពុជា​នេះ​ហាក់​មិន​ទាន់​អនុវត្តន៍​ឲ្យបាន​ប្រសើរ​ទេ​។ លោកស្រី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង មនុស្ស​ដែល​បាន​ចាប់ខ្លួន​ទាំងនោះ​មក​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​។
អតីត​សហរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ញឹក ប៊ុនឆៃ បាន​បកស្រាយ​ថា តួនាទី​របស់​កងទ័ព ​គឺ​ត្រូវ​ការពារ​ជាតិ ការពារ​បូរណៈភាព​ទឹកដី និង​ផ្តល់​ជំនួយ​ពេល​ជាតិ​ត្រូវការ​ជំនួយ​មនុស្សធម៌ គឺ​មិនមែន​សម្រាប់​បង្ក្រាប​បាតុកម្ម​នោះ​ទេ​។ លោក​ថា កងកំលាំង​ទាំង​នោះ គឺ​បាន​រៀន​ពី​យុទ្ធសាស្ត្រ​ធ្វើសង្គ្រាម ដោយ​មានបញ្ជូល​ពី​ច្បាប់​សិទ្ធិ​មនុស្ស គឺ​មិន​ជំនាញ​បង្ក្រាប​បាតុកម្ម​ទេ​ ៖ 
លោក ញឹក ប៊ុនឆៃ បន្ថែមថា រដ្ឋាភិបាល​អាច​ប្រើ​កងកម្លាំង​ទាហាន​បាន លុះត្រាតែ មាន​ហិង្សា​ខ្លាំង ឈាន​ដល់​ការដុត​បំផ្លាញ ឬក៏​ហិង្សា​ណាមួយ​ដែល​កម្លាំង​ប៉េអឹម និង​នគរបាល​មិន​អាច​ទប់ទល់​បាន ឬ​កម្លាំង​​ទាំងនោះ​នៅ​ឆ្ងាយ ហើយ​កងទ័ព​នៅ​ជិត​កន្លែងកើតហេតុ​ជាង​។
ក្រុម​សង្គម​ស៊ីវិល និង​អ្នកច្បាប់​មួយចំនួន បាន​ទម្លាក់​ការទទួលខុសត្រូវ​នៃ​វាយ​បង្ក្រាប​នេះ ទៅ​លើ​រដ្ឋាភិបាល ហើយ​បញ្ជាក់ថា អ្នកដឹកនាំ​ការបង្ក្រាប​នេះ​នឹង​ត្រូវ​ទទួលទោស​តាម​ច្បាប់​​ជាតិ និង​អន្តរជាតិ​នៅពេល​ខាងមុខ​៕

No comments:

Post a Comment