ជំទប់ទី១នៃឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មកពីគណបក្ស សម រង្ស៊ី លោក មឹក ជា រងរបួសក្នុងពេលកម្លាំងអាជ្ញាធរបង្ក្រាបក្រុមអ្នកតវ៉ានៅខាងមុខក្រសួងព័ត៌មានកាលពីថ្ងៃទី២៧ មករា ឆ្នាំ២០១៤។ (RFA / Sek Bandith)
ពលរដ្ឋ របួស ក្នុងពេល អាជ្ញាធរបង្ក្រាប ទាមទារឲ្យមានការស៊ើបអង្កេត
ដោយ សេក បណ្ឌិ / អាស៊ីសេរី | ២៨ មករា ២០១៤
ការដាក់បម្រាមហាមឃាត់នេះ បានអូសបន្លាយអស់រយៈពេលជិតមួយខែមកហើយ បន្ទាប់ពីបង្ក្រាបការតវ៉ារបស់ក្រុមកម្មករនៅលើបណ្ដោយផ្លូវវ៉េងស្រេង និងការបង្ក្រាបបាតុកម្មបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីដើមខែមករា នេះ។ ការបង្ក្រាបចុងក្រោយចំនួនពីរថ្ងៃជាប់ៗគ្នានេះ គឺការតវ៉ារបស់សហព័ន្ធសហជីពកម្មករពីបញ្ហាប្រាក់ខែ និងការតវ៉ារបស់ក្រុមលោក ម៉ម សូណង់ដូ នៅមុខក្រសួងព័ត៌មាននៅព្រឹកថ្ងៃច័ន្ទ ទី២៧ មករា បានបណ្ដាលឲ្យមានអ្នករងរបួសជាច្រើននាក់។ចំណែកក្រុមសិទ្ធិមនុស្សបានថ្កោលទោសចំពោះសកម្មភាពបង្ក្រាបដោយហិង្សានេះ។
ពលរដ្ឋរងរបួសដោយសារកងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថវាយដំឲ្យរបួសធ្ងន់នោះ ទាមទារឲ្យមានក្រុមស៊ើបអង្កេតរកជនដៃដល់ដែលបានប្រើអំពើហិង្សាវាយដំលើប្រជាពលរដ្ឋយកមកផ្ដន្ទាទោស។
លោក មឹក ជា បានឲ្យអ្នកសារព័ត៌មានដឹងទាំងឈឺចាប់មុខរបួស ឈាមប្រឡាក់ពេញមុខ ចំណែកមាត់ និងភ្នែកនៅជាប់បង់រុំមុខរបួស ហើយបានព្យាយាមរៀបរាប់ពីហេតុការណ៍កងកម្លាំងវាយដំរូបលោក។
ការរៀបរាប់បានខ្លះនេះ បន្ទាប់ពីក្រុមគ្រូពេទ្យអង្គការលីកាដូ និងក្រុមសង្គ្រោះបន្ទាន់ជម្លៀសរូបលោក និងអ្នករបួសដទៃទៀតយកមកព្យាបាលនៅតំបន់បឹងកក់។
លោក មឹក ជា បានរងរបួសក្បាលខ្លាំង បែកគល់ចិញ្ចើម បែកមាត់ចេញឈាមខ្លាំង ត្រូវខ្លួន និងជើង។
ចំណែកអ្នករត់ម៉ូតូឌុបម្នាក់ទៀត ក៏ត្រូវក្រុមបង្ក្រាបបាតុកម្មវាយដំរូបលោកឲ្យរបួសពេញខ្លួន និងបែកក្បាលឈាមហូរស្រោចពេញខ្លួនដែរ។
បុរសម្នាក់នេះឈ្មោះ សុខ នី មានមុខរបរត់ម៉ូតូឌុប។ លោកថា ការប្រើអំពើហិង្សាវាយដំលើរូបលោកនោះជារឿងអយុត្តិធម៌បំផុត ពីព្រោះលោកមិនបានចូលរួមធ្វើបាតុកម្មនោះទេ ដោយគ្រាន់តែលោកធ្វើដំណើរលើផ្លូវព្រះមុនីវង្ស ឆ្លងកាត់ក្រសួងព័ត៌មាននោះដោយចៃដន្យប៉ុណ្ណោះ។
អ្នករងរបួសដោយសារការបង្ក្រាបក្បួនតវ៉ានៅមុខក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២៧ មករានោះ មានប្រមាណជិត ១០នាក់។ អ្នកទាំងនោះទាមទាររកយុត្តិធម៌ និងគ្រោងដាក់ពាក្យប្តឹងទៅតុលាការឲ្យរកជនដៃដល់នៃការប្រើអំពើហិង្សាលើពលរដ្ឋ និងទាមទារឲ្យមានអ្នកទទួលខុសត្រូវក្នុងរឿងនេះ។
កាលពីព្រឹកថ្ងៃច័ន្ទ ទី២៧ មករា លោក ម៉ម សូណង់ដូ បានដឹកនាំក្បួនដង្ហែមួយដែលមានអ្នកចូលរួមជាច្រើនរយនាក់ ដោយចេញដំណើរពីទីលានប្រជាធិបតេយ្យនៅម៉ោងប្រមាណជាង ៩ព្រឹក។ ក្បួនដង្ហែនោះបានទម្លុះការរារាំងរបស់សមត្ថកិច្ចនៅម្ដុំស្ពាននាគខាងត្បូងវត្តភ្នំ ហើយឆ្ពោះទៅមុខក្រសួងព័ត៌មាន។
បន្ទាប់ពីក្បួនបានទៅដល់គោលដៅប្រមាណជាងកន្លះម៉ោង គឺនៅម៉ោងប្រមាណជាង ១០ព្រឹកថ្ងៃទី២៧ មករា ក្រុមអាជ្ញាធរដែលដឹកនាំដោយមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង បានប្រកាសតាមឧគ្ឃោសនស័ព្ទឲ្យពលរដ្ឋនិងបាតុករទាំងអស់ចេញពីមុខក្រសួងព័ត៌មាន និងបើកចរាចរណ៍ឡើងវិញ ដោយសមត្ថកិច្ចទាំងនោះទុកពេលឲ្យ ៥នាទី។
ក្រុមអ្នកតវ៉ាហាក់មិនអើពើចំពោះការប្រកាសជូនដំណឹងនោះឡើយ ព្រោះពួកគេមិនទាន់ទទួលបានការឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងព័ត៌មានថាយ៉ាងណានោះទេ។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណជាង ៥០០នាក់ អមទៅដោយកម្លាំងនគរបាលបង្ក្រាបបាតុកម្មរាប់សិបនាក់ រួមនឹងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ ជាច្រើនផ្សេងទៀត ត្រូវបានបញ្ជាឲ្យចូលវាយសំពងបង្ក្រាបក្រុមបាតុករដែលដឹកនាំដោយលោក ម៉ម សូណង់ដូ។
ការបង្ក្រាបនោះសមត្ថកិច្ចបានបាញ់គ្រាប់ផ្សែងជាច្រើនគ្រាប់ផង ធ្វើឲ្យស្ថានការណ៍នៅមុខក្រសួងព័ត៌មាននោះ ស្ថិតក្នុងសភាពជ្រួលច្របល់ខ្លាំងប្រៀបបាននឹងការរត់គេចចេញពីសមរភូមិសង្គ្រាមប្រដាប់អាវុធដូច្នោះដែរ។
ការបង្ក្រាបដោយហិង្សាពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ បែបនេះ ត្រូវបានមន្ត្រីសិទ្ធិមនុស្សក្នុងស្រុក និងក្រៅស្រុករិះគន់យ៉ាងខ្លាំង ព្រមទាំងបានថ្កោលទោសចំពោះការបង្ក្រាបនោះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍រិះគន់ក្រោយការបង្ក្រាបនោះថា ក្រុមអ្នកតវ៉ាព្យាយាមទាមទារនូវអ្វីដែលពួកគេចង់បាននោះដោយអហិង្សា ដោយសន្តិវិធី ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធររដ្ឋាភិបាលបានជ្រើសរើសនូវមធ្យោបាយបង្ក្រាបពួកគាត់ដោយហិង្សា ដោយប្រើប្រាស់កម្លាំងច្រើនលើសលប់វាយទៅលើក្រុមបាតុករ៖ «យើងឃើញថា ការប្រើប្រាស់នូវកម្លាំងកងរាជអាវុធហត្ថដើម្បីបង្ក្រាបទៅលើក្រុមបាតុករ...»។
ឆ្លើយតបបញ្ហានេះ មន្ត្រីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ខេង ទីតូ មានប្រសាសន៍ថា សមត្ថកិច្ចអនុវត្តតាមតួនាទីរបស់ខ្លួនក្នុងការរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
កាលពីដើមខែមករា ក្រសួងព័ត៌មាន បានប្រាប់លោក ម៉ម សូណង់ដូ ថា ក្រសួងមិនមានហ្វ្រេកង់ស៍ សម្រាប់ផ្ដល់ជូនវិទ្យុសំបុកឃ្មុំឡើយ។
ការបង្ក្រាបការតវ៉ានេះ មិនមែនជារឿងចៃដន្យឡើយ ពីព្រោះសាលារាជធានីភ្នំពេញ បានច្រានចោលសំណើសុំធ្វើបាតុកម្មរបស់ប្រធានវិទ្យុសំបុកឃ្មុំ ដោយអោយលោក ម៉ម សូណង់ដូ លើកពេលធ្វើបាតុកម្ម និងត្រឡប់ទៅពិភាក្សាជាមួយក្រសួងព័ត៌មាន ម្ដងទៀត។
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមានមុនការធ្វើបាតុកម្មនេះ ៣ថ្ងៃថា ប្រសិនបើលោក ម៉ម សូណង់ដូ នៅតែចចេសធ្វើបាតុកម្មនោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់៕
No comments:
Post a Comment